| ប្រាក់ចាយអស់ទៅ | ព្រោះមនុស្សឥឡូវ | អុត្បាតចង្រៃ | |
| ជាតិខ្មែរប្រែភេទ | ក្រលែតក្រលៃ | ក្រលាស់សាសន៍សៃយ | |
| សព្វសត្វនានា។ | |||
| ជាតិខ្មែរប្រែខុស | ស្រីក្លែងធ្វើប្រុស | ប្រុសក្លែងធ្វើជ្វា | |
| យកប្ដីប្រពន្ធ | មិនស្គាល់មីងមា | បុណ្យទានការងារ | |
| កាប់គ្នាឥតក្រែង។ | |||
| ល្ងង់រិកធ្វើចេះ | គោចងត្រដោកសេះ | ប្រុសៗដុះស្នែង | |
| ស្រីពាក់អាវខ្លី | ប្រុសពាក់អាវវែង | សារុងហៀរកែង | |
| ធ្វើឯងអ្នកគ្រាន់។ | |||
| កាន់ចិត្ដសីហលោ | សេះទឹមនឹងគោ | ចាក់ហ៊ោលាន់ៗ | |
| រកស៊ីមួយថ្ងៃ | ចង់បានមួយពាន់ | បរគោជល់មាន់ | |
| ចាក់កាប់ជាប់គុក។ | |||
| ២០៥- | រីល្បែងបៀប៉ោ | ច្រើនទៅជាចោរ | ប្រកាសហាមទុក |
| ចូរកូនប្រយ័ត្ន | ប្រយោជន៍ទៅមុខ | ចាំជាទំនុក | |
| ដំណកូនចៅ។ | |||
| អ្នកកុំប្រហែស | រាជការនិរទេស | កំចាត់ចេញទៅ | |
| រាជការអាណិត | ខំប្រិតប្រដៅ | កុំលោភល្ងង់ខ្លៅ | |
| ថោកផៅត្រកូល។ | |||
| ប្រយ័ត្នក្រែងក្រ | ផ្លូវច្បាប់ល្អៗ | អ្នកខំប្រមូល | |
| ផ្លូវវៀចអាក្រក់ | អ្នកកុំដើរចូល | ហៅផ្លូវមិនស្រួល | |
| លង់ផុតគំនិត។ | |||
| ដើរផ្លូវកណ្ដាល | ស្រលាញ់ស្និតស្នាល | ឈឺឆ្អាលដោយពិត | |
| មគ្គផលសីលទាន | ឈានចូលឲ្យជិត | យកធម៌ជាមិត្រ | |
| មិនឥតអំពើ។ | |||
| មនុស្សម្នាក់ច្រើនឆោត | ច្រើនគ្មានគេកោត | ឈឺគ្មានគេមើល | |
| ស្លាប់ឥតគេព្រួយ | គេជួយទាំងស្ទើរ | មិនដែលឡើងលើ | |
| ច្រមុះចុះក្រោម។ | |||
| ២១០- | កូនចៅស្រីៗ | ក្រមុំសាវខ្ចី | រៀនឆោតឲ្យល្មម |
| ប្រុសស្មើម៉ែឪ | ឆូវឆប្រលោម | មើលរូបមើលឆោម | |
| កុំព្រមដោយងាយ។ | |||
| កុំក្និចក្នក់ក្នាញ់ | បើចិត្ដស្រលាញ់ | កុំចេញនិយាយ | |
| បើស្អប់កុំប្ដឹង | បើខឹងកុំធ្លាយ | កុំរោះកុំរាយ | |
| កុំងាយធ្វើស្និទ្ធ។ | |||
| កុំដើរប្រាប់គេ | កុំអាងអួតជេរ | ក្រែងប្រុសឈឺចិត្ដ | |
| នៅឲ្យតែនឹង | កុំរវល់ធ្វើស្និទ្ធ | ប្រុសនឹងអាណិត | |
| គិតចូលដណ្ដឹង។ | |||
| បើម៉ែឪឲ្យ | មើលមុខមើលក្រោយ | អាក្រក់ខ្មៅឆ្អឹង | |
| ប្រកែកដោយស្ងាត់ | កុំខ្លាចម្ដាយខឹង | កើតកូនមកតឹង | |
| ពិបាកចាយណាស់។ | |||
| កុំឃ្លានចំណី | កុំខ្លាចអត់ប្ដី | កុំភ័យខ្លាចចាស់ | |
| មើលមុខឯងផង | កុំរើសឥតខ្មាស | ខ្លួនល្អស្រលះ | |
