| ប្រាក់ចាយអស់ទៅ | ព្រោះមនុស្សឥឡូវ | អុត្បាតចង្រៃ | |
| ជាតិខ្មែរប្រែភេទ | ក្រលែតក្រលៃ | ក្រលាស់សាសន៍សៃយ | |
| សព្វសត្វនានា។ | |||
| ជាតិខ្មែរប្រែខុស | ស្រីក្លែងធ្វើប្រុស | ប្រុសក្លែងធ្វើជ្វា | |
| យកប្ដីប្រពន្ធ | មិនស្គាល់មីងមា | បុណ្យទានការងារ | |
| កាប់គ្នាឥតក្រែង។ | |||
| ល្ងង់រិកធ្វើចេះ | គោចងត្រដោកសេះ | ប្រុសៗដុះស្នែង | |
| ស្រីពាក់អាវខ្លី | ប្រុសពាក់អាវវែង | សារុងហៀរកែង | |
| ធ្វើឯងអ្នកគ្រាន់។ | |||
| កាន់ចិត្ដសីហលោ | សេះទឹមនឹងគោ | ចាក់ហ៊ោលាន់ៗ | |
| រកស៊ីមួយថ្ងៃ | ចង់បានមួយពាន់ | បរគោជល់មាន់ | |
| ចាក់កាប់ជាប់គុក។ | |||
| ២០៥- | រីល្បែងបៀប៉ោ | ច្រើនទៅជាចោរ | ប្រកាសហាមទុក |
| ចូរកូនប្រយ័ត្ន | ប្រយោជន៍ទៅមុខ | ចាំជាទំនុក | |
| ដំណកូនចៅ។ | |||
| អ្នកកុំប្រហែស | រាជការនិរទេស | កំចាត់ចេញទៅ | |
| រាជការអាណិត | ខំប្រិតប្រដៅ | កុំលោភល្ងង់ខ្លៅ | |
| ថោកផៅត្រកូល។ | |||
| ប្រយ័ត្នក្រែងក្រ | ផ្លូវច្បាប់ល្អៗ | អ្នកខំប្រមូល | |
| ផ្លូវវៀចអាក្រក់ | អ្នកកុំដើរចូល | ហៅផ្លូវមិនស្រួល | |
| លង់ផុតគំនិត។ | |||
| ដើរផ្លូវកណ្ដាល | ស្រលាញ់ស្និតស្នាល | ឈឺឆ្អាលដោយពិត | |
| មគ្គផលសីលទាន | ឈានចូលឲ្យជិត | យកធម៌ជាមិត្រ | |
| មិនឥតអំពើ។ | |||
| មនុស្សម្នាក់ច្រើនឆោត | ច្រើនគ្មានគេកោត | ឈឺគ្មានគេមើល | |
| ស្លាប់ឥតគេព្រួយ | គេជួយទាំងស្ទើរ | មិនដែលឡើងលើ | |
| ច្រមុះចុះក្រោម។ | |||
| ២១០- | កូនចៅស្រីៗ | ក្រមុំសាវខ្ចី | រៀនឆោតឲ្យល្មម |
| ប្រុសស្មើម៉ែឪ | ឆូវឆប្រលោម | មើលរូបមើលឆោម | |
| កុំព្រមដោយងាយ។ | |||
| កុំក្និចក្នក់ក្នាញ់ | បើចិត្ដស្រលាញ់ | កុំចេញនិយាយ | |
| បើស្អប់កុំប្ដឹង | បើខឹងកុំធ្លាយ | កុំរោះកុំរាយ | |
| កុំងាយធ្វើស្និទ្ធ។ | |||
| កុំដើរប្រាប់គេ | កុំអាងអួតជេរ | ក្រែងប្រុសឈឺចិត្ដ | |
| នៅឲ្យតែនឹង | កុំរវល់ធ្វើស្និទ្ធ | ប្រុសនឹងអាណិត | |
| គិតចូលដណ្ដឹង។ | |||
| បើម៉ែឪឲ្យ | មើលមុខមើលក្រោយ | អាក្រក់ខ្មៅឆ្អឹង | |
| ប្រកែកដោយស្ងាត់ | កុំខ្លាចម្ដាយខឹង | កើតកូនមកតឹង | |
| ពិបាកចាយណាស់។ | |||
| កុំឃ្លានចំណី | កុំខ្លាចអត់ប្ដី | កុំភ័យខ្លាចចាស់ | |
| មើលមុខឯងផង | កុំរើសឥតខ្មាស | ខ្លួនល្អស្រលះ | |
| មិនខ្វះគេស្ដី។ | |||
| ២១៥- | បើបានជាខូច | ទាន់ផើមនៅតូច | ខែពីរខែបី |
| រវៀសឆ្លើយប្រញាប់ | ប្រាប់គ្នាស្រីៗ | កុំលាក់ធ្វើអី | |
| ក្នុងតែគេដឹង។ | |||
| កុំមាយាបេះក្រូច | មារយាទចេះតែខូច | មាត់ចេះតែខឹង | |
| គេថាត្រង់ណា | ជេរគេត្រង់ហ្នឹង | ជេរហើយខំប្រឹង | |
| យកថ្មសង្កត់។ | |||
| រំលាយរំលូត | អាក្រក់តែគូទ | អួតល្អតែមាត់ | |
| មានគេឃើញច្បាស់ | ម្នះរឹងហ៊ានស្បថ | ទោសនេះនឹងភ្លាត់ | |
| ធ្លាក់ទៅអវចី។ | |||
| ចោរកាចល្ងង់ខ្លៅ | ប្រាជ្ញប្រាមប្រដៅ | ហៅបារាជិកស្រី | |
| មេបាគេកាច់ | ស្លាប់ពីរស្លាប់បី | រំលូតកូនខ្ចី | |
| ស្មើរំលាយព្រះ។ | |||
| មានកាលមានក្ស័យ | ខ្វិនជើងខ្វិនដៃ | កខ្វេះកខ្វាស | |
| ខ្វាក់ភ្នែកអន្ធការ | អនិច្ចារូបណាស់ | អាក្រក់កេរ្ដិ៍ខ្មាស | |
| តកូនតចៅ។ | |||
| ២២០- | អសោចសុសសាយ | សុសសព្វដល់ម្ដាយ | ដល់ពូជពង្សផៅ |
| ស្លាប់ទៅរងទុក្ខ | នរកឋានក្រៅ | គេស្រុះទឹកក្ដៅ | |
| ស្លាប់ទៅរស់ទៀត។ | |||
| ស៊ីខ្ទះឈាមឯង | ព្រះអង្គសំដែង | ថាម៉ឺនសែនជាតិ | |
| ឡើងមកជាប្រេត | ហេតុកម្មមិនឃ្លាត | អត់ឃ្លាតគ្មានញាតិ | |
| ហែកកូនឯងស៊ី។ | |||
| ព្រះពុទ្ធលែងប្រោស | ធម៌លែងសន្ដោស | សោយទុក្ខវក់វី | |
| ហេតុចិត្ដឫ្យា | មិច្ឆាទិដ្ឋី | កើតជាជ្រូកញី | |
| គេគ្រៀវគេចាក់។ | |||
| អសង្ខេយ្យឆ្នាំ | ហេតុផលសេសកម្ម | កើតជាមនុស្សខ្វាក់ | |
| មនុស្សខ្វិនទ្រែមទ្រម | ជាគមជាគាក់ | ខ្ទើយឆ្កួតអបលក្ខណ៍ | |
| ជាអ្នកឥតប្ដី។ | |||
| បើម្ដាយជួយព្រួត | ជួយនាំរំលូត | រំលាយកូនខ្ចី | |
| នរកប្រេតព្រមគ្នា | មិនឃើញរស្មី | ត្បិតចិត្ដតិរ្ថិយ | |
| ទាំងម្ដាយទាំងកូន។ | |||
| ២២៥- | ហេតុនេះគួរខ្លាច | ធម្មតាចោរកាច | មិនដែលស្ងាត់សូន្យ |
| អសោចកេរ្ដិ៍ឈ្មោះ | ទាំងអស់បងប្អូន | មេបាតាដូន | |
| កាត់កាលលែងរាប់។ | |||
| គួរប្រុងអិរិយា | កើតទាន់សាសនា | ហៅមហាមានភ័ព្វ | |
| ទាំងស្រីទាំងប្រុស | កុំបីឲ្យធ្លាប់ | គួរខំរៀនផ្គាប់ | |
| បរលោកលោកិយ។ | |||
| ឯខុសនឹងគាប់ | បើនឹងរៀបរាប់ | រាល់រូបប្រុសស្រី | |
| គាប់ខុសនៅចិត្ដ | ខុសគាប់នៅស្ដី | គំរប់ជាបី | |
| ខុសត្រូវនៅកាយ។ | |||
| កូនប្រុងប្រព្រឹត្ដ | ការកេរ្ដិ៍ឲ្យជិត | គំនិតឲ្យឆ្ងាយ | |
| កើតមកជាខ្មែរ | កុំប្រែក្លែងក្លាយ | ធម្មតាសប្បាយ | |
| វាតែងឲ្យទុក្ខ។ | |||
| ឲ្យទោសឲ្យទែង | ទាស់តែម្នាក់ឯង | ដល់ម្ដាយឪពុក | |
| រីឯរឿងទោស | មានតែពីរមុខ | មួយនៅនរក | |
| មួយនាលោកិយ។ | |||
| ២៣០- | លោភោទោសោ | កើតពីមោហោ | រាល់រូបប្រុសស្រី |
| គួរកាន់មេត្ដា | កតញ្ញូខន្ដី | នេះជាបាលី | |
| ទៅកាន់បរលោក។ | |||
| ពាក្យពិតប្រដៅ | ឲ្យអស់កូនចៅ | ប្រព្រឹត្ដរៀនយក | |
| កូនណាមិនរៀន | កូននឹងមារយាទថោក | នឹងធ្លាក់ជ្រុលជ្រក | |
| ក្នុងចតុបារាយ។ | |||
| ធំស្រេចនៅស្លូត | សុខខ្លួនរហូត | ដរាបវែងឆ្ងាយ | |
| ខន្ដីអំណត់ | សង្កត់ក្នុងកាយ | ជាតិជនទាំងឡាយ | |
| កំរកាន់បាន។ | |||
| ចេះហើយមិនដឹង | ចិត្ដនៅម្នះរឹង | ប្រឹងរកកម្មដ្ឋាន | |
| រកធម៌មិនយល់ | ខ្ជិលខ្វល់ឈប់ខាន | បន្ទោសបុរាណ | |
| ថាគ្មាននិស្ស័យ។ | |||
| រីបាបនិងបុណ្យ | មានចិត្ដជាមុន | មាត់ជាបច្ច័យ | |
| នាំចុះនាំឡើង | ពីជើងពីដៃ | សន្សំសព្វថ្ងៃ | |
| ឈ្មោះហៅសំណាង។ | |||
| ២៣៥- | កើតក្នុងលោកិយ | រាល់រូបប្រុសស្រី | មានចិត្ដមានអាង |
| កុសលអកុសល | ប្រទាញសងខាង | រូបនៅតេងតាង | |
| តែងតាមទៅមក។ | |||
| មគ្គផលសីលទាន | បើល្ងង់ឲ្យរៀន | បើគ្មានឲ្យរក | |
| យល់ល្អសាងស្អាត | សង្វាតជ្រៀតជ្រក | ជ្រើសរើសរៀនរក | |
| រក្សារូបកាយ។ | |||
| នេះជាហៅច្បាប់ | ជាទីសណ្ដាប់ | សណ្ដានទាំងឡាយ | |
| កូនចៅប្រុសស្រី | កុំបីនឿយណាយ | សង្ខេបបរិយាយ | |
| និដ្ឋិតំចែងចប់។ | |||
| អ្នកព្រះភិរម្យ | អាចារ្យង៉ុយខ្ញុំ | បង្គំម្រាមដប់ | |
| លើសលស់ឆ្គាំឆ្គង | រំលងពុំគាប់ | ពុំគួរសមសព្វ | |
| សុសសាយសេចក្ដី។ | |||
| កាយកម្មវចីកម្ម | ឈ្មោះច្បាប់បណ្ដាំ | កូនចៅប្រុសស្រី | |
| ជាបរមត្ថក្រៅ | មិនហៅបាលី | បរលោកលោកិយ | |
| ទាំងពីរកន្លែង។ | |||
| ២៤០- | បើលោកឯណា | ចេះចាំធម៌អាថិ | ប្រាកដជាក់ស្ដែង |
| ឃើញខុសត្រង់ណា | កុំថាជាល្បែង | ដ្បិតពាក្យខ្ញុំតែង | |
| ឲ្យក្មេងវាភ័យ។ | |||
| មិនមែនភរភូត | កុំថាខ្ញុំអួត | ប្រាជ្ញាខ្ញុំវៃ | |
| ឃើញមនុស្សវង្វេង | ខ្ញុំតែងច្បាប់ថ្មី | អស់អាថិសេចក្ដី | |
| អេវំចប់ហោង៕ |
Sunday, December 1, 2013
ច្បាប់ល្បើកថ្មី (ចប់)
ច្បាប់ល្បើកថ្មី (៥)
| អ្នកប្លន់អ្នកលួច | ឆក់បានតិចតួច | បានគ្រាន់បើដែរ | |
| ដល់គេឃើញមុខ | ត្រូវគុកច្រើនខែ | អាក្រក់ដល់ម៉ែ | |
| ខូចកេរ្ដិ៍ដល់ឪ។ | |||
| ចង់ខ្ពស់បានទាប | ចចើងចង់លាភ | រែងបាត់ធនទៅ | |
| ពាក្យពីបូរាណ | លោកអានតំរូវ | រិកមនុស្សឥឡូវ | |
| ត្រូវតាមតំរាយ។ | |||
