ច្បាប់ស្រី
| (១) | នេះបទកំណត់ចងជា | ភុជង្គលីលា | ចងជាច្បាប់ស្រី។ |
| កាលនាងឥរន្ទវតី | ចរចាកតាមប្ដី | គឺបុណ្យកយក្សា។ | |
| នាងវិមលាជាព្រះមាតា | បើកបន្ទូលថា | ហៃកូនពិសី។ | |
| នាងនឹងត្រាច់ត្រង់តាមប្ដី | ចេញចាកអំពី | ពិភពនាគនេះ។ | |
| ទៅឋានមនុស្សលោកនាយអេះ | ចូរនាងចាំចេះ | បម្រើស្វាមី។ | |
| ធ្វើវត្តប្រតិបត្តិប្រក្រតី | កុំឲ្យស្វាមី | អាក់អន់ចិន្ដា។ | |
| នាងអើយគម្ដែងក្រឡា | ជាម្ចាស់សិរសា | កូនកុំមាក់ងាយ។ | |
| ហៃកូនស្រីមាសម្ដាយ | ក្រណាស់នាងអាយ | តាមដោយច្បាប់ស្រី។ | |
| ក្រមួយមិនបានសម្ដី | ពាក្យទន់តិចនៃ | ឲ្យញាតិចូលចិត្ត។ | |
| (១០) | ក្រមួយមិនចេះរិះគិត | ឃើញញាតិឆ្ងាយជិត | ហៅឡើងឆីស្លា។ |
| ទោះមានមិនមានក្ដីណា | ពាក្យផ្អែមចរចា | ទើបគេស្រឡាញ់។ | |
| កុំជួចិត្តស្មូរកំណាញ់ | មិនមានអស់អញ | នឹងញាតិសន្ដាន។ | |
| កើតយសរបស់ផងបាន | កើតសុខក្សេមក្សាន្ដ | ពីព្រោះកូនស្រី។ | |
| ទោះនឹងនិយាយស្រដី | ការកេរជាស្រី | កុំស្ដីឡេះឡោះ។ | |
| ថាលេងដូចក្មេងញ៉េះញ៉ោះ | ឃើញប្រុសកម្លោះ | សសៀរចូលជិត។ | |
| សើចព្រៀងកញ្ឆៀងមិនគិត | ប្រុសព្រើលបានចិត្ត | វាហ៊ានដោយសារ។ | |
| ហៅស្រីអប្រិយឥតការ | ឥតមានឥរិយា | មារយាទក្នុងខ្លួន។ | |
| សើរើពុំធ្វើនឹងនួន | ស្រដីមិនមួន | មិនមានអៀនអន់។ | |
| ឃើញគេបៀតបែរគយគន់ | សើចសួរចំអន់ | ចំអកឲ្យប្រុស។ | |
| (២០) | ហៅស្រីអប្រិយទុយ៌ស | មិនខ្លាចខ្លួនខុស | មារយាទក្រឹត្យក្រម។ |
| ធ្វើការអង្គុយច្រឡំ | នឹងសមពុំសម | ថាឯងជាស្រី។ | |
| មិនកោតមិនខ្លាចចិត្តប្ដី | ឲ្យប្រុសដទៃ | មាក់ងាយប្ដីណា។ | |
| ហៅស្រីឥតលក្ខណា | ឥតមានកិរិយា | មារយាទពុំសម។ | |
| ធ្វើការផងណាប្រើខំ | ទោះត្បាញចាក់ដំ | នាងខំឲ្យហើយ។ | |
| កុំទុកទៅមុខទៀតឡើយ | ថាចាំបង្ហើយ | កម្រណាស់ណា។ | |
| ទោះធ្វើហូលគោមព្រែផ្កា | ដាក់ត្បាញហើយណា | បានស្រេចសឹមធ្វើ។ | |
| ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ | ហើយកុំឲ្យដើរ | លេងផ្ទះគេណា។ | |
| ឱស្ងួនខ្លឹមខ្លួនរក្សា | នាងខំធ្វើការ | ទាន់ខ្លួនក្រមុំ។ | |
| មានប្ដីបានអ្វីជាខំ | រវល់កូនយំ | កម្រចេះឆ្លាត។ | |
| (៣០) | ព្រួយចិត្តគំនិតចង្អៀត | មួយហើយមួយទៀត | យំទារតែឆី។ |
| រីងព្រួយទាំងមួយទាំងពីរ | រកបានឲ្យឆី | ទើបបានបាត់មាត់។ | |
| ទៅកាន់ការធ្វើឲ្យស្ទាត់ | ហូលគោមគាត់កាត់ | អន្ទងត្បាញទៅ។ | |
| កុំទុកក្នុងស្មុគស្មាញនូវ | ក្រែងដល់យូរទៅ | ខាតខូចអសារ។ | |
| ហៃកូនស្រីស្ងួនមាតា | ចូរចាំរក្សា | កុំភ្លេចស្មារតី។ | |
| ចូររករៀនយកច្បាប់ស្រី | ឲ្យកោតខ្លាចប្ដី | គម្ដែងក្រឡា។ | |
| ធ្វើវត្តប្រតិបត្តិសោតណា | ឲ្យនាងរក្សា | ភ្នក់ភ្លើងទាំងបី។ | |
| ឲ្យកាត់ឲ្យគង់ប្រក្រតី | សព្វថ្ងៃកុំឲ្យបី | ភ្លេចផ្លុំឲ្យឆេះ។ | |
| ក្រែងរាលដូចដាលព្រាយប្រេះ | កើតក្ដៅរលេះ | រលាយអស់អង្គ។ | |
| ភ្លើងក្រៅកុំនាំទៅក្នុង | ឲ្យឆេះបំផ្លុង | ឬផ្លុំបង្កាត់។ | |
| (៤០) | ភ្លើងក្នុងមិនប្រុងប្រយ័ត្ន | នាំមកបង្កាត់ | ឲ្យឆេះឯក្រៅ។ |
| អុជអាលបណ្ដាលឲ្យក្ដៅ | ដាលដល់កូនចៅ | អសោចអប្រិយ។ | |
| ឲ្យនាងខំប្រុងស្មារតី | មើលភ្លើងទាំងបី | រក្សាឲ្យគង់។ | |
| ភ្លើងនោះឲ្យកូនពុំលង់ | នឹងឲ្យឧត្ដុង | ឧត្ដមកន្លង។ | |
| កើតយសរបស់ទ្រព្យផង | បរិបូរឥតហ្មង | ប្រសើរក្ដាត់ណា។ | |
| ភ្លើងមួយនោះឲ្យរក្សា | គឺគុណមាតា | បិតាស្ងូនគ្រង។ | |
| ឲ្យនាងធ្វើដោយគន្លង | ប្រណិប័តន៍កុំឆ្គង | នឹងម្ដាយឪពុក។ | |
| ឲ្យខំថែទាំញ៉ឹកញ៉ុក | ចំណីចំណុក | ចំណង់អាត្មា។ | |
| កុំឃ្លានទុកឆីឡើយណា | ឆ្ងាញ់ឈ្ងុយពិសា | ជូនជាប្រក្រតី។ | |
| ពាក្យពេចន៍ការកិច្ចអ្វីៗ | អត់ឱនកុំបី | ឲ្យអាក់ចិន្ដា។ | |
| (៥០) | ភ្លើងមួយគម្ដែងក្រឡា | គឺប្ដីអាត្មា | ឋិនថេររួមរ័ក្ស។ |
No comments:
Post a Comment