Wednesday, July 17, 2013

ច្បាប់ស្រី (៣)





ច្បាប់ស្រី (ត)


លោកទុកស្មើកុកទំផ្ទះ រង្គំរង្គះ នឹងបង់អស់ទ្រព្យ។

កន្លងជើងប្ដីពុំគាប់ ព្រោះចិត្តចង់ឆាប់ រំលងជើងប្ដី។

ស្មើសត្វលលកស៊ីខ្មោចខ្មី ហើយច្រាលអប្រិយ កើតព្យាធិរោគា។

ចង្រៃមួយនៃរាល់គ្នា ចេញចូលមាត់ទ្វារ ពុំបានបិទបាំង។

ធ្វេសប្រាណខុសខានមិនរាំង មិនរុញបំបាំង មើលយល់សាយសុស។

ទុកស្មើគេអុជចន្លុះ ឲ្យចោរចូលផ្ទះ យកទ្រព្យទាំងឡាយ។

ស្រីមួយសើចលេងក្អាកក្អាយ ឮលេខចម្ងាយ រំលងផ្ទះបី។

ស្មើសត្វចចាតបក្សី ចូលភូមិផងក្ដី ចង្រៃក្ដាត់ណា។

ស្រីមួយដេកដាក់កាយា ប្រះប្រែអាត្មា ឲ្យខ្នងទៅប្ដី។
(១១០) ទុកស្មើពស់ក្រាយអប្រិយ ឡើងផ្ទះឥតបី ឥតបើគណនា។

ចង្រៃកាចក្រៃពុំជា នឹងព្រាត់ប្រាសគ្នា ពុំបានវែងឆ្ងាយ។

ស្រីមួយសក់វែងអន្លាយ រំសុសរំសាយ សក់សោតរេរា។

នៅមាត់អណ្ដូងមាត់ទ្វារ បីដូចមជ្ជរា ឆ្មាលាក់ក្រចក។

ចង្រៃឥតបីបើរក រេរាសំកក មិនចុកសក់ងាយ។

ស្រីមួយដើរទៅទាត់ជាយ ឮលាន់ស្ទើរធ្លាយ ប្រថពីសន្ធឹក។

សំពត់ដាច់ដាចមិននឹក ដើរឮគគឹក ស្មើសូររន្ទះ។

ញ៉ាំញើសំណើរលះ ដាក់ជើងលើផ្ទះ គគ្រាំងគគ្រេង។

កក្រើកផ្ទះទាំងបីល្វែង ដូចកលគេសែង របស់ចេញទៅ។

ស្រីមួយឃើញទ្រព្យនៅផ្លូវ កន្លងហួសទៅ មិនចាប់ចេញទុក។
(១២០) ពុំចេរចំណេរទៅមុខ ពុំចេះដាក់ទុក រាយរាល់តែល្វែង។

ទ្រព្យនោះរលោះចេញឯង ចង្រៃទាស់ទែង ធ្វើឲ្យអន្តរាយ។

ទោះឆីចំណីនូវបាយ លបលូកកកាយ ពមពុំសណ្ដាប់។

កូនអើយនេះហើយចូរស្ដាប់ ហៅក្ដីឧបទ្រព ទាំងដប់ប្រការ។

ឲ្យចៀសអស់ទាំងនេះណា ឲ្យរៀនលក្ខណា ទាំងប្រាំពីរផង។

គឺព្រះមានបុណ្យកន្លង ទេសនាចែងចង ជាបទគាថា។

មួយមាតុមួយមិត្តភរិយា កាតុភរិយាជាតិ ទាសភរិយាផង។

ទាំងបួនប្រសើរឥតហ្មង គួរឲ្យចាំចង ទុកក្នុងអង្គា។

រីឯហៅមាតុភរិយា ប្រពន្ធនោះជា លោកទុកស្មើម្ដាយ។

ចរិតបីប្រការក្នុងកាយ មួយចង់ខ្វល់ខ្វាយ ប្រយោជន៍ឲ្យប្ដី។
(១៣០) បានថ្កើងរុងរឿងឮល្បី មិនឲ្យអាប់ប្ដី ឲ្យបានសក្តិយស។

មួយបើប្ដីស្លៀកពាក់ចាស់ យកថ្មីឲ្យផ្លាស់ ចាស់ស្លៀកខ្លួនឯង។

ចេះរៀបរណ្ដាប់តាក់តែង ចំណីផងស្វែង រកមកឲ្យប្ដី។

មួយបើប្ដីឈឺថ្កាត់អ្វី ព្រួយប្រឹងមើលប្ដី រកថ្នាំសង្កូវ។

រកពេទ្យមេមត់នូវគ្រូ គ្រោះយាមគន់គូរ មើលប្ដីឲ្យជា។

រីឯហៅកាតុភរិយា ប្រសើរសោភា ប្រពន្ធស្មើបង។

នោះមានចរិតពីរផង ដូចប្អូននិងបង ចិត្តមូលមួយប្រាណ។

មួយធ្វើឲ្យប្ដីក្សេមក្សាន្ត របស់ប្ដីបាន ចេះទុករក្សា។

មួយទោះឮពាក្យអ្នកណា គេតិះដៀលថា ស្រដីពីប្ដី។

ពុំត្រូវអាស្រូវអប្រិយ ចេះការកេរ្តិ៍ប្ដី បែរបានជាសុខ។
(១៤០) ទោះបីបើប្ដីមានទុក្ខ គិតឲ្យបានសុខ យកខ្លួនធានា។

មួយសោតឯមិត្តភរិយា មានចរិតជា បីប្រការមិញ។

បីដូចកលមិត្តសម្លាញ់ មានចិត្តអស់អញ មិនឲ្យមានហ្មង។

បីដូចកលប្អូននិងបង ប្រាសយូរលង់ហោង ទើបមកជួបគ្នា។

មានចិត្តប្រតិព័ទ្ធមហិមា ត្បិតបានជួបគ្នា មិនឲ្យមានហ្មង។

មួយមានមារយាទកន្លង ទោះឃើញប្រុសផង មិនល្អៀងចិត្តទៅ។

រីទាសភរិយានោះកូវ ក្នុងមាត្រាត្រូវ ប្រពន្ធខ្ញុំប្ដី។

ចរិតប្រាំបីប្រការខ្មី មួយចិត្តខ្លាចប្ដី ក្រែងប្ដីវាយជេរ។

ប្រុងចិត្តការគិតខ្មាសគេ មិនឲ្យប្ដីជេរ បន្ទោសខ្លួនបាន។

ទោះខឹងប្ដីក្រៃប៉ុន្មាន មិនចេះហៅហាន ឆ្លើយឈ្លោះតមាត់។
(១៥០) មួយទោះប្ដីនោះកាចក្ដាត់ ខឹងដល់វាយវាត់ ជេរចោរដកទង។

No comments:

Post a Comment