| មិនខ្វះគេស្ដី។ | |||
| ២១៥- | បើបានជាខូច | ទាន់ផើមនៅតូច | ខែពីរខែបី |
| រវៀសឆ្លើយប្រញាប់ | ប្រាប់គ្នាស្រីៗ | កុំលាក់ធ្វើអី | |
| ក្នុងតែគេដឹង។ | |||
| កុំមាយាបេះក្រូច | មារយាទចេះតែខូច | មាត់ចេះតែខឹង | |
| គេថាត្រង់ណា | ជេរគេត្រង់ហ្នឹង | ជេរហើយខំប្រឹង | |
| យកថ្មសង្កត់។ | |||
| រំលាយរំលូត | អាក្រក់តែគូទ | អួតល្អតែមាត់ | |
| មានគេឃើញច្បាស់ | ម្នះរឹងហ៊ានស្បថ | ទោសនេះនឹងភ្លាត់ | |
| ធ្លាក់ទៅអវចី។ | |||
| ចោរកាចល្ងង់ខ្លៅ | ប្រាជ្ញប្រាមប្រដៅ | ហៅបារាជិកស្រី | |
| មេបាគេកាច់ | ស្លាប់ពីរស្លាប់បី | រំលូតកូនខ្ចី | |
| ស្មើរំលាយព្រះ។ | |||
| មានកាលមានក្ស័យ | ខ្វិនជើងខ្វិនដៃ | កខ្វេះកខ្វាស | |
| ខ្វាក់ភ្នែកអន្ធការ | អនិច្ចារូបណាស់ | អាក្រក់កេរ្ដិ៍ខ្មាស | |
| តកូនតចៅ។ | |||
| ២២០- | អសោចសុសសាយ | សុសសព្វដល់ម្ដាយ | ដល់ពូជពង្សផៅ |
| ស្លាប់ទៅរងទុក្ខ | នរកឋានក្រៅ | គេស្រុះទឹកក្ដៅ | |
| ស្លាប់ទៅរស់ទៀត។ | |||
| ស៊ីខ្ទះឈាមឯង | ព្រះអង្គសំដែង | ថាម៉ឺនសែនជាតិ | |
| ឡើងមកជាប្រេត | ហេតុកម្មមិនឃ្លាត | អត់ឃ្លាតគ្មានញាតិ | |
| ហែកកូនឯងស៊ី។ | |||
| ព្រះពុទ្ធលែងប្រោស | ធម៌លែងសន្ដោស | សោយទុក្ខវក់វី | |
| ហេតុចិត្ដឫ្យា | មិច្ឆាទិដ្ឋី | កើតជាជ្រូកញី | |
| គេគ្រៀវគេចាក់។ | |||
| អសង្ខេយ្យឆ្នាំ | ហេតុផលសេសកម្ម | កើតជាមនុស្សខ្វាក់ | |
| មនុស្សខ្វិនទ្រែមទ្រម | ជាគមជាគាក់ | ខ្ទើយឆ្កួតអបលក្ខណ៍ | |
| ជាអ្នកឥតប្ដី។ | |||
| បើម្ដាយជួយព្រួត | ជួយនាំរំលូត | រំលាយកូនខ្ចី | |
| នរកប្រេតព្រមគ្នា | មិនឃើញរស្មី | ត្បិតចិត្ដតិរ្ថិយ | |
| ទាំងម្ដាយទាំងកូន។ | |||
| ២២៥- | ហេតុនេះគួរខ្លាច | ធម្មតាចោរកាច | មិនដែលស្ងាត់សូន្យ |
| អសោចកេរ្ដិ៍ឈ្មោះ | ទាំងអស់បងប្អូន | មេបាតាដូន | |
| កាត់កាលលែងរាប់។ | |||
| គួរប្រុងអិរិយា | កើតទាន់សាសនា | ហៅមហាមានភ័ព្វ | |
| ទាំងស្រីទាំងប្រុស | កុំបីឲ្យធ្លាប់ | គួរខំរៀនផ្គាប់ | |
| បរលោកលោកិយ។ | |||
| ឯខុសនឹងគាប់ | បើនឹងរៀបរាប់ | រាល់រូបប្រុសស្រី | |
| គាប់ខុសនៅចិត្ដ | ខុសគាប់នៅស្ដី | គំរប់ជាបី | |
| ខុសត្រូវនៅកាយ។ | |||
| កូនប្រុងប្រព្រឹត្ដ | ការកេរ្ដិ៍ឲ្យជិត | គំនិតឲ្យឆ្ងាយ | |