| អ្នកលួចអ្នកប្លន់ | ចង់បានប្រពន្ធ | ចេញជួញស្រុកឆ្ងាយ | |
| ទិញងារមេស្រុក | សូកធ្វើចៅហ្វាយ | ចង់ថ្កើងសប្បាយ | |
| ចាយប្រាក់រាជការ។ | |||
| ឆបាំងបំបាត់ | លួចបានដោយស្ងាត់ | អាងមានប្រាជ្ញា | |
| ក្រលេកថ្នាំងដៃ | កាលៃបោះត្រា | ទាស់ភ្នែកទេវតា | |
| រក្សាផែនដី។ | |||
| ១៦៥- | មួយទៀតទូរជន | ធ្វើបាបបានបុណ្យ | គឺបុណ្យមន្រ្ដី |
| ទោសទៅចងចាប់ | កាប់ឥតប្រណី | បានបុណ្យមន្រ្ដី | |
| ព្រោះបុណ្យធ្វើបាប។ | |||
| អំពើទាំងអស់ | កុំសាងឲ្យសោះ | ចៀសវាងដរាប | |
| កាន់សីលព្រះពុទ្ធ | ឱនលុតឱនក្រាប | បើក្រដុនដាប | |
| មានទេវតាជួយ។ | |||
| កូនអើយទេវតា | ស្ថិតសព្វព្រឹក្សា | រងោករងួយ | |
| មនុស្សទ្រូស្ដឫ្យា | ឯណានិមួយ | ទេវតាពុំជួយ | |
| ចំណាំស្គាល់មុន។ | |||
| មិនដែលកំបាំង | រាជការបារាំង | គេចាប់ដាក់គុក | |
| ដល់ខ្លួនស្លាប់ទៅ | នៅរងសោយទុក្ខ | សោយទោសនរក | |
| ទាំងពីរកន្លែង។ | |||
| នរកបារាំង | មានខ្សោយមានខ្លាំង | មានខ្លីមានវែង | |
| នរកយម្ភបាល | គេផ្ចាលឥតក្រែង | ព្រះអង្គសំដែង | |
| ថាលានកោដិឆ្នាំ។ | |||
| ១៧០- | ហេតុនេះគួរវាង | គួរចាលគួររាង | គួរចងគួរចាំ |
| គួរកុំធ្វើបាប | ដរាបខ្លាចកម្ម | គួរកាន់សីលប្រាំ | |
| បណ្ដាំសាសនា។ | |||
| ហៃកូនចៅអើយ | ក្រលាប់អស់ហើយ | មិនដូចដូនតា | |
| ភ្លៀងជនខែប្រាំង | រាំងខែវស្សា | ឆ្នាំវករកា | |
| ត្រីស័កនេះឯង។ | |||
| រនោចផល្គុន | រកាពីមុន | ឯកស័កជាក់ស្ដែង | |
| ក្នុងខ្នើតផល្គុន | ជនគ្រប់កន្លែង | ទាំងគេទាំងឯង | |
| ធ្វើស្រែមិនបានផល។ | |||
| ឆ្នាំរោងឆស័ក | វិសាខភ្លៀងធ្លាក់ | ពីររោចសំគាល់ | |
| យប់ថ្ងៃអាទិត្យ | ងងឹតព្យុះខ្យល់ | ភ្លៀងជន់ពេញថ្នល់ | |
| ពេញវាលតូចធំ។ | |||
| ពេញអូរពេញជ្រោះ | ដើមឈើទាបខ្ពស់ | រលុះរលំ | |
| ឫ្សីស្រុកយើង | រលើងទាំងគុម្ព | ទើបគ្រាប់វាផ្ដុំ | |
| ផ្ដួចដុះជាថ្មី។ | |||
| ១៧៥- | ឆ្នាំចកុរជូត | រាំងរីងរហូត | គ្រប់ឆ្នំាទាំងបី |
| កើតទាំងជំងឺ | ស្លាប់មនុស្សប្រុសស្រី | ខាលថោះអស់ភ័យ | |
| ធ្វើស្រែស្រូវបាន។ | |||
| ភ្លៀងឆ្នាំម្សាញ់ | រលីងក្បាលក្រាញ់ | ត្រូវតាមបុរាណ | |
| កត្ដឹកជន់វាល | រាលសព្វស្មសាន | អ្នកស្ទឹងប៉ុន្មាន | |
| រលួយស្រូវអស់។ | |||
| ដាច់ថ្នល់ខានដើរ | រាជការគេប្រើ | ទាំងចាស់កំលោះ | |
| មមែរងកម្ម | បញ្ចាំកេរ្ដិ៍កោះ | គ្មានអ្វីស៊ីសោះ | |
| ដាច់ពោះក្សិណក្ស័យ។ | |||
| ខែចែត្រឆ្នាំវក | ស្រលះពពក | កើតមានសម័យ | |
| ជាហេតុអស្ចារ្យ | សុរិយាល្ងាចថ្ងៃ | អុត្បាតង្រៃ | |
| ឃើញសត្វអ្វីហោះ។ | |||
| ពីជើងទៅត្បូង | ចាស់ក្មេងមើលច្រូង | បានឃើញទាំងអស់ | |
| មើលមិនស្គាល់ជាក់ | ធ្លាក់ចំចន្លោះ | បាត់ឈឹងសូន្យសោះ | |
| មិនដឹងទៅណា។ | |||
| ១៨០- | កាលមុននោះមក | ខែបុស្សឆ្នាំវក | លែងមានប្រាជ្ញា |
| មានតែមេស្រុក | វាស់បែងក្រឡា | ដីមួយហិតា | |
| ត្រូវសែសឹបថាំង។ | |||
| រង្វាន់មេស្រុក | ត្រូវហូតមួយទុក | ដប់ជូនបារាំង | |
| ទៅដល់ប៊ុយរ៉ូ | បង្ហូរដាក់ឃ្លាំង | ពូជពីរកន្ដាំង | |
| ក៏ជាប់ពន្ធដែរ។ | |||
| គ្មានធូរគ្មានតឹង | កូនអើយខំប្រឹង | ជាតិឯងជាខ្មែរ | |
| ក្មេងប្រុសជំទង់ | នៅក្នុងឪម៉ែ | រាជការប្រិតប្រែ | |
| ថាឲ្យបង់ប្រាក់។ | |||
| កូនចៅប្រុសស្រី | កើតមកលើដី | ខំរកលុយកាក់ | |
| បានហើយប្រឹងខំ | ផ្សំគ្នាទុកដាក់ | គ្រាន់ទិញស្លៀកពាក់ | |
| បង់ថ្លៃរាជការ។ | |||
| ភទ្របទឆ្នាំច | ចាប់គោខ្មៅស | ដុតដែកបោះត្រា | |
| ដល់កុរជូតឆ្លូវ | តំរូវយ៉ាងណា | នឹងកើតអស្ចារ្យ | |
| រហូតរាល់ឆ្នាំ។ | |||
| ១៨៥- | នគរថ្កើងប្លែក | សប្បាយតែភ្នែក | ក្នុងចិត្ដរងកម្ម |
| កូនប្រុសបណ្ដាច់ | កុំភ្លេចបណ្ដាំ | កប្បាសសូត្រថ្នាំ | |
| ត្រីម៉ាំលែងថោក។ | |||
| ដូងស្លាអំពៅ | អំបិលស្ករស្រូវ | មានទៅមានមក | |
| មានចុះមានឡើង | រាស្រ្ដយើងល្មមយក | ល្មមរេលៃលក | |
| គួរយកគួរខាន។ | |||
| កប្បាសនិងថ្នាំ | គួរដាស់ដីដាំ | ធ្វើដៃឯងបាន | |
| កុំអាងខ្ជិលពេក | កុំដេកឈប់ខាន | កុំចោលបុរាណ | |
| ម៉ែឪដូនតា។ | |||
| ដីកេរគរគោក | កុំអាងខ្ជិលជោក | ទៅឈ្ងោកចិនផ្សារ | |
| កូនចៅស្រីៗ | ខំរៀនធ្វើការ | បើគ្មានប្រាជ្ញា | |
| មានមាត់ចេះស្ដី។ | |||
| ឲ្យសួរចាស់ៗ | រៀនបោះកប្បាស | ថ្ពេចមូរសំលី | |
| រៀនកូតរៀនការ | ត្រសារពាត់រវៃ | ហូលគោមគាតក្ដី | |
| កុំបីចន្លោះ។ | |||
| ១៩០- | រៀនថ្កររៀនត្បាញ | ឲ្យចាស់បង្ហាញ | បង្ហាត់ទាំងអស់ |
| សំពត់បែបងាយ | លាយសូត្រអំបោះ | កុំទិញគេសោះ | |
| ឈ្មោះការជាស្រី។ | |||
| ទិញដូរតែលាក់ | អញ្ជុលចេសចាក់ | ព្រហូតជាបី | |
| ធ្មេញឈើឈ្នាន់ផ្សំ | ក្ដារមូរក្ដារកី | ត្រល់ខ្នារឫ្សី | |
| មុខប្ដីជាប្រុស។ | |||
| តាំងពីឆ្នាំច | ការអ្វីក្រៗ | ខំរៀនទៅចុះ | |
| ទាន់មានចាស់នៅ | ស្គាល់ត្រូវស្គាល់ខុស | ចាស់ស្លាប់រលស់ | |
| គ្មានមនុស្សចេះដឹង។ | |||
| រកស៊ីឲ្យញឹក | ដេកយប់រលឹក | រឹតក្បិនឲ្យតឹង | |
| បើភ្ញាក់កាលណា | កាន់ការកាលនឹង | កូនអើយខំប្រឹង | |
| ទាំងប្រុសទាំងស្រី។ | |||
| រមៀតស្លឹកគ្រៃ | ជីរម្ទេសខ្ទឹមខ្ញី | មានដីដាំចុះ | |
| ដាំដើមអ្វីៗ | ចំណីគ្រប់ឈ្មោះ | គ្រឿងស៊ីឆ្អែតពោះ | |
| ជុះចោលទទេ។ | |||
| ១៩៥- | ជុះទិសខាងជើង | ជុះដាក់ដីយើង | កុំជុះដីគេ |
| កុំជុះដាក់ផ្លូវ | ត្រូវមាត់ក្មេងជេរ | ដីសល់ទំនេរ | |
| ល្មមមាត់ជុះទៅ។ | |||
| សក់មួយជាដប់ | ជ្រៀតសិតឲ្យសព្វ | កុំឲ្យសល់នៅ | |
| បើប្រាជ្ញារាក់ | ចាក់ចិត្ដឲ្យជ្រៅ | ដាំចេកអំពៅ | |
| ដូរស្រូវអង្ករ។ | |||
| កើតមកជាមនុស្ស | មួយព្រួយចង់រស់ | មួយព្រួយចង់ល្អ | |
| ពីនេះជាធំ | វានាំឲ្យក្រ | ចាំជាតំណ | |
| តជាទំនុក។ | |||
| មនុស្សមារយាទមិនប៉ិន | កូននៅខ្ញុំចិន | ព្រោះម្ដាយឪពុក | |
| ធ្វើស្រែមិនត្រូវ | គ្មានស្រូវជង្រុក | កូនអើយចាំទុក | |
| នេះមុខមេក្រ។ | |||
| មេ១ជាធំ | កំលោះក្រមុំ | ស្លៀកពាក់ចង់ល្អ | |
| បើបានបែបខ្មៅ | ថានៅបែបស | ទើបគ្រាន់អន់ក្រ | |
| ត្រដរចង់ថ្កើង។ | |||
| ២០០- | ក្រលាប់នគរ | រឹងរឹតកើតចោរ | ច្រើនឡើងច្រើនឡើង |
| ពាលរឹងក្រអើត | ចើតម៉ើតចើតម៉ើង | ក្រដាស់យ៉ាងស្ដើង | |
| ចាយរហែកនៅដៃ។ |
ច្បាប់ល្បើកថ្មី (៤)
| ប្រជែងវេលា | លឺស្គរឆ្លើយគ្នា | ប្រទប់ប្រទួន | |
| ស្រុកជិតភូមិផង | របងដោយខ្លួន | អាចារ្យអាងក្បួន | |
| ថាសុខសប្បាយ។ | |||
| កូនអើយអ្នកចាំ | យូរណាស់៤ឆ្នាំ | ព្រាត់ប្រាស់អន្ដរាយ | |
| ច្រើនស្លាប់បីនាក់ | រស់ម្នាក់មេម៉ាយ | កូនឃើញតែម្ដាយ | |
| មិនឃើញអាពុក។ | |||
| មានកាលស្លាប់ស្រី | ស្លាប់ចោលកូនខ្ចី | ប្ដីនៅរងទុក្ខ | |
| យកប្រពន្ធទៀត | កំរពេញមុខ | កូននិងអាពុក | |
| បែកគ្នាខ្ចាត់ខ្ចាយ។ | |||
| កូនចៅស្រីៗ | បើនឹងយកប្ដី | កុំយកពោះម៉ាយ | |
| សូវនៅម្នាក់ឯង | បន្លែងនឹងម្ដាយ | អាណិតរូបកាយ | |
| ស្ដាយខ្លួនក្រមុំ។ | |||
| ១២៥- | ហៅប្រុសអភ័ព្វ | ប្រពន្ធដើមស្លាប់ | មានកូនតូចធំ |
| យកឯងជាចុង | បំរុងតែយំ | ច្រើនឈ្លោះជំនុំ | |
| ព្រួយចិត្ដម៉ែឪ។ | |||
| ហៅប្រុសចិត្ដពីរ | ពិបាករកស៊ី | រញាំរញ៉ូវ | |
| ឯងនឿយស្ទើរស្លាប់ | ផ្គាប់ចិត្ដមិនត្រូវ | បីបួនរដូវ | |
| ខ្លួនឯងស្លាប់ទៀត។ | |||
| ចង្រៃខាងប្រុស | កូនអើយចាំចុះ | កុំយកខ្លួនបៀត | |
| ស្រីណាខំយក | ស្រីនោះបង់មារយាទ | ប្រុសព្រួយខ្ចប់ធាតុ | |
| ខ្ចប់គ្រប់ជាបី។ | |||
| យកទៀតជាបួន | គ្រោះដល់ស្លាប់ខ្លួន | មេម៉ាយខាងស្រី | |
| ប្រាកដមិនខុស | ប្រុសក្នុងលោកិយ | ស៊ូនៅអត់ប្ដី | |
| ស្លាប់រស់រូបមួយ។ | |||
| បើខ្លួនកំព្រា | រំពឹងមីងមា | រកស៊ីមិនព្រួយ | |
| កាន់មារយាទល្អ | មិនក្រគេជួយ | បងប្អូនកូនក្មួយ | |
| រត់ចូលឲ្យប្រើ។ | |||
| ១៣០- | ពោះម៉ាយមានបី | កុំយកធ្វើប្ដី | មិនគាប់ប្រសើរ |
| អាមួយស្រីលែង | ស្រីគេគ្រាន់បើ | ពោះម៉ាយក្លាយដើរ | |
| អាងលែងប្រពន្ធ។ | |||
| ពោះម៉ាយទាំងអស់ | កុំយកឲ្យសោះ | ហៅប្រុសទូរជន | |
| ទូរជាតិអប្រិយ | ស្រីកើតទុក្ខធ្ងន់ | ហៅមួយជំនាន់ | |
| ចំណាំមិនខុស។ | |||
| កំលោះចាស់យូរ | ចាស់ទុំគេប្ដូរ | ល្មមព្រមយកចុះ | |
| រកស៊ីមានបាន | សុខសាន្ដឥតឈ្លោះ | ចំរើនរូបរស់ | |
| អាយុយឺនយូរ។ | |||
| កុំយកប្ដីប្អូន | ថោករាសីខ្លួន | រកស៊ីមិនធូរ | |
| គេហៅឯងធំ | សមហៅគេពូ | ច្រើនខ្ជិលមូទូ | |
| ម៉េះម៉ស់នឹងល្បែង។ | |||
| វាច្រើនមើលងាយ | ហៅស្ដីនិយាយ | ហៅហងហៅឯង | |
| ខ្លួនយើងជាស្រី | ស្រដីឥតក្រែង | យល់គេប្អូនឯង | |
| ឯងមើលងាយជេរ។ | |||
| ១៣៥- | ពាក្យចាស់លោកចង | ប្ដីទុកស្មើបង | ប្រពន្ធស្មើម៉ែ |
| មើលងាយរាល់ថ្ងៃ | ចង្រៃរាល់ខែ | រកស៊ីធ្វើស្រែ | |
| ច្រើនខាតគ្រាប់ស្រូវ។ | |||
| គួរយកប្ដីបង | ពាក្យចាស់លោកចង | ទុកប្ដីស្មើឪ | |
| ខ្លួនឯងប្រមាថ | ប្រតិបត្ដិឲ្យត្រូវ | រាសីគង់នៅ | |
| ទេព្រិក្សរក្សា។ | |||
| ប្រពន្ធនិងប្ដី | ធំស្រេចនឹងស្រី | គត់គង់ភរិយា | |
| ឈ្លោះហើយច្រើនខ្សត់ | ស្រីអត់លក្ខិណា | ប្ដីខ្ជិលអុស្សាហ៍ | |
| ព្រោះរិកប្រពន្ធ។ | |||
| ជាតិស្រីមានលក្ខណ៍ | ទេវតាពុំនាក់ | កបកើតទ្រព្យធន | |
| ប្រទេចជេរវាយ | ចង្រៃទូរជន | ជួរជាតិលើសលន់ | |
| លើសលុបលើប្រុស។ | |||
| ហៅកាឡកិណី | វាយកូនជេរស្ដី | មិនដឹងត្រូវខុស | |
| បើមានភ្ញៀវមក | រឹតរករឿងឈ្លោះ | អសោចសាយសុស | |
| រង្គោះធនធាន។ | |||
| ១៤០- | រកស្រីមារយាទខ្ពស់ | ចេះខ្ពើមពាក្យឈ្លោះ | ចេះទ្រាំអត់ឃ្លាន |
| ចេះស្លូតចេះកាច | ចេះខ្លាចចេះហ៊ាន | ចេះខ្មាសចេះអៀន | |
| កាចមានប្រាជ្ញា។ | |||
| កូនចៅស្រីប្រុស | ចំណាំទុកចុះ | ទុកជាតំរា | |
| គួរយកតំរាប់ | គួរស្ដាប់ពុទ្ធដិកា | ព្រះអង្គទេសនា | |
| គាថាបួនបទ។ | |||
| រៀនត្រាប់អ្នកប្រាជ្ញ | បើចង់ឈ្នះកាច | យកស្លូតសង្កាត់ | |
| ចង់ឈ្នះមនុស្សខឹង | ឲ្យប្រឹងខំអត់ | វាជេរវាហត់ | |
| វាស្បថលែងខឹង។ | |||
| ចង់ឈ្នះអសុរោះ | ស្ដីលេងឡេះឡោះ | កុំធ្វើជាដឹង | |
| យើងស្ដីត្រង់ណា | ឲ្យចំត្រង់ហ្នឹង | ឃើញរិកយើងរឹង | |
| ខ្លាចយើងខាងក្រោយ។ | |||
| ចង់ឈ្នះកំណាញ់ | ក្រដេក្រដាញ់ | សុំអ្វីមិនឲ្យ | |
| បើបានចំណី | ហុចវាញយៗ | តិចដោយច្រើនដោយ | |
| ក្នុងតែវាដឹង។ | |||
| ១៤៥- | នេះមន្ដព្រះពុទ្ធ | ប្រាជ្ញាឲ្យមុត | ឲ្យគិតថ្លែងថ្លឹង |
| កុំកាចខុសខ្នាត | កើតខាតដ្បិតខឹង | កូនអើយខំប្រឹង | |
| កាន់ច្បាប់ទាំងបួន។ | |||
| កុំជួញរវល់ | កុំតបតទល់ | កើតទាស់គុំគួន | |
| កូនណាកាន់បាន | កូននោះសុខខ្លួន | ទោសទាស់លែងជួន | |
| លែងជួបមួយជាតិ។ | |||
| បើមនុស្សរែកទូល | មកនៅចំណូល | ញ៉េះញ៉ាស់ធ្វើញាតិ | |
| ឲ្យមើលលៃលក | កុំយកខ្លួនបៀត | វាទូលទៅទៀត | |
| អសារឥតការ។ | |||
| ចំណីចំណុក | បើឲ្យស៊ីចុក | ឲ្យដោយមេត្ដា | |
| កុំឲ្យជឿខ្ចី | ក្រែងខុសសន្យា | កើតទាស់កាលណា | |
| រើរែករត់បាត់។ | |||
| មនុស្សគ្មានកន្លែង | ខុសពីមារយាទឯង | មិនប្រុងប្រយ័ត្ន | |
| តាមទាន់តឹងទារ | វាខឹងក្ដៅក្ដាត់ | គុំគួនដោយស្ងាត់ | |
| បំភ្លាត់ឯងបាន។ | |||
| ១៥០- | ហេតុនេះគួរគិត | គួរកូនពិនិត្យ | ច្បាស់សុំរាប់អាន |
| គួរឲ្យសុំឲ្យ | គួរខានឲ្យខាន | ត្បិតពាក្យបុរាណ | |
| មានពីរចំណែក។ | |||
| ចងទុកជាក្បួន | ចិត្ដល្អក្រខ្លួន | នេះពាក្យមួយប៉ែក | |
| មួយទៀតចិត្ដល្អ | មិនក្រយូរពេក | ឆ្នាំនេះឆ្នាំ(ស្អែក?) | |
| ក្នុងតែនឹងមាន។ | |||
| ចិត្ដល្អក្រខ្លួន | ចាំទុកជាក្បួន | ជាក្បាលនិទាន | |
| ឃើញអ្នកទុរគត | កំសត់អត់ឃ្លាន | មិនស្គាល់ពោះវៀន | |
| ហ៊ានឲ្យជឿខ្ចី។ | |||
| ទៅទារមិនឲ្យ | តឹងតឿនញយៗ | ខឹងប្ដឹងកើតក្ដី | |
| ខាតទាំងទ្រព្យចាស់ | អស់ទាំងទ្រព្យថ្មី | ស្គមគោក្របី | |
| រវល់ក្ដីខាន់ថែ។ | |||
| ចិត្ដល្អមួយទៀត | មេត្រីជាញាតិ | សំដីខ្ចីស្រែ | |
| បានស្រូវស៊ីស្កប់ | ត្រលប់កាច់កែ | រំលងឆ្នាំខែ | |
| ដកហូតមិនបាន។ | |||
| ១៥៥- | ឯងប្ដឹងវា ត | ក្ដីទាល់តែក្រ | អស់ឆ្នាំងអស់ចាន |
| របស់ក៏ខាត | របរក៏ខាន | ដឹងអស់ប៉ុន្មាន | |
| ទំរាំចាញ់ឈ្នះ។ | |||
| ទ្រព្យធនអ្វីៗ | ចងការជឿខ្ចី | មើលមុខឲ្យច្បាស់ | |
| កុំចោលច្បាប់ខ្មែរ | កុំភ្លេចច្បាប់ព្រះ | តាមតែប្រទះ | |
| ប្រទាញសងខាង។ | |||
| ចាំចិត្ដកណ្ដាល | បើនឹងឈឺឆ្អាល | សប្បុរសមើលយ៉ាង | |
| រៀនស្លូតរៀនប្រាជ្ញ | កាចកុំក្អេងក្អាង | ក្រែងគ្រោះសំណាង | |
| ខ្មោចខាងវាស្អប់។ | |||
| ល្អមិនក្រយូរ | ស្វែងរៀនរកគ្រូ | ស៊ូកុំស្ដាយទ្រព្យ | |
| គ្រូវាយកុំខឹង | ឲ្យប្រឹងខំផ្គាប់ | ចេះមន្ដសាយសព្វ | |
| ត្រលប់ជាមាន។ | |||
| ធម្មតាអ្នកចេះ | អ្នកស្វែងចំណេះ | ចេះដ្បិតខំរៀន | |
| ឆ្លាក់គូរក្បូរក្បាច់ | សាច់សិល្ប៍របៀន | អ្នកខ្សត់អត់ឃ្លាន | |
| ព្រោះចិត្ដអាក្រក់។ | |||
| ១៦០- | ខូចខិលល្ងង់ខ្លៅ | គ្រូជេរប្រដៅ | ខឹងលបសំលក់ |
| របេញរបុញ | ភូតភរកុហក | ស៊ូប្លន់លួចឆក់ | |
| មិនខំធ្វើស្រែ។ |
ច្បាប់ល្បើកថ្មី (៣)
| ប្រពន្ធនិងប្ដី | អាយុវែងខ្លី | យើងមើលមិនច្បាស់ | |
| កុំយកពូជល្បែង | ពូជភ្លេងអារក្ខ | បើម្ង៉ៃបង់ប្រាក់ | |
| រកអាយុវែង។ | |||
| អំបូរពង្សពូជ | ត្រកូលធ្លាប់ខូច | វាខូចមិនលែង | |
| ពូជចោរស្រីៗ | យកប្ដីចិត្ដឯង | មិនគិតកោតក្រែង | |
| ខ្លាចចិត្ដមេបា។ | |||
| កូនចៅស្រីៗ | បើនឹងយកប្ដី | ឲ្យមើលកិរិយា | |
| មួយភ្លេងអារក្ខ | មួយអ្នកបាណា | មួយអ្នកផឹកស្រា | |
| មួយអ្នកចង់ស្រី។ | |||
| មួយអ្នកក្រមាច់ | លេងផោមលេងអាច់ | ច្រើនអាយុខ្លី | |
| ប្រកាច់ដាច់លក្ខណ៍ | ជាន់អារក្ខព្រៃ | មួយគឺមន្រ្ដី | |
| ធ្វើក្រមជំទប់។ | |||
| ៨៥- | ជំទយតែដើរ | មេស្រុកគេប្រើ | ទាំងថ្ងៃទាំងយប់ |
| មានមួកខ្វះឆ័ត្រ | កំរមានគ្រប់ | មួយទៀតកុំភប់ | |
| ជួញប្រាំប្រការ។ | |||
| ប្រាកដជាខុស | លក់សត្វទាំងរស់ | មិនចេះអនិច្ចា | |
| សព្វសត្វអ្វីៗ | បក្សីបក្សា | ព្រាត់មេព្រាត់បា | |
| ទេវតាលោកលក់។ | |||
| លោកិយនេះខ្សត់ | យម្ភបាលគេកត់ | នៅស្ថានរក | |
| មួយហួយអាប៉ោង | ប៉ោបៀគ្រប់មុខ | កូនអើយចាំទុក | |
| ក្រគ្រប់ប្រាំបី។ | |||
| ឯអ្នកទាំងអស់ | រកស៊ីម៉េះម៉ស់ | ច្រើនជាងស្រីៗ | |
| ប្រាជ្ញានោះវែង | គំនិតនោះខ្លី | ប្រពន្ធជេរស្ដី | |
| អាងឈ្លោះបំពាន។ | |||
| នេះពូជអ្នកក្រ | រស់ទាំងត្រដរ | ទាំងអត់ទាំងឃ្លាន | |
| ធ្វើគុណនឹងគេ | រកគេសងគ្មាន | ហេតុនេះកុំរៀន | |
| ទាំងប្រាំបីផ្លូវ។ | |||
| ៩០- | យ៉ាងអ្នកនេសាទ | មិនដែលសង្វាត | ធ្វើស្រែបានស្រូវ |
| ប្រព្រឹត្ដសាងកម្ម | ប្រចាំរដូវ | វង្វេងខុសត្រូវ | |
| ព្យាយាមសំលាប់។ | |||
| អន្ទាក់ជង់កុក | អង្រុតឈ្នាងឈ្នក់ | គ្រប់គ្រឿងប្រដាប់ | |
| ថ្លុកបៀត្រពាំង | ទប់បាំងបាចចាប់ | ចោលស្រូវកណ្ដាប់ | |
| កណ្ដុរកាត់អស់។ | |||
| កំពប់ខ្ចាត់ខ្ចាយ | ខូចខាតអន្ដរាយ | មិនស្ដាយស្រណោះ | |
| យប់រវល់ប្របក់ | ចង់បានត្រីរ៉ស់ | ខែភ្លឺរវល់ឆ្លុះ | |
| ដើរដេញសំពោច។ | |||
| វក់តែសប្បាយ | ដើរដេញទន្សាយ | ដើរចងសន្ទូច | |
| អំពើអស់នោះ | ច្រើនខ្វះស្រូវពូជ | ធ្វើបានតិចតួច | |
| អាងជឿគេស៊ី។ | |||
| កូនអើយបំណុល | ចងការជឿបុល | មួយឡើងជាពីរ | |
| អ្នកភ្លេងអារក្ខ | ច្រើនទឹមគោញី | ធ្វើស្រែមួយពីរ | |
| ធ្វើសោះតែខាន។ | |||
| ៩៥- | ថ្ងៃដេកក្រភ្ញាក់ | យប់លៀងអារក្ខ | ឈឺឆ្អាលសន្ដាន |
| គេស្ដីគេពឹង | នឹងឈប់មិនបាន | គេរករាប់អាន | |
| កាលមានធុរៈ។ | |||
| ផ្លុំប៉ីកូតទ្រ | ស្រែកច្រៀងវាយស្គរ | មិនបានលុយកាក់ | |
| ឯងពឹងគេវិញ | គេគ្មានជំពាក់ | ពឹងបានម្នាក់ៗ | |
| ដោយសារឲ្យថ្លៃ។ | |||
| ឡើងត្នោតភ្ជួរស្រែ | កំរទាន់គេ | ដ្បិតដេកដល់ថ្ងៃ | |
| ច្រូតកាត់ចង់ឆាប់ | ជួលគេពេញថ្លៃ | ចំណេះចង្រៃ | |
| នាំខាតធ្វើការ។ | |||
| ឯខ្មោចអារក្ខ | ស្លាប់ដប់រស់ម្នាក់ | ថ្វាយចេកថ្វាយស្រា | |
| សំពះនឹកគុណ | ខ្មោចប្រេតដូនតា | មិនដែលអ្នកណា | |
| នឹកគុណអ្នកភ្លេង។ | |||
| ឯអ្នកប្រមឹក | ប្រមូលកនផឹក | ធ្វើភឿននឹងក្មេង | |
| សំដីច្រើនតឹង | ស្រវឹងវង្វេង | ចំហរអួតក្អេង | |
| មិនចេះក្រខ្សត់។ | |||
| ១០០- | អួតទាំងបំពាន | ផឹកម្ង៉ៃលុយមាន | ផឹកម្ង៉ៃលុយអត់ |
| ឯងចេះតែកិន | ចិនគិតតែកត់ | ផឹកដល់កំណត់ | |
| យកស្រែបញ្ចាំ។ | |||
| សល់ថ្នាលមួយពីរ | វាយគោស្ងោរស៊ី | មិនគិតខ្លាចកម្ម | |
| ផឹកជ្រុលហួសល្បត់ | អត់បាយរាប់ឆ្នាំ | អស់ស្រែបញ្ចាំ | |
| បញ្ចាំកូនទៀត។ | |||
| កំណើតផឹកស្រា | ផឹកផុតមេត្ដា | ផឹកជ្រុលហួសមាឌ | |
| អ្នកមួយផឹកស្ទើរ | ល្ងីល្ងើចេះឆ្លៀត | ម្យ៉ាងផឹកផុតមារយាទ | |
| ច្រើននៅខ្ញុំចិន។ | |||
| រែកទឹកពុះអុស | វាទុញវាតុះ | ចាក់កែវផឹកសិន | |
| ស៊ូរែកខំអត់ | សំពត់ខើចក្បិន | ទំរាំបាយឆ្អិន | |
| ចិនដួសហៅស៊ី។ | |||
| ឆ្ងាញ់តែម្នាក់ឯង | ឆ្អែតហើយខំស្វែង | ខំលើកខំលី | |
| ដងទឹកស្រោចគ្រប់ | ស្រោចខ្ទឹមម្ទេសជី | ខ្ញុំចិនម្ង៉ៃពីរ | |
| វិលទៅរវាំងផ្ទះ។ | |||
| ១០៥- | ឯអ្នកចង់ស្រី | ប្រពន្ធពីរបី | ថាឯងអ្នកណាស់ |
| គន់ឯសំពត់ | តែមួយបន្លាស់ | ពាក់អាវបំណាស់ | |
| កំរមានថ្មី។ | |||
| ផ្ទះលេចវាលល្វឹង | ជញ្ជាំងចងហ៊ឹង | ស្លាធ័របាយសី | |
| ខួចប្រេងក្រមួន | ម្លូស្លាបារី | កំលោះពីរបី | |
| ចោមរោមរៀនស្នែហ៍។ | |||
| រៀនស្នាលរៀនស្និទ្ធ | កើតក្ដីពីក្ដិត | ព្រួយចិត្ដម៉ែឪ | |
| កូនអើយប្រពន្ធ | អាងមន្ដពូកែ | ត្រូវគុករាប់ខែ | |
| អស់ស្រែត្រពាំង។ | |||
| ធម្មតាប្រពន្ធ | បានដោយសីលមន្ដ | ដោយស្ងាត់កំបាំង | |
| រកស៊ីលៀនភ្នែក | បានវែកខ្វះឆ្នាំង | បានល្អីកន្ដាំង | |
| នៅខ្លះចង្អេរ។ | |||
| បាននេះខ្វះនោះ | ក្រហេតុពីព្រោះ | អាពុកម្ដាយជេរ | |
| បើចូលជំនុំ | មិនរម្យដូចគេ | អង្គុយវេះវេរ | |
| មិនហ៊ានហាលមុខ។ | |||
| ១១០- | នេះពុតអ្នកក្រ | ចាំជាតំណ | តជាទំនុក |
| ប្រយ័ត្នដំនៀល | គេដៀលអាពុក | កូនអើយចាំទុក | |
| ចាំតកូនចៅ។ | |||
| រក្សាពូជពង្ស | បើខ្លួនល្ងឹតល្ងង់ | ស្ដាប់ចាស់ប្រដៅ | |
| កុំស្អប់អ្នកប្រាជ្ញ | កុំខ្លាចអ្នកខ្លៅ | បើមនុស្សឆោតឆៅ | |
| កូនឯងកុំភប់។ | |||
| កុំភ័យខ្លាចអត់ | មើលឲ្យប្រាកដ | គួរយកគួរឈប់ | |
| គួរឈានគួរឈោង | តោងមើលឲ្យគ្រប់ | កុំចេះតែងប់ | |
| មិនស្ដាប់ឪម៉ែ។ | |||
| រកប្ដីប្រពន្ធ | ឲ្យគិតឲ្យគន់ | ឲ្យមើលថួនថែ | |
| ត្រកូលក្រខ្សត់ | ប្រាកដតាមខ្សែ | បីដូចឈើផ្លែ | |
| មិនដែលចេះក្លាយ។ | |||
| ជូរផ្អែមធំតូច | ដើមក្រូចផ្លែក្រូច | ដើមស្វាយផ្លែស្វាយ | |
| ពូជស្រីចោរក្បត់ | មិនអត់សាហាយ | ពូជស្រីមេម៉ាយ | |
| ពីម្ដាយដល់កូន។ | |||
| ១១៥- | រើសពូជមិនខុស | ពូជសាំងនិងប្រុស | ទាំងអស់បងប្អួន |
| ពូជសែនមេបា | ពីតាដល់ដូន | ពូជល្អសុទ្ធសូន្យ | |
| ពីដូនដល់ចៅ។ | |||
| រករូបមិនក្រ | អាក្រក់ហើយស | មារយាទល្អហើយខ្មៅ | |
| ស្រីក្មេងមានខ្មាស | ប្រដូចតាមផៅ | ចាស់ចង់ប្រដៅ | |
| មិនសូវខុសខាន។ | |||
| ពាក្យចាស់លោកថា | ធ្វើស្រែចំការ | ស្ដាប់មហាសង្រ្កាន្ដ | |
| ធ្វើម្ដងខុសខាត | ធ្វើម្ដងទៀតបាន | ធ្វើតាមប្រមាណ | |
| ប្រមើលទឹកភ្លៀង។ | |||
| រកប្ដីប្រពន្ធ | ឲ្យគយឲ្យគន់ | រើសរករូបរាង | |
| ពូជថ្លៃល្មមយក | ពូជថោកល្មមវាង | រូបល្អរិកល្អៀង | |
| នាងកុំប្រសព្វ។ | |||
| ជាតិស្រីនិងប្រុស | បើបានជាខុស | ខុសទាល់ថ្ងៃងាប់ | |
| បើបានរូបល្អ | កំរមានភ័ព្វ | មានខុសមានគាប់ | |
| ដូចស្រែចំការ។ | |||
| ១២០- | មួយទៀតអ្នកចាំ | អាពុកចំណាំ | ទុកជាតំរា |
| កុំយកតំរាប់ | កុំស្ដាប់អាចារ្យ | បើនឹងរៀបការ | |
| កុំការប្រធួន។ |
Saturday, August 31, 2013
ច្បាប់ល្បើកថ្មី (២)
| ៤១- | រាជ្យបារាំងសេស | កូនកុំប្រហែស | កុំថ្នមរូបកាយ |
| ដើរគិតដេកគិត | ជួញជិតជួញឆ្ងាយ | បើចង់សប្បាយ | |
| ស្រេចនៅមានទ្រព្យ។ | |||
| រាជ្យហ្លូងពីមុន | រកស៊ីរែកពុន | មានក្រតាមភ័ព្វ | |
| រាជ្យលោកឥឡូវ | ត្រូវខំឲ្យញាប់ | តែខ្ជិលច្រើនជាប់ | |
| ខ្នោះជើងខ្នោះដៃ។ | |||
| តាំងពីឆ្នាំច | ចាំជាដំណ | ទំនិញឡើងថ្លៃ | |
| ចងក្បិតឲ្យតឹង | ប្រឹងកុំសំចៃ | សញ្ជឹងយប់ថ្ងៃ | |
| កុំឲ្យក្រខ្សត់។ | |||
| បើចង់ស្រាលខ្លួន | រៀនសូត្រឲ្យមួន | ឲ្យមាំឲ្យស្ទាត់ | |
| កុំចេះស្ទាក់ស្ទើ | ល្ងីល្ងើឥតបទ | បើចេះប្រាកដ | |
| ប្រាក់រត់តាមហៅ។ | |||
| ៤៥- | កុំថ្នមកំលាំង | កាប់ជីកចូកចាំង | កុំថារងាក្ដៅ |
| រៀនអ្វីឲ្យឆ្អិន | កុំឲ្យខ្លោចឆៅ | កុំដេកតែខ្លៅ | |
| ក្រក្រៅសន្ដាប់។ | |||
| បើល្ងង់ឲ្យចេះ | រករៀនតំរិះ | រិះរកតំរាប់ | |
| អិន្រ្ទីឆ្វេងស្ដាំ | កុំចាំគេប្រាប់ | រៀនស្ដីរៀនស្ដាប់ | |
| រៀនមើលឲ្យស្ដែង។ | |||
| កើតមកជាមនុស្ស | ទាំងស្រីទាំងប្រុស | មិនដែលចេះឯង | |
| បើក្រឲ្យមាន | វិញ្ញាណចេះក្រែង | គិតគ្រប់កន្លែង | |
| កុំដេកតែក្រ។ | |||
| កុំប្លន់កុំលួច | កុំខ្ជិលកុំខូច | កុហកឆូវឆ | |
| បោកប្រាសយកប្រាក់ | ច្រវាក់ជាប់ក | កាន់មារយាទល្អ | |
| សុច្ចរិតត្រឹមត្រូវ។ | |||
| កូនអើយរកស៊ី | កកាយធរណី | ធ្វើស្រែយកស្រូវ | |
| កុំតាមអ្នកណា | បាតាមតែឪ | លើកភ្លឺជិតផ្លូវ | |
| កុំស្រាស់បន្លា។ | |||
| ៥០- | គេដើរយប់ថ្ងៃ | មុតជើងមុតដៃ | ដឹងចៀសទៅណា |
| ចៀសចុះជាន់ស្រូវ | ហើយជេរផ្ដាសា | កូនម្ដាយអាណា | |
| ស្រាស់ដើរមិនរួច។ | |||
| កុំយកគល់ឈើ | ទៅដាក់ពីលើ | ទោះធំទោះតូច | |
| ជំពប់ជើងគេ | គេថាឯងខូច | ជេរដៀលដល់ពូជ | |
| ប្រដូចមេបា។ | |||
| លើកភ្លឺឲ្យធំ | បង្ហាប់ឲ្យមាំ | គាប់ភ្នែកទេវតា | |
| ស្មើបានសង់ស្ពាន | នឹងមិនផលា | កើតសាធុការ | |
| អាយុយឺនវែង។ | |||
| កូនអើយធរណី | បើតាមគម្ពីរ | ដែលលោកសំដែង | |
| កុំចង់បានធំ | ក្រមុំឆ្វេលឆ្វែង | កុំលើកដីឯង | |
| លបដាក់ស្រែគេ។ | |||
| អំពើអាក្រក់ | មួយចំរៀកសក់ | ធ្លាក់ទៅនិរយេ | |
| បច្ចុប្បន្នលោកិយ៍ | កើតក្ដីវាយជេរ | មិនដែលសុខទេ | |
| ព្រោះដីមួយហត្ថ។ | |||
| ៥៥- | កុំជួញចង់ទាស់ | ខូចខាតរបស់ | អស់ទ្រព្យសម្បត្ដិ |
| ចង់គង់ប្រយោជន៍ | ឲ្យចេះប្រយ័ត្ន | ពាក្យឪមួយមាត់ | |
| ឲ្យគិតមួយម៉ោង។ | |||
| សំអាតផ្ចិតផ្ចង់ | លើកភ្លឺឲ្យត្រង់ | កុំលើកឲ្យកោង | |
| អ្នកកុំប្រហែស | ក្រែងមានប្រហោង | លើកមើលទំនង | |
| ទំនាបទឹកហូរ។ | |||
| ចំនួនទឹកស្ទឹង | ទឹកព្រែកទឹកបឹង | ទឹកវាលទឹកអូរ | |
| អ្នកលើលិចស្រូវ | ត្រូវបើកបង្ហូរ | អ្នកក្រោមកុំថ្ងូរ | |
| បន្ធូរហួសទៅ។ | |||
| រាំងរឹងថ្ងៃយប់ | កុំឲ្យបាក់ជ្រៅ | ឆាប់លើកឆាប់ទប់ | |
| កត្ដឹកចេញខ្យល់ | តំកល់ទឹកនៅ | បើចង់បានស្រូវ | |
| ស្រេចនៅត្រឹមថែ។ | |||
| កុំយកគ្រាប់ត្នោត | ទៅដាំទៅដោត | ពីលើភ្លឺស្រែ | |
| ចិត្ដគិតប្រមាណ | ចង់បានផ្កាផ្លែ | ដាំដុះដង្ហែ | |
| បង្ហិនខ្លួនឯង។ | |||
| ៦០- | ដល់ត្នោតឡើងគល់ | ឡើងកើតនាំខ្វល់ | ធាងលូតឡើងវែង |
| ភ្ជួររាស់ជាប់នឹម | ក្របីជាប់ស្នែង | ទទើសទទែង | |
| ភ្ជួរឆ្វេងមិនត្រូវ។ | |||
| ដល់ត្នោតវាធំ | មានស្លឹកវាទុំ | វាជ្រុះក្នុងស្រូវ | |
| ស្រែឆ្ងាយពីផ្ទះ | ឃ្លាតណាស់ពីផ្លូវ | ទំរាំតែទៅ | |
| រលួយស្រូវអស់។ | |||
| កូនអើយកុំឆោត | បើចង់បានត្នោត | ដាំដោយកៀនកោះ | |
| ដីទួលចំការ | ឯណាចន្លោះ | ដាំជារបស់ | |
| ជាយជួររបង។ | |||
| របៀបចំការ | ថែទាំរក្សា | យូរៗស្រាស់ម្ដង | |
| ស្រាស់ឲ្យត្រូវជួរ | មើលគួរសមផង | កុំបើកមុជឆ្លង | |
| ទៅស្រាស់ខាងក្រៅ។ | |||
| មិនគាប់ប្រសើរ | របងវាដើរ | អ្នកម្ខាងវាក្ដៅ | |
| កើតក្ដីកើតក្ដាំ | អស់ខោអស់អាវ | ខឹងអស់ញាតិផៅ | |
| ពីព្រោះចំការ។ | |||
| ៦៥- | មួយទៀតរបង | ជិតផ្លូវអ្នកផង | គេទៅណាៗ |
| ធ្វើឲ្យទូលាយ | កុំរាយបន្លា | កាប់ឆ្កេះទាត់ឆ្ការ | |
| ឲ្យឆ្ងាយពីផ្លូវ។ | |||
| កុំធ្វើចង្អៀត | ក្រែងយប់អាធ្រាត្រ | ខ្លះមកខ្លះទៅ | |
| ចៀសគ្នាមិនរួច | បើកបរកាត់ស្រូវ | ជេរម្ដាយតាមផ្លូវ | |
| រហូតដល់ផ្ទះ។ | |||
| កូនអើយអ្នកចាំ | អ្នកកុំចងកម្ម | មានពៀរច្រើនណាស់ | |
| ជាតិក្រោយខ្វក់ខ្វិន | កខ្វេះកខ្វាស | សូវចោលដីខ្លះ | |
| មិនខាតប៉ុន្មាន។ | |||
| កុំខ្លាចតែក្រ | ធ្វើរិកមិនល្អ | ច្រើនកើតរឱស្ថាន | |
| រអែករអោក | បាត់ញាតិសន្ដាន | ឥតគេរាប់អាន | |
| មានតែគេស្អប់។ | |||
| កាន់រិកឲ្យខ្ពស់ | ឲ្យខ្ពើមពាក្យឈ្លោះ | ទើបបានជាគាប់ | |
| យកឆោតដាក់ខ្លួន | ច្រើនមានគេរាប់ | បើខ្លួនឥតទ្រព្យ | |
| កុំធ្លាប់ហ៊ានខ្ចី។ | |||
| ៧០- | គ្រប់ការសារពើ | ចង្អេរកញ្ជើ | កន្ដាំងតៅល្អី |
| រនាស់រទេះ | គោសេះក្របី | បើបានជាខ្ចី | |
| ខ្ចីប្រាក់គេទិញ។ | |||
| យកមករកស៊ី | ខែមួយខែពីរ | សងប្រាក់គេវិញ | |
| របស់បានយើង | ជាជើងជួញចេញ | ឯទ្រព្យនោះមិញ | |
| ពេញជាទ្រព្យឯង។ | |||
| កុំខ្ចីគេប្រើ | តែមួយដំណើរ | មិនយូរអង្វែង | |
| ជួនជាបាក់បែក | ជជែកទាស់ទែង | សងគេមិនលែង | |
| ចាស់ផ្លាស់ជាថ្មី។ | |||
| កើតមកជាប្រុស | គិតឲ្យសព្វសុស | កុំឲ្យសល់អ្វី | |
| បួសរៀនធម៌អាថិ | សាស្រ្ដាបាលី | បរលោកលោកិយ | |
| កុំបីចន្លោះ។ | |||
| សឹកមករកស៊ី | កកាយធរណី | ធ្វើជាគ្រហស្ថ | |
| កុហកជឿបុល | បំណុលរុំកោះ | ច្រើនគេដាក់ខ្នោះ | |
| អស់ស្រែចំការ។ | |||
| ៧៥- | ធ្វើរាស្រ្ដរកស៊ី | ចិញ្ចឹមគោញី | ថែទាំព្យាបាល |
| ក្រហេតុពីខ្ជិល | មានត្បិតអុស្សាហ៍ | អ្នកមានប្រាជ្ញា | |
| មិនស្មើគំនិត។ | |||
| កំណើតសំណាង | សំណូមសូមសាង | កកើតពីគិត | |
| ពីកាលជាតិមុន | បុណ្យព្រេងអតិត | កើតរូបគំនិត | |
| ទើបកើតសំណាង។ | |||
| ឯមនុស្សសំណល់ | ល្ងង់ល្ងើងឿងឆ្ងល់ | ទាស់ទែងក្អេងក្អាង | |
| ដប់ឆ្នាំនេះហើយ | ប្រកាន់ម្យ៉ាងៗ | ខ្លះអួតសំណាង | |
| ខ្លះអាងគំនិត។ | |||
| កូនចៅប្រុសស្រី | រកប្រពន្ធប្ដី | ឲ្យរកស្រុកជិត | |
| បើរកស្រុកឆ្ងាយ | ឲ្យម្ដាយពិនិត្យ | ឲ្យត្រឹមត្រូវពិត | |
| ពូជពង្សាវតារ។ | |||
| កូនអើយអ្នកចាំ | កុំជឿខែឆ្នាំ | កុំជឿតំរា | |
| ពាក្យក្បួនទាំងឡាយ | កើតពីមនុស្សចារ | ពីដូនពីតា | |
| ចារតាមសំគាល់។ | |||
| ៨០- | អ្នកជឿតែពូជ | អំបូរធ្លាប់ខូច | វាខូចរាងរាល់ |
| ពូជមានវាមាន | ពូជទាល់វាទល់ | កុសលអកុសល | |
| យើងមើលមិនជាក់។ |
ច្បាប់ល្បើកថ្មី (១)
និពន្ធដោយ ភិរម្យភាសាអ៊ូ
| ១- | អ្នកព្រះភិរម្យ | ភាសាអ៊ូខ្ញុំ | បង្គំនឹកគុណ |
| ព្រះពុទ្ធព្រះធម៌ | ព្រះសង្ឃជាមុន | គុណគាប់មហាធ្ងន់ | |
| មាតាបិតា។ | |||
| ឧបជ្ឈាយ៍ជាធំ | កាលចាប់ដៃខ្ញុំ | ឲ្យធម៌កេស | |
| អនុសាវន | ព្រះកម្មវាចា | គុណតួអក្ខរា | |
| ទាំងសាមសិបបី។ | |||
| ខែចែត្រឆ្នាំច | ចត្វាស័កក | កគិតកាព្យថ្មី | |
| លើច្បាប់ប្រដៅ | កូនចៅប្រុសស្រី | តូចក្ដីធំក្ដី | |
| ចូរស្ដាប់គ្រប់គ្នា។ | |||
| ដ្បិតមនុស្សឥឡូវ | យកខុសជាត្រូវ | យកឆ្កួតធ្វើជា | |
| អំពើអាក្រក់ | ឡិកឡក់លីលា | ព្រហើនពានពារ | |
| អាងមាសអាងប្រាក់។ | |||
| ៥- | អាងព្រើលអាងប្រាជ្ញ | អាងកោងអាងកាច | អាងកាប់អាងចាក់ |
| អាងជើងអាងដៃ | អាងវាយអាងធាក់ | អាងគុកច្រវាក់ | |
| អាងម៉ាស៊ីនកាត់ក។ | |||
| អាងសុទ្ធតែខុស | កូនអើយចាំចុះ | អាងនោះមិនល្អ | |
| អ្នកគិតឲ្យល្អិត | ដ្បិតស្រុកលោកក្រ | ប្រមាណតំណ | |
| តទៀតទៅមុខ។ | |||
| សាសនានៅឆ្ងាយ | លែងបានសប្បាយ | មានតែកើតទុក្ខ | |
| កើតទាន់លោកីយ៍ | លឺតែទំនុក | ដំណែលអាពុក | |
| ចូរចាំគ្រប់គ្នា។ | |||
| អ្នកជឿពាក្យចាស់ | ជឿចាំឲ្យណាស់ | កុំធ្វើបំពារ | |
| អ្នកហ៊ានស្បែកដាច | អ្នកខ្លាចស្បែកជា | មនុស្សចោរប៉ោបៀ | |
| កុំយកខ្លួនបៀត។ | |||
| ឃើញរិកគេល្អ | ទោះបីមានក្រ | យកគេជាញាតិ | |
| គួររាប់អ្នកក្រៅ | ផៅអ្នកឯទៀត | រាប់រើសមារយាទ | |
| សុចរិតត្រឹមត្រូវ។ | |||
| ១០- | រៀនបទរៀនបាទ | កុំកោងហួសខ្នាត | កុំភ្លាត់ខុសផ្លូវ |
| កុំភ្លើនភ្លេចម៉ែ | កុំប្រែហួសឪ | ឃើញចាស់សក់ស្កូវ | |
| កុំសូវមើលងាយ។ | |||
| បន្ទន់អាត្មា | ខ្លាចមេខ្លាចបា | ខ្លាចតាខ្លាចយាយ | |
| បំរើមហាក្សត្រ | ប្រយ័ត្នស្ដេចទាយ | ពាក្យពិតទំនាយ | |
| រលាយកេរ្ដិ៍ឈ្មោះ។ | |||
| ពាក្យស្ដេចពាក្យគ្រូ | មានប្រៃមានជូរ | កំរពីរោះ | |
| ជួនទាយឲ្យទាប | ជួនទាយឲ្យខ្ពស់ | ទាយឲ្យសក្ដិយស | |
| ទាញចុះកុំខឹង។ | |||
| បំរើមើលភេទ | ចំណាំព្រះនេត្រ | ហេតុខ្លួនឲ្យដឹង | |
| ខ្លួនខ្ជិលហៃព្រើល | លោកមើលសំលឹង | សំលក់ឲ្យប្រឹង | |
| ខំប្រិតសូត្ររៀន។ | |||
| បំរើមើលពុត | ប្រាជ្ញាឲ្យមុត | ស្មារតីឲ្យមាន | |
| បើខ្លៅឲ្យប្រាជ្ញ | បើខ្លាចឲ្យហ៊ាន | ចង់បានរបៀន | |
| កុំអៀនកុំខ្មាស។ | |||
| ១៥- | ពុតលោកថាធំ | ជ្រងោប៉ុនភ្នំ | ឯងមើលមិនច្បាស់ |
| បំរើលោកណា | លោកហ្នឹងជាម្ចាស់ | លោកស្អប់អ្វីណាស់ | |
| ប្រាសចោលឲ្យឆ្ងាយ។ | |||
| កុំឈមឈរជិត | កុំយកធ្វើមិត្រ | ភ្លាត់ខ្លួនអន្ដរាយ | |
| បើប្រពន្ធកូន | បងប្អូនចៅហ្វាយ | អាពុកឬម្ដាយ | |
| ឱនកាយប្រតិបត្ដិ។ | |||
| អ្នកកុំមើលងាយ | ឃើញគេរីករាយ | ព្រួយខ្លួនប្រយ័ត្ន | |
| ត្រកូលញាតិផៅ | កូនចៅមហាក្សត្រ | ស្មើថ្លើមប្រមាត់ | |
| ប្រមាថមិនបាន។ | |||
| ទោះអ្នកដទៃ | អ្នកព្រៀងអ្នកព្រៃ | ដែលលោករាប់អាន | |
| កុំថាតែមនុស្ស | ទោះសត្វតិរិច្ឆាន | ឯស្អប់មិនបាន | |
| ជួយថែរក្សា។ | |||
| របស់រឺទ្រព្យ | ដែលជាសំអប់ | កុំបាច់សំអាត | |
| ទ្រព្យណាសំលាញ់ | អស់អញឱហាត | ចូរចៅសង្វាត | |
| ជួយថែរក្សា។ | |||
| ២០- | កុំជិះកុំជាន់ | ស្មៅផ្ទីអាចម៍មាន់ | ពាក្យចាស់ឧមា |
| បុរាណហៅផ្ទី | ពីរបីប្រការ | កុំស៊ីត្រង់ណា | |
| ជុះដាក់ត្រង់ហ្នឹង។ | |||
| សាច់សាលោហិត | កុំផ្ដួលផ្ដេកផ្ដិត | ផ្ដួចទោសកើតប្ដឹង | |
| អាពុកផ្ដែផ្ដាំ | ចូរចាំចេះថ្លឹង | សាច់ថ្លើមសួតឆ្អឹង | |
| និងស្បែកខាងក្រៅ។ | |||
| សាច់សួតក្នុងខ្លួន | ទុកស្មើបងប្អួន | ប្រពន្ធកូនចៅ | |
| សរសៃនិងស្បែក | ចែកជាញាតិផៅ | ខ្ញុំស្រីខាងក្រៅ | |
| ជាស្មៅអាច់មាន់។ | |||
| ស្រីខ្ញុំកំដរ | បើឃើញរូបល្អ | កុំលលូកលាន់ | |
| កុំលួចលបលេង | ក្រែងម្ចាស់គេទាន់ | កុំភប់កុំភាន់ | |
| អាប់អន់អាត្មា។ | |||
| បើអ្នកមានយស | មានសក្ដិខ្ពង់ខ្ពស់ | គាប់នឹងរាជការ | |
| ធ្វើធំធ្វើថី | មន្រ្ដីមានត្រា | ព្រះហ្លួងឧកញ៉ា | |
| សាលាកុង្សីយ៍។ | |||
| ២៥- | ចេះច្បាប់បារាំង | កុំភ្លេចសច្ចំ | កតញ្ញូខន្ដី |
| កុំឆ្មើងហួសមាឌ | ភ្លេចញាតិប្រុសស្រី | ជំនុំកាត់ក្ដី | |
| យកឧបេក្ខា។ | |||
| កុំកាន់សីហលោ | កុំកាន់លោភោ | ទោសោមោហោ | |
| កុំជក់អាភៀន | កុំឃ្លានផឹកស្រា | កុំស្អប់ត្រង់ណា | |
| សច្ចាយកត្រង់។ | |||
| ល្អងលោមពិសោធ | កុំឆបញ្ឆោត | បញ្ចូលឲ្យបង់ | |
| ឲ្យបែកឲ្យបាក់ | ពាក្យសត្យពាក្យសង្ឃ | កូនអើយផ្ចិតផ្ចង់ | |
| តំរង់ស្មារតី។ | |||
| កុំភ្លើនឃើញប្រាក់ | កុំភ្លើភ្លាត់សក្ដិ | ធ្លាក់ទៅអវចី | |
| កាន់ធម៌ទសពិធ | រឹតឡើងរាសី | គាប់ពីលោកិយ៍ | |
| ដល់បរលោកនាយ។ | |||
| អ្នកក្ដីជាភ្លើង | កុំកាត់ជាន់ជើង | អ្នកម្ខាងមើលងាយ | |
| ចៅក្រមជាទឹក | រលឹករំលាយ | កុំជេរកុំវាយ | |
| បង្ខំនាំខុស។ | |||
| ៣០- | ចោរលួចចោរប្លន់ | រីចោរស្ម័គ្រស្មន់ | តណ្ហាស្រីប្រុស |
| កុំស្អប់ខាងណេះ | បញ្ឆេះខាងណោះ | លួងលោមបញ្ចុះ | |
| បញ្ចូលចិត្ដក្ដី។ | |||
| កុំដុតឲ្យក្ដៅ | បើឃើញអ្នកខ្លៅ | ប្រាជ្ញាគ្នាខ្លី | |
| កុំឃើញប្រាក់ប្រុស | បន្ដុះខាងស្រី | បើកាន់ច្បាប់ថ្មី | |
| កុំចោលច្បាប់ចាស់។ | |||
| កុំដៀលអ្នកស្រែ | ត្រកូលឯងខ្មែរ | កុំប្រែក្រលាស់ | |
| ក្រលេកមើលគុណ | ទន់ខ្លួនសំពះ | កុំធ្វើអ្នកណាស់ | |
| កុំត្មះអ្នកក្រ។ | |||
| អ្នកកុំភ្លេចគុណ | គ្រូលេខនព្វន្ដ | គ្រូសូត្រអក្សរ | |
| កុំចាប់ដៃទាញ | គំនាប់ងក់ក | កុំជជែកត | |
| ស្មើមិត្ដសំលាញ់។ | |||
| រាស្រ្ដរត់ចូលជ្រក | សួរសាចទៅមក | កុំអើឯងអញ | |
| ពាក្យពុំពិរោះ | គេកើតមួក្នាញ់ | គេដៀលផ្ចាលផ្ចាញ់ | |
| អន្ដរាយកេរ្ដិ៍ឈ្មោះ។ | |||
| ៣៥- | កុំឆ្មើងអាងបុណ្យ | ស្រដីឲ្យទន់ | ពោលពាក្យពិរោះ |
| ខ្លួនអ្នកនឹងថ្កើង | នឹងឡើងសក្ដិយស | កុំឆ្លៀតនាំឈ្លាះ | |
| ញុះញង់អ្នកធំ។ | |||
| កុំស្អប់អ្នកតូច | បើឃើញគ្នាខូច | គួរគិតប្រមុំ | |
| ទោសគ្នាតិចតួច | ផ្ដួចឡើងជាធំ | ផ្សែងពួតជាដុំ | |
| ផ្លុំឆេះជាភ្លើង។ | |||
| កុំភ្លើនភ្លេចខ្លួន | ចេះសាសន៍ចិនយួន | កុំចោលខ្មែរយើង | |
| កុំធ្វើក្រអើត | កុំពើតកុំពើង | កុំពាក់ស្បែកជើង | |
| ចូលវត្ដលោកសង្ឃ។ | |||
| ដោះមួកដាក់ឆ័ត្រ | ឱនកាយប្រតិបត្ដិ | លំអុតឱនអង្គ | |
| កុំស៊ីតាមឃ្លាន | កុំហ៊ានតាមចង់ | កាន់ច្បាប់ស្រុកហ្វង្ស៍ | |
| កុំបង់សាសនា។ | |||
| កុំចង់ថ្កើងពេក | កុំលើកដំណេក | ហួសមេហួសបា | |
| តែងខ្លួនឲ្យល្មម | មើលពូជពង្សា | សង្ខេបនិដ្ឋិតា | |
| រឿងផ្គប់បុណ្យសក្ដិ។ | |||
| ៤០- | បើទៅជារាស្រ្ដ | ប្រាជ្ញាវៃឈ្លាស | គូរវាសឆ្លកឆ្លាក់ |
| ឲ្យឆ្លៀតរែកពុន | បើធ្ងន់សុំដាក់ | ខំរកមាសប្រាក់ | |
| ឲ្យគ្រាន់ទាន់ចាយ។ |
Wednesday, July 17, 2013
ច្បាប់ស្រី (៥)
ច្បាប់ស្រី (តចប់)
| ខ្លួនឯងចិញ្ចែងរូបរាង | ខ្លួនសល្អជាង | ថាប្ដីមិនសម។ | |
| មាក់ងាយមួយប្ដីមិនខំ | ធ្វើការលេលាំ | ឡែឡដើរលេង។ | |
| ឆ្លៀតឆ្លើយបោះពាក្យគគ្រេង | ឈ្លោះជេរមិនឈ្វេង | គិតខុសមាត្រា។ | |
| មាក់ងាយមួយប្ដីផឹកស្រា | ស្រវឹងចោលការ | ដើរលេងតែតោ។ | |
| ពាក្យក្អេងរាំច្រៀងឡោៗ | ឲ្យឆ្កែព្រុសឆោ | ផ្អើលភ្ញាក់កូនចៅ។ | |
| ឮមាត់ប្ដីហើយខឹងក្ដៅ | ប្រទេចជេរទៅ | តាមដោយចិត្តក្នាញ់។ | |
| មាក់ងាយមួយទៀតនោះមិញ | ត្បិតប្ដីស្រឡាញ់ | លលូកប្រឡែង។ | |
| មួលបិចចាក់ចុចជាល្បែង | មិនមានកោតក្រែង | បានចិត្តជេរវិញ។ | |
| ត្បិតតែយល់គេស្រឡាញ់ | ស្រដីផងមិញ | គំរោះគំរើយ។ | |
| (២១០) | ធ្វើក្នាញ់បែរចេញព្រងើយ | គេនឹងកន្តើយ | ក្និចក្នក់មាយា។ |
| ពុំបានក្សេមក្សាន្តនឹងគ្នា | មាក់ងាយនេះជា | គំរប់ប្រាំពីរ។ | |
| កូនអើយនេះហើយច្បាប់ស្រី | ឲ្យកូនពិសី | រករៀនរក្សា។ | |
| យកទុកក្នុងអង្គអាត្មា | ប្រសើរក្ដាត់ណា | កើតសុខសួស្ដី។ | |
| ប្រសើរទាំងនាលោកិយ | ទោះបរលោកក្ដី | សឹងលុះប្រាថ្នា។ | |
| ទោះចិត្តគន់គិតសច្ចា | ជាពុទ្ធមាតា | សឹងបានបរិបូរណ៍។ | |
| ដូចចិត្តឆុតឆាប់ពុំយូរ | កបកើតសម្បូរ | សម្បត្តិទ្រព្យផង។ | |
| កើតយសខ្ពង់ខ្ពស់កន្លង | យឺនយូរឥតហ្មង | ដូចក្ដីប្រាថ្នា។ | |
| ច្បាប់នេះឧត្តមថ្លៃថ្លា | ទោះស្រីឯណា | ឮហើយមានភ័ព្វ។ | |
| ជាល្អកម្របានស្ដាប់ | ស្ដាប់ហើយចូរចាប់ | ចូរចាំគ្រប់គ្នា។ | |
| (២២០) | បានដល់មគ្គផលសួគ៌ា | ប្រសើរសោភា | ចូរចាំកុំភ្លេច។ |
| ចរចាអស់អាថ៌ពាក្យពេចន៍ | ពាក្យពិតកាព្យកិច្ច | បរិបូរណ៍ប្រពៃ។ | |
| ប្រាជ្ញាប្រែរីឯនាមនៃ | ខ្ញុំឈ្មោះម៉ឺន មៃ | មែនមានសទ្ធា។ | |
| មានចិត្តកួចគិតកាព្យា | កបកើតជ្រះថ្លា | ត្រេកត្រង់កុសល។ | |
| សច្ចាប្រាថ្នាមគ្គផល | ផុរផុសយោបល់ | លេចលើកទុកនៅ។ | |
| ទោះបីសេចក្ដីខុសត្រូវ | សូមទានតម្រូវ | តម្រង់ឲ្យផង។ | |
| កុំត្មះតិះដៀលឡើយហោង | សូមសាងផលផង | ទុកតសាសនា។ | |
| សម្រាប់ជាច្បាប់មាត្រា | សូរេចបការា | បរិបូរណ៍ចែងចប់៕ |
ច្បាប់ស្រី (៤)
ច្បាប់ស្រី (ត)
| មិនហ៊ានឆ្លើយឈ្លោះរំលង | តតបទៅផង | ក្រែងឮកេរ្តិ៍ឆ្ងាយ។ | |
| មួយចេះប្រដាប់រៀបបាយ | ប្ដីដើរជិតឆ្ងាយ | មិនហ៊ានបរិភោគ។ | |
| អត់ចាំទម្រាំប្ដីមក | ជួបជុំទើបយក | បរិភោគផងគ្នា។ | |
| នេះឯងហៅទាសភរិយា | សម្ដេចភគវា | ទេសនាប្រោសប្រាប់។ | |
| បើអស់ស្រីណាបានស្ដាប់ | យកទុកជាច្បាប់ | ក្នុងប្រាណសព្វថ្ងៃ។ | |
| លុះអស់អាយុក្សិណក្ស័យ | បានទៅកើតឰ | តុសិតសួគ៌នាយ។ | |
| នឹងបានក្សេមក្សាន្តពណ្ណរាយ | សេពសុខសប្បាយ | និរទុក្ខកយា។ | |
| រីឯប្រពន្ធពុំជា | ពេជ្ឈឃាតភរិយា | ចរិតមានបួន។ | |
| កុំឲ្យយកទុក្ខក្នុងខ្លួន | ឲ្យចៀសចេញជួន | កើតកម្មវេរា។ | |
| (១៦០) | មួយចិត្តគំនិតចង់ជា | ឆ្លាស់ឆ្លើយបំពារ | បំពានឲ្យប្ដី។ |
| ប្រទូសរឹងរូសខ្ញូវខ្ញី | មិនចេះចាញ់ប្ដី | ថាឯងគ្រាន់បើ។ | |
| ឆ្លើយឆ្លងសូរសងបណ្ដើរ | ចង់ឈ្លោះឲ្យស្មើ | ឲ្យលើសប្ដីវិញ។ | |
| មួយមិនចង់ធ្វើបំពេញ | បង្អាប់ប្ដីវិញ | ឲ្យថ្កើងខ្លួនឯង។ | |
| អាងចេះដៀលតិះពុំក្រែង | ឲ្យប្ដីស្ដាប់ឯង | ដោយចិត្តអន្ធពាល។ | |
| មួយមានចិត្តនោះស្រើបស្រាល | ចង់ត្រេកត្រអាល | ចោលពេញមុខប្ដី។ | |
| មួយចិត្តទ្រឹស្ដិទ្រុស្ដអប្រិយ | ចង់សម្លាប់ប្ដី | ស្រឡាញ់ប្រុសទៀត។ | |
| គិតកាប់សម្លាប់បង់ម្សៀត | នឹងយកប្រុសទៀត | ធ្វើប្ដីមរណា។ | |
| រីឯសត្រូវភរិយា | ចរិតពុំជា | ប្រាំពីរប្រការ។ | |
| មួយមិនខ្លាចប្ដីអាត្មា | បង្គាប់ត្រង់ណា | ពុំធ្វើតាមចិត្ត។ | |
| (១៧០) | មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់ | ប្ដីសួរបីម៉ាត់ | ពុំស្រដីផង។ |
| មួយប្ដីស្រដីគន្លង | ប្រដៅច្បាប់ផង | ពុំចូលចិត្តស្ដាប់។ | |
| មួយមិនចង់ឲ្យប្ដីគាប់ | មិនចង់ប្រដាប់ | ឲ្យប្ដីថ្កុំថ្កើង។ | |
| មួយទោះនឹងស្រដីឡើង | ពាក្យធំចចើង | ចចេសនឹងប្ដី។ | |
| មួយទោះប្ដីលោះខ្ញុំស្រី | វាបម្រើប្ដី | មិនឲ្យអាក់អន់។ | |
| ឃើញគាប់រីងស្អប់ក្នាញ់គ្នាន់ | ក្នុងចិត្តប្រច័ណ្ឌ | ជេរថានាយអាយ។ | |
| មួយត្បិតប្ដីមានសាហាយ | ហួរហែកសុសសាយ | ឲ្យប្ដីអាស្រូវ។ | |
| រីចោរភរិយានោះកូវ | ចរិតពុំត្រូវ | មានបីប្រការ។ | |
| មួយចង់ចាយទ្រព្យប្ដីណា | ឲ្យខូចអសារ | មិនគង់ជាល្អ។ | |
| មួយប្ដីឃ្មាតខ្មីខំរក៍ | របស់បានមក៍ | មិនថែទាំទុក។ | |
| (១៨០) | លួចឲ្យទៅម្ដាយឪពុក | ប្ដីសួររកមុខ | មិនប្រាប់ឡើយណា។ |
| មួយខ្ជិលមិនចង់ធ្វើការ | កុហកមុសា | ថាឯងរវល់។ | |
| ដេកលេងចំខែងអស់កល | លុះប្ដីគេយល់ | ពុតធ្វើជាឈឺ។ | |
| ទទូរដេកថ្ងូរហ៊ឺៗ | ប្ដីហៅមិនឮ | ពុតចង់តែស្លាប់។ | |
| នេះហៅប្រពន្ធពុំគាប់ | ស្រីណាកាន់ខ្ជាប់ | ពុំដែលរសាយ។ | |
| លុះអស់អាយុក្ល័យក្លាយ | ធ្លាក់ទៅអបាយ | ទាំងបួនចំពូក។ | |
| តែងនឹងរងទុក្ខរងសោក | រំដោះរួចមក | កើតជាមនុស្សខ្ទើយ។ | |
| ហេតុអកុសលនេះហើយ | ត្បិតខ្លួនឥតត្រើយ | ធ្វើខុសគន្លង។ | |
| ខុសវត្តប្រតិបត្តិឆ្គាំឆ្គង | មិនរៀងមិនរង | ខុសនឹងច្បាប់ស្រី។ | |
| មាក់ងាយនោះមានប្រាំបី | មានក្នុងបាលី | ព្រះធម៌លោកថា។ | |
| (១៩០) | មាក់ងាយមួយនោះឯងណា | ត្បិតប្ដីពិការ | មិនបានមាំមួន។ |
| ខឹងស្អប់ធុញថប់មិនទ្រាំ | មិនមានរកថ្នាំ | គ្រូគ្រោះមេមត់។ | |
| មើលប្ដីឲ្យជាឆាប់ផុត | ខឹងវិញមិនអត់ | បន់ឲ្យប្ដីស្លាប់។ | |
| មាក់ងាយមួយប្ដីខ្សត់ទ្រព្យ | គ្មានកេរកោះគាប់ | ស្មើនឹងអាត្មា។ | |
| ដៀលត្មះថាច្រាសដោយសារ | ព្រោះខ្ជិលធ្វើការ | ទើបគ្មានរបស់។ | |
| មាក់ងាយត្បិតប្ដីអប្បយស | ឯងត្រកូលខ្ពស់ | ពូជពង្សពុំស្មើ។ | |
| ឆ្មើងខ្លួនឲ្យប្ដីបម្រើ | ឈ្លោះឡើងហើយដើរ | ដៀលត្មះពូជពង្ស។ | |
| មាក់ងាយមួយត្បិតប្ដីល្ងង់ | ខ្លៅខ្លួនទ្រមង់ | ទ្រមក់យឺតយូរ។ | |
| ដៀលត្មះពុំចេះអាសូរ | សម្ដីខ្មោះខ្មូរ | មិនក្រែងប៉ុនសក់។ | |
| មាក់ងាយមួយប្ដីអាក្រក់ | សាច់ខ្មៅប៉ប៉ក់ | មុខអុតស៊ីសុស។ | |
| (២០០) | កន្ទ្រល រោងរលក្រអុះ | សក់ស្កាញស្កូវសុស | ពោះធំប៉ុនពាង។ |
ច្បាប់ស្រី (៣)
ច្បាប់ស្រី (ត)
| លោកទុកស្មើកុកទំផ្ទះ | រង្គំរង្គះ | នឹងបង់អស់ទ្រព្យ។ | |
| កន្លងជើងប្ដីពុំគាប់ | ព្រោះចិត្តចង់ឆាប់ | រំលងជើងប្ដី។ | |
| ស្មើសត្វលលកស៊ីខ្មោចខ្មី | ហើយច្រាលអប្រិយ | កើតព្យាធិរោគា។ | |
| ចង្រៃមួយនៃរាល់គ្នា | ចេញចូលមាត់ទ្វារ | ពុំបានបិទបាំង។ | |
| ធ្វេសប្រាណខុសខានមិនរាំង | មិនរុញបំបាំង | មើលយល់សាយសុស។ | |
| ទុកស្មើគេអុជចន្លុះ | ឲ្យចោរចូលផ្ទះ | យកទ្រព្យទាំងឡាយ។ | |
| ស្រីមួយសើចលេងក្អាកក្អាយ | ឮលេខចម្ងាយ | រំលងផ្ទះបី។ | |
| ស្មើសត្វចចាតបក្សី | ចូលភូមិផងក្ដី | ចង្រៃក្ដាត់ណា។ | |
| ស្រីមួយដេកដាក់កាយា | ប្រះប្រែអាត្មា | ឲ្យខ្នងទៅប្ដី។ | |
| (១១០) | ទុកស្មើពស់ក្រាយអប្រិយ | ឡើងផ្ទះឥតបី | ឥតបើគណនា។ |
| ចង្រៃកាចក្រៃពុំជា | នឹងព្រាត់ប្រាសគ្នា | ពុំបានវែងឆ្ងាយ។ | |
| ស្រីមួយសក់វែងអន្លាយ | រំសុសរំសាយ | សក់សោតរេរា។ | |
| នៅមាត់អណ្ដូងមាត់ទ្វារ | បីដូចមជ្ជរា | ឆ្មាលាក់ក្រចក។ | |
| ចង្រៃឥតបីបើរក | រេរាសំកក | មិនចុកសក់ងាយ។ | |
| ស្រីមួយដើរទៅទាត់ជាយ | ឮលាន់ស្ទើរធ្លាយ | ប្រថពីសន្ធឹក។ | |
| សំពត់ដាច់ដាចមិននឹក | ដើរឮគគឹក | ស្មើសូររន្ទះ។ | |
| ញ៉ាំញើសំណើរលះ | ដាក់ជើងលើផ្ទះ | គគ្រាំងគគ្រេង។ | |
| កក្រើកផ្ទះទាំងបីល្វែង | ដូចកលគេសែង | របស់ចេញទៅ។ | |
| ស្រីមួយឃើញទ្រព្យនៅផ្លូវ | កន្លងហួសទៅ | មិនចាប់ចេញទុក។ | |
| (១២០) | ពុំចេរចំណេរទៅមុខ | ពុំចេះដាក់ទុក | រាយរាល់តែល្វែង។ |
| ទ្រព្យនោះរលោះចេញឯង | ចង្រៃទាស់ទែង | ធ្វើឲ្យអន្តរាយ។ | |
| ទោះឆីចំណីនូវបាយ | លបលូកកកាយ | ពមពុំសណ្ដាប់។ | |
| កូនអើយនេះហើយចូរស្ដាប់ | ហៅក្ដីឧបទ្រព | ទាំងដប់ប្រការ។ | |
| ឲ្យចៀសអស់ទាំងនេះណា | ឲ្យរៀនលក្ខណា | ទាំងប្រាំពីរផង។ | |
| គឺព្រះមានបុណ្យកន្លង | ទេសនាចែងចង | ជាបទគាថា។ | |
| មួយមាតុមួយមិត្តភរិយា | កាតុភរិយាជាតិ | ទាសភរិយាផង។ | |
| ទាំងបួនប្រសើរឥតហ្មង | គួរឲ្យចាំចង | ទុកក្នុងអង្គា។ | |
| រីឯហៅមាតុភរិយា | ប្រពន្ធនោះជា | លោកទុកស្មើម្ដាយ។ | |
| ចរិតបីប្រការក្នុងកាយ | មួយចង់ខ្វល់ខ្វាយ | ប្រយោជន៍ឲ្យប្ដី។ | |
| (១៣០) | បានថ្កើងរុងរឿងឮល្បី | មិនឲ្យអាប់ប្ដី | ឲ្យបានសក្តិយស។ |
| មួយបើប្ដីស្លៀកពាក់ចាស់ | យកថ្មីឲ្យផ្លាស់ | ចាស់ស្លៀកខ្លួនឯង។ | |
| ចេះរៀបរណ្ដាប់តាក់តែង | ចំណីផងស្វែង | រកមកឲ្យប្ដី។ | |
| មួយបើប្ដីឈឺថ្កាត់អ្វី | ព្រួយប្រឹងមើលប្ដី | រកថ្នាំសង្កូវ។ | |
| រកពេទ្យមេមត់នូវគ្រូ | គ្រោះយាមគន់គូរ | មើលប្ដីឲ្យជា។ | |
| រីឯហៅកាតុភរិយា | ប្រសើរសោភា | ប្រពន្ធស្មើបង។ | |
| នោះមានចរិតពីរផង | ដូចប្អូននិងបង | ចិត្តមូលមួយប្រាណ។ | |
| មួយធ្វើឲ្យប្ដីក្សេមក្សាន្ត | របស់ប្ដីបាន | ចេះទុករក្សា។ | |
| មួយទោះឮពាក្យអ្នកណា | គេតិះដៀលថា | ស្រដីពីប្ដី។ | |
| ពុំត្រូវអាស្រូវអប្រិយ | ចេះការកេរ្តិ៍ប្ដី | បែរបានជាសុខ។ | |
| (១៤០) | ទោះបីបើប្ដីមានទុក្ខ | គិតឲ្យបានសុខ | យកខ្លួនធានា។ |
| មួយសោតឯមិត្តភរិយា | មានចរិតជា | បីប្រការមិញ។ | |
| បីដូចកលមិត្តសម្លាញ់ | មានចិត្តអស់អញ | មិនឲ្យមានហ្មង។ | |
| បីដូចកលប្អូននិងបង | ប្រាសយូរលង់ហោង | ទើបមកជួបគ្នា។ | |
| មានចិត្តប្រតិព័ទ្ធមហិមា | ត្បិតបានជួបគ្នា | មិនឲ្យមានហ្មង។ | |
| មួយមានមារយាទកន្លង | ទោះឃើញប្រុសផង | មិនល្អៀងចិត្តទៅ។ | |
| រីទាសភរិយានោះកូវ | ក្នុងមាត្រាត្រូវ | ប្រពន្ធខ្ញុំប្ដី។ | |
| ចរិតប្រាំបីប្រការខ្មី | មួយចិត្តខ្លាចប្ដី | ក្រែងប្ដីវាយជេរ។ | |
| ប្រុងចិត្តការគិតខ្មាសគេ | មិនឲ្យប្ដីជេរ | បន្ទោសខ្លួនបាន។ | |
| ទោះខឹងប្ដីក្រៃប៉ុន្មាន | មិនចេះហៅហាន | ឆ្លើយឈ្លោះតមាត់។ | |
| (១៥០) | មួយទោះប្ដីនោះកាចក្ដាត់ | ខឹងដល់វាយវាត់ | ជេរចោរដកទង។ |
ច្បាប់ស្រី (២)
ច្បាប់ស្រី (ត)
| ឲ្យនាងប្រណិប័តន៍ជឿជាក់ | កុំធ្វើឲ្យអាក់ | ឲ្យអន់ចិត្តប្ដី។ | |
| អត់ឱនខ្លាចខ្លួនជាស្រី | កុំឲ្យស្រដី | ទុកគេជាស្មើ។ | |
| ទោះកើតហេតុភេទសារពើ | ពាក្យពុំប្រសើរ | ជញ្ជឹងចាំស្ដាប់។ | |
| ទោះប្ដីស្រដីពុំគាប់ | ពុំគួរឲ្យប្រាប់ | បានដឹងដល់ម្ដាយ។ | |
| កើតខឹងរែងរីងខ្ចរខ្ចាយ | ឮពាក្យពីម្ដាយ | ខ្សឹបខ្សៀវប្រាប់ប្ដី។ | |
| មិនក្សាន្តបែកបានពីប្ដី | កើតជាសម្ដី | សួរចុះសួរឡើង។ | |
| ពុំស្ងាត់ស្ងៀមមាត់ចចើង | ជជែកនាំឡើង | ចចើងមិនបាត់។ | |
| តតាំងពាក្យខ្លាំងមិនស្ងាត់ | មិនស្ងៀមឲ្យបាត់ | ឲ្យបានទីសុខ។ | |
| ជជែកស្ទើរបែកទាំងស្រុក | មិនមានហៅសុខ | យូរលង់ឡើយនៃ។ | |
| (៦០) | នេះហៅភ្លក់ភ្លើងទាំងបី | ម្ដាយផ្ដាំកូនស្រី | ឲ្យខំរក្សា។ |
| នាងគម្ដែងក្រឡា | ខុសឆ្គងម្ដេចម្ដា | ម្ដាយផ្ដាំកូនស្រី។ | |
| ឲ្យអត់សង្កត់ហឫទ័យ | កូនកុំស្រដី | ដើមប្ដីកំបាំង។ | |
| កុំជេរកុំចេញជាខ្លាំង | ខ្សត់ខ្សោយខ្លៅខ្លាំង | នាងកុំមើលងាយ។ | |
| ល្ងង់ខ្សោយប្រើឲ្យនិយាយ | ណែនាំលេងលាយ | ឲ្យស្រួលវាចា។ | |
| ទោះប្ដីស្រដីម្ដេចម្ដា | ខេខឹងជេរថា | បោះពាក្យទម្ងន់។ | |
| ក្រោធក្រេវឆុលឆេវមិនអន់ | មិនអាក់ស្រោកស្រន់ | ដោយចិត្តគ្នាន់ក្នាញ់។ | |
| រអ៊ូរទាំទន្ទេញ | ជេរថាជន្លេញ | ត្បិតទាស់នឹងចិត្ត។ | |
| ឲ្យកូនស្រីស្ងួនខំអត់ | ឲ្យបានរលត់ | រលាយកំហឹង។ | |
| កុំកូនកាន់ខ្លួនប្រែប្រឹង | តតបទៅនឹង | អ្នកជាស្វាមី។ | |
| (៧០) | ខេខឹងក្រញឹងសម្ដី | មិនគិតខ្លួនស្រី | ស្រដីទ្រគោះ។ |
| ប្រកែកស្ដីពាក្យគំរោះ | គំរាមបញ្ឆេះ | បញ្ជោរឲ្យខឹង។ | |
| រឹងរូសមើលមុខសម្លឹង | សម្លក់ទៅរឹង | ចចឹងចង់ឈ្លោះ។ | |
| រឹងឆ្លងឆ្លើយពាក្យបញ្ឆេះ | បំបែកជាឈ្លោះ | បំបែរពុំទៀង។ | |
| ជេរថាឆ្កែឆ្មាបំព្រៀង | ដៀលត្មះបញ្ឆៀង | បញ្ឈឺចិត្តប្ដី។ | |
| បោះបោកប្រទះអ្វីៗ | ចាប់ចោលទៅដី | បែកបាក់ពុំគិត។ | |
| មិនស្រួលទទួលបាត់មាត់ | ម្នះម្នាក្នុងចិត្ត | ឲ្យបានប្ដីចាញ់។ | |
| ទើបបានសុខចិត្តជាវិញ | ហៅស្រីម្នះម្នេញ | អាប់កេរ្តិ៍យសឆ្ងាយ។ | |
| ហៅកូនស្រីស្ងួនមាសម្ដាយ | ខុសណាស់នាងអាយ | កុំធ្វើដូចគេ។ | |
| ទោះបីបើប្ដីនាងជេរ | នាងចូលទៅឯ | ដំណេកគិតសិន។ | |
| (៨០) | ចេញមកនាងយកពាក្យទន់ | ស្រដីឲ្យអន់ | ស្រាយទោសនោះទៅ។ |
| ទោះបីបើប្ដីប្រដៅ | ចូរនាងចាំនៅ | ទុកក្នុងអាត្មា។ | |
| ពាក្យពេចន៍កុំភ្លេចឡើយណា | ក្រែងឆ្គងម្ដេងម្ដា | ត្បិតបានផ្ដាំស្រាប់។ | |
| ព្រោះឯងមិនក្រែងមិនស្ដាប់ | ពាក្យគេបង្កាច់ | បង្កើតតែឈ្លោះ។ | |
| ឥតសុខអាក្រក់តែឈ្មោះ | ឮគេប្រឈ្លោះ | មិនចេះហៅល្ហែ។ | |
| នេះពុំរាប់ជាស្ត្រីទេ | ជាអ្នកប៉ោឡែ | ចិត្តចោរដកទង។ | |
| ឲ្យមាត់បង្គ្របប្ដីផង | ឲ្យគេស្ដាប់ហោង | ថាឯងគ្រាន់បើ។ | |
| គឺមោះនាងនោះមិនប្រើ | មិនបើកឲ្យដើរ | បញ្ចើឲ្យទេ។ | |
| ទោះបីប្ដីប្រើមាសមេ | កុំកូនចំអែ | ចំអៀកមិនទៅ។ | |
| ឆ្ងាយជិតកុំគិតរង់នៅ | ក្រោកក្រេសដើរទៅ | កុំឲ្យប្ដីជេរ។ | |
| (៩០) | កុំទៅនៅយូរផ្ទះគេ | រវល់ទំនេរ | រវៀសមកណា។ |
| ហៃកូនខ្លឹមខ្លួនមាតា | ជាស្រីនេះណា | កម្រណាស់នាង។ | |
| មិនថាត្បិតល្អរូបរាង | មិនរើសត្បិតជាង | ចេះការទាំងគ្រប់។ | |
| មិនបានស្គាល់ទិគោរព | ស្គាល់ទេឧបទ្រព | ទាំងដប់ប្រការ។ | |
| ហៅតែនឹងល្អរូបា | ពិតហើយចេះការ | គួរកោតដោយយ៉ាង។ | |
| មួយរូបល្អសសន្លាង | ឥតគេផ្ទឹមខាង | ច្បាប់ផងមិនចេះ។ | |
| ល្អពិតគំនិតមិនផេះ | ទោះខ្មៅក្រងេះ | ការសោតសមគួរ។ | |
| គឺមោះនាងនោះមិនជួ | ចេះដឹងសមគួរ | ស្គាល់អស់ឥរិយា។ | |
| នេះឯងពីព្រេងលោកថា | ហៅល្អរូបា | កបកល្យាណី។ | |
| ហៃកូនស្រីស្ងួនពិសី | ម្ដាយប្រាប់អំពី | ឧបទ្រពចង្រៃ។ | |
| (១០០) | កាន់ក្បាលប្ដីហើយរកចៃ | មិនបានលើកដៃ | បិទទូលសំពះ។ |
ច្បាប់ស្រី (១)
និពន្ធដោយ បណ្ឌិត ម៉ឺន ម៉ី
ច្បាប់ស្រី
| (១) | នេះបទកំណត់ចងជា | ភុជង្គលីលា | ចងជាច្បាប់ស្រី។ |
| កាលនាងឥរន្ទវតី | ចរចាកតាមប្ដី | គឺបុណ្យកយក្សា។ | |
| នាងវិមលាជាព្រះមាតា | បើកបន្ទូលថា | ហៃកូនពិសី។ | |
| នាងនឹងត្រាច់ត្រង់តាមប្ដី | ចេញចាកអំពី | ពិភពនាគនេះ។ | |
| ទៅឋានមនុស្សលោកនាយអេះ | ចូរនាងចាំចេះ | បម្រើស្វាមី។ | |
| ធ្វើវត្តប្រតិបត្តិប្រក្រតី | កុំឲ្យស្វាមី | អាក់អន់ចិន្ដា។ | |
| នាងអើយគម្ដែងក្រឡា | ជាម្ចាស់សិរសា | កូនកុំមាក់ងាយ។ | |
| ហៃកូនស្រីមាសម្ដាយ | ក្រណាស់នាងអាយ | តាមដោយច្បាប់ស្រី។ | |
| ក្រមួយមិនបានសម្ដី | ពាក្យទន់តិចនៃ | ឲ្យញាតិចូលចិត្ត។ | |
| (១០) | ក្រមួយមិនចេះរិះគិត | ឃើញញាតិឆ្ងាយជិត | ហៅឡើងឆីស្លា។ |
| ទោះមានមិនមានក្ដីណា | ពាក្យផ្អែមចរចា | ទើបគេស្រឡាញ់។ | |
| កុំជួចិត្តស្មូរកំណាញ់ | មិនមានអស់អញ | នឹងញាតិសន្ដាន។ | |
| កើតយសរបស់ផងបាន | កើតសុខក្សេមក្សាន្ដ | ពីព្រោះកូនស្រី។ | |
| ទោះនឹងនិយាយស្រដី | ការកេរជាស្រី | កុំស្ដីឡេះឡោះ។ | |
| ថាលេងដូចក្មេងញ៉េះញ៉ោះ | ឃើញប្រុសកម្លោះ | សសៀរចូលជិត។ | |
| សើចព្រៀងកញ្ឆៀងមិនគិត | ប្រុសព្រើលបានចិត្ត | វាហ៊ានដោយសារ។ | |
| ហៅស្រីអប្រិយឥតការ | ឥតមានឥរិយា | មារយាទក្នុងខ្លួន។ | |
| សើរើពុំធ្វើនឹងនួន | ស្រដីមិនមួន | មិនមានអៀនអន់។ | |
| ឃើញគេបៀតបែរគយគន់ | សើចសួរចំអន់ | ចំអកឲ្យប្រុស។ | |
| (២០) | ហៅស្រីអប្រិយទុយ៌ស | មិនខ្លាចខ្លួនខុស | មារយាទក្រឹត្យក្រម។ |
| ធ្វើការអង្គុយច្រឡំ | នឹងសមពុំសម | ថាឯងជាស្រី។ | |
| មិនកោតមិនខ្លាចចិត្តប្ដី | ឲ្យប្រុសដទៃ | មាក់ងាយប្ដីណា។ | |
| ហៅស្រីឥតលក្ខណា | ឥតមានកិរិយា | មារយាទពុំសម។ | |
| ធ្វើការផងណាប្រើខំ | ទោះត្បាញចាក់ដំ | នាងខំឲ្យហើយ។ | |
| កុំទុកទៅមុខទៀតឡើយ | ថាចាំបង្ហើយ | កម្រណាស់ណា។ | |
| ទោះធ្វើហូលគោមព្រែផ្កា | ដាក់ត្បាញហើយណា | បានស្រេចសឹមធ្វើ។ | |
| ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ | ហើយកុំឲ្យដើរ | លេងផ្ទះគេណា។ | |
| ឱស្ងួនខ្លឹមខ្លួនរក្សា | នាងខំធ្វើការ | ទាន់ខ្លួនក្រមុំ។ | |
| មានប្ដីបានអ្វីជាខំ | រវល់កូនយំ | កម្រចេះឆ្លាត។ | |
| (៣០) | ព្រួយចិត្តគំនិតចង្អៀត | មួយហើយមួយទៀត | យំទារតែឆី។ |
| រីងព្រួយទាំងមួយទាំងពីរ | រកបានឲ្យឆី | ទើបបានបាត់មាត់។ | |
| ទៅកាន់ការធ្វើឲ្យស្ទាត់ | ហូលគោមគាត់កាត់ | អន្ទងត្បាញទៅ។ | |
| កុំទុកក្នុងស្មុគស្មាញនូវ | ក្រែងដល់យូរទៅ | ខាតខូចអសារ។ | |
| ហៃកូនស្រីស្ងួនមាតា | ចូរចាំរក្សា | កុំភ្លេចស្មារតី។ | |
| ចូររករៀនយកច្បាប់ស្រី | ឲ្យកោតខ្លាចប្ដី | គម្ដែងក្រឡា។ | |
| ធ្វើវត្តប្រតិបត្តិសោតណា | ឲ្យនាងរក្សា | ភ្នក់ភ្លើងទាំងបី។ | |
| ឲ្យកាត់ឲ្យគង់ប្រក្រតី | សព្វថ្ងៃកុំឲ្យបី | ភ្លេចផ្លុំឲ្យឆេះ។ | |
| ក្រែងរាលដូចដាលព្រាយប្រេះ | កើតក្ដៅរលេះ | រលាយអស់អង្គ។ | |
| ភ្លើងក្រៅកុំនាំទៅក្នុង | ឲ្យឆេះបំផ្លុង | ឬផ្លុំបង្កាត់។ | |
| (៤០) | ភ្លើងក្នុងមិនប្រុងប្រយ័ត្ន | នាំមកបង្កាត់ | ឲ្យឆេះឯក្រៅ។ |
| អុជអាលបណ្ដាលឲ្យក្ដៅ | ដាលដល់កូនចៅ | អសោចអប្រិយ។ | |
| ឲ្យនាងខំប្រុងស្មារតី | មើលភ្លើងទាំងបី | រក្សាឲ្យគង់។ | |
| ភ្លើងនោះឲ្យកូនពុំលង់ | នឹងឲ្យឧត្ដុង | ឧត្ដមកន្លង។ | |
| កើតយសរបស់ទ្រព្យផង | បរិបូរឥតហ្មង | ប្រសើរក្ដាត់ណា។ | |
| ភ្លើងមួយនោះឲ្យរក្សា | គឺគុណមាតា | បិតាស្ងូនគ្រង។ | |
| ឲ្យនាងធ្វើដោយគន្លង | ប្រណិប័តន៍កុំឆ្គង | នឹងម្ដាយឪពុក។ | |
| ឲ្យខំថែទាំញ៉ឹកញ៉ុក | ចំណីចំណុក | ចំណង់អាត្មា។ | |
| កុំឃ្លានទុកឆីឡើយណា | ឆ្ងាញ់ឈ្ងុយពិសា | ជូនជាប្រក្រតី។ | |
| ពាក្យពេចន៍ការកិច្ចអ្វីៗ | អត់ឱនកុំបី | ឲ្យអាក់ចិន្ដា។ | |
| (៥០) | ភ្លើងមួយគម្ដែងក្រឡា | គឺប្ដីអាត្មា | ឋិនថេររួមរ័ក្ស។ |
Subscribe to:
Comments (Atom)