| កើតមកជាខ្មែរ | កុំប្រែក្លែងក្លាយ | ធម្មតាសប្បាយ | |
| វាតែងឲ្យទុក្ខ។ | |||
| ឲ្យទោសឲ្យទែង | ទាស់តែម្នាក់ឯង | ដល់ម្ដាយឪពុក | |
| រីឯរឿងទោស | មានតែពីរមុខ | មួយនៅនរក | |
| មួយនាលោកិយ។ | |||
| ២៣០- | លោភោទោសោ | កើតពីមោហោ | រាល់រូបប្រុសស្រី |
| គួរកាន់មេត្ដា | កតញ្ញូខន្ដី | នេះជាបាលី | |
| ទៅកាន់បរលោក។ | |||
| ពាក្យពិតប្រដៅ | ឲ្យអស់កូនចៅ | ប្រព្រឹត្ដរៀនយក | |
| កូនណាមិនរៀន | កូននឹងមារយាទថោក | នឹងធ្លាក់ជ្រុលជ្រក | |
| ក្នុងចតុបារាយ។ | |||
| ធំស្រេចនៅស្លូត | សុខខ្លួនរហូត | ដរាបវែងឆ្ងាយ | |
| ខន្ដីអំណត់ | សង្កត់ក្នុងកាយ | ជាតិជនទាំងឡាយ | |
| កំរកាន់បាន។ | |||
| ចេះហើយមិនដឹង | ចិត្ដនៅម្នះរឹង | ប្រឹងរកកម្មដ្ឋាន | |
| រកធម៌មិនយល់ | ខ្ជិលខ្វល់ឈប់ខាន | បន្ទោសបុរាណ | |
| ថាគ្មាននិស្ស័យ។ | |||
| រីបាបនិងបុណ្យ | មានចិត្ដជាមុន | មាត់ជាបច្ច័យ | |
| នាំចុះនាំឡើង | ពីជើងពីដៃ | សន្សំសព្វថ្ងៃ | |
| ឈ្មោះហៅសំណាង។ | |||
| ២៣៥- | កើតក្នុងលោកិយ | រាល់រូបប្រុសស្រី | មានចិត្ដមានអាង |
| កុសលអកុសល | ប្រទាញសងខាង | រូបនៅតេងតាង | |
| តែងតាមទៅមក។ | |||
| មគ្គផលសីលទាន | បើល្ងង់ឲ្យរៀន | បើគ្មានឲ្យរក | |
| យល់ល្អសាងស្អាត | សង្វាតជ្រៀតជ្រក | ជ្រើសរើសរៀនរក | |
| រក្សារូបកាយ។ | |||
| នេះជាហៅច្បាប់ | ជាទីសណ្ដាប់ | សណ្ដានទាំងឡាយ | |
| កូនចៅប្រុសស្រី | កុំបីនឿយណាយ | សង្ខេបបរិយាយ | |
| និដ្ឋិតំចែងចប់។ | |||
| អ្នកព្រះភិរម្យ | អាចារ្យង៉ុយខ្ញុំ | បង្គំម្រាមដប់ | |
| លើសលស់ឆ្គាំឆ្គង | រំលងពុំគាប់ | ពុំគួរសមសព្វ | |
| សុសសាយសេចក្ដី។ | |||
| កាយកម្មវចីកម្ម | ឈ្មោះច្បាប់បណ្ដាំ | កូនចៅប្រុសស្រី | |
| ជាបរមត្ថក្រៅ | មិនហៅបាលី | បរលោកលោកិយ | |
| ទាំងពីរកន្លែង។ | |||
| ២៤០- | បើលោកឯណា | ចេះចាំធម៌អាថិ | ប្រាកដជាក់ស្ដែង |
| ឃើញខុសត្រង់ណា | កុំថាជាល្បែង | ដ្បិតពាក្យខ្ញុំតែង | |
| ឲ្យក្មេងវាភ័យ។ | |||
| មិនមែនភរភូត | កុំថាខ្ញុំអួត | ប្រាជ្ញាខ្ញុំវៃ | |
| ឃើញមនុស្សវង្វេង | ខ្ញុំតែងច្បាប់ថ្មី | អស់អាថិសេចក្ដី | |
| អេវំចប់ហោង៕ |
Sunday, December 1, 2013
ច្បាប់ល្បើកថ្មី (ចប់)
Labels:
កំណាព្យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment