| អ្នកប្លន់អ្នកលួច | ឆក់បានតិចតួច | បានគ្រាន់បើដែរ | |
| ដល់គេឃើញមុខ | ត្រូវគុកច្រើនខែ | អាក្រក់ដល់ម៉ែ | |
| ខូចកេរ្ដិ៍ដល់ឪ។ | |||
| ចង់ខ្ពស់បានទាប | ចចើងចង់លាភ | រែងបាត់ធនទៅ | |
| ពាក្យពីបូរាណ | លោកអានតំរូវ | រិកមនុស្សឥឡូវ | |
| ត្រូវតាមតំរាយ។ | |||
| អ្នកលួចអ្នកប្លន់ | ចង់បានប្រពន្ធ | ចេញជួញស្រុកឆ្ងាយ | |
| ទិញងារមេស្រុក | សូកធ្វើចៅហ្វាយ | ចង់ថ្កើងសប្បាយ | |
| ចាយប្រាក់រាជការ។ | |||
| ឆបាំងបំបាត់ | លួចបានដោយស្ងាត់ | អាងមានប្រាជ្ញា | |
| ក្រលេកថ្នាំងដៃ | កាលៃបោះត្រា | ទាស់ភ្នែកទេវតា | |
| រក្សាផែនដី។ | |||
| ១៦៥- | មួយទៀតទូរជន | ធ្វើបាបបានបុណ្យ | គឺបុណ្យមន្រ្ដី |
| ទោសទៅចងចាប់ | កាប់ឥតប្រណី | បានបុណ្យមន្រ្ដី | |
| ព្រោះបុណ្យធ្វើបាប។ | |||
| អំពើទាំងអស់ | កុំសាងឲ្យសោះ | ចៀសវាងដរាប | |
| កាន់សីលព្រះពុទ្ធ | ឱនលុតឱនក្រាប | បើក្រដុនដាប | |
| មានទេវតាជួយ។ | |||
| កូនអើយទេវតា | ស្ថិតសព្វព្រឹក្សា | រងោករងួយ | |
| មនុស្សទ្រូស្ដឫ្យា | ឯណានិមួយ | ទេវតាពុំជួយ | |
| ចំណាំស្គាល់មុន។ | |||
| មិនដែលកំបាំង | រាជការបារាំង | គេចាប់ដាក់គុក | |
| ដល់ខ្លួនស្លាប់ទៅ | នៅរងសោយទុក្ខ | សោយទោសនរក | |
| ទាំងពីរកន្លែង។ | |||
| នរកបារាំង | មានខ្សោយមានខ្លាំង | មានខ្លីមានវែង | |
| នរកយម្ភបាល | គេផ្ចាលឥតក្រែង | ព្រះអង្គសំដែង | |
| ថាលានកោដិឆ្នាំ។ | |||
| ១៧០- | ហេតុនេះគួរវាង | គួរចាលគួររាង | គួរចងគួរចាំ |
| គួរកុំធ្វើបាប | ដរាបខ្លាចកម្ម | គួរកាន់សីលប្រាំ | |
| បណ្ដាំសាសនា។ | |||
| ហៃកូនចៅអើយ | ក្រលាប់អស់ហើយ | មិនដូចដូនតា | |
| ភ្លៀងជនខែប្រាំង | រាំងខែវស្សា | ឆ្នាំវករកា | |
| ត្រីស័កនេះឯង។ | |||
| រនោចផល្គុន | រកាពីមុន | ឯកស័កជាក់ស្ដែង | |
| ក្នុងខ្នើតផល្គុន | ជនគ្រប់កន្លែង | ទាំងគេទាំងឯង | |
| ធ្វើស្រែមិនបានផល។ | |||
| ឆ្នាំរោងឆស័ក | វិសាខភ្លៀងធ្លាក់ | ពីររោចសំគាល់ | |
| យប់ថ្ងៃអាទិត្យ | ងងឹតព្យុះខ្យល់ | ភ្លៀងជន់ពេញថ្នល់ | |
| ពេញវាលតូចធំ។ | |||
| ពេញអូរពេញជ្រោះ | ដើមឈើទាបខ្ពស់ | រលុះរលំ | |
| ឫ្សីស្រុកយើង | រលើងទាំងគុម្ព | ទើបគ្រាប់វាផ្ដុំ | |
| ផ្ដួចដុះជាថ្មី។ | |||
| ១៧៥- | ឆ្នាំចកុរជូត | រាំងរីងរហូត | គ្រប់ឆ្នំាទាំងបី |
| កើតទាំងជំងឺ | ស្លាប់មនុស្សប្រុសស្រី | ខាលថោះអស់ភ័យ | |
| ធ្វើស្រែស្រូវបាន។ | |||
| ភ្លៀងឆ្នាំម្សាញ់ | រលីងក្បាលក្រាញ់ | ត្រូវតាមបុរាណ | |
| កត្ដឹកជន់វាល | រាលសព្វស្មសាន | អ្នកស្ទឹងប៉ុន្មាន | |
| រលួយស្រូវអស់។ | |||
| ដាច់ថ្នល់ខានដើរ | រាជការគេប្រើ | ទាំងចាស់កំលោះ | |
| មមែរងកម្ម | បញ្ចាំកេរ្ដិ៍កោះ | គ្មានអ្វីស៊ីសោះ | |
| ដាច់ពោះក្សិណក្ស័យ។ | |||
| ខែចែត្រឆ្នាំវក | ស្រលះពពក | កើតមានសម័យ | |
| ជាហេតុអស្ចារ្យ | សុរិយាល្ងាចថ្ងៃ | អុត្បាតង្រៃ | |
| ឃើញសត្វអ្វីហោះ។ | |||
| ពីជើងទៅត្បូង | ចាស់ក្មេងមើលច្រូង | បានឃើញទាំងអស់ | |
| មើលមិនស្គាល់ជាក់ | ធ្លាក់ចំចន្លោះ | បាត់ឈឹងសូន្យសោះ | |
| មិនដឹងទៅណា។ | |||
| ១៨០- | កាលមុននោះមក | ខែបុស្សឆ្នាំវក | លែងមានប្រាជ្ញា |
| មានតែមេស្រុក | វាស់បែងក្រឡា | ដីមួយហិតា | |
| ត្រូវសែសឹបថាំង។ | |||
| រង្វាន់មេស្រុក | ត្រូវហូតមួយទុក | ដប់ជូនបារាំង | |
| ទៅដល់ប៊ុយរ៉ូ | បង្ហូរដាក់ឃ្លាំង | ពូជពីរកន្ដាំង | |
| ក៏ជាប់ពន្ធដែរ។ | |||
| គ្មានធូរគ្មានតឹង | កូនអើយខំប្រឹង | ជាតិឯងជាខ្មែរ | |
| ក្មេងប្រុសជំទង់ | នៅក្នុងឪម៉ែ | រាជការប្រិតប្រែ | |
| ថាឲ្យបង់ប្រាក់។ | |||
| កូនចៅប្រុសស្រី | កើតមកលើដី | ខំរកលុយកាក់ | |
| បានហើយប្រឹងខំ | ផ្សំគ្នាទុកដាក់ | គ្រាន់ទិញស្លៀកពាក់ | |
| បង់ថ្លៃរាជការ។ | |||
| ភទ្របទឆ្នាំច | ចាប់គោខ្មៅស | ដុតដែកបោះត្រា | |
| ដល់កុរជូតឆ្លូវ | តំរូវយ៉ាងណា | នឹងកើតអស្ចារ្យ | |
| រហូតរាល់ឆ្នាំ។ | |||
| ១៨៥- | នគរថ្កើងប្លែក | សប្បាយតែភ្នែក | ក្នុងចិត្ដរងកម្ម |
| កូនប្រុសបណ្ដាច់ | កុំភ្លេចបណ្ដាំ | កប្បាសសូត្រថ្នាំ | |
| ត្រីម៉ាំលែងថោក។ | |||
| ដូងស្លាអំពៅ | អំបិលស្ករស្រូវ | មានទៅមានមក | |
| មានចុះមានឡើង | រាស្រ្ដយើងល្មមយក | ល្មមរេលៃលក | |
| គួរយកគួរខាន។ | |||
| កប្បាសនិងថ្នាំ | គួរដាស់ដីដាំ | ធ្វើដៃឯងបាន | |
| កុំអាងខ្ជិលពេក | កុំដេកឈប់ខាន | កុំចោលបុរាណ | |
| ម៉ែឪដូនតា។ | |||
| ដីកេរគរគោក | កុំអាងខ្ជិលជោក | ទៅឈ្ងោកចិនផ្សារ | |
| កូនចៅស្រីៗ | ខំរៀនធ្វើការ | បើគ្មានប្រាជ្ញា | |
| មានមាត់ចេះស្ដី។ | |||
| ឲ្យសួរចាស់ៗ | រៀនបោះកប្បាស | ថ្ពេចមូរសំលី | |
| រៀនកូតរៀនការ | ត្រសារពាត់រវៃ | ហូលគោមគាតក្ដី | |
| កុំបីចន្លោះ។ | |||
| ១៩០- | រៀនថ្កររៀនត្បាញ | ឲ្យចាស់បង្ហាញ | បង្ហាត់ទាំងអស់ |
| សំពត់បែបងាយ | លាយសូត្រអំបោះ | កុំទិញគេសោះ | |
| ឈ្មោះការជាស្រី។ | |||
| ទិញដូរតែលាក់ | អញ្ជុលចេសចាក់ | ព្រហូតជាបី | |
| ធ្មេញឈើឈ្នាន់ផ្សំ | ក្ដារមូរក្ដារកី | ត្រល់ខ្នារឫ្សី | |
| មុខប្ដីជាប្រុស។ | |||
| តាំងពីឆ្នាំច | ការអ្វីក្រៗ | ខំរៀនទៅចុះ | |
| ទាន់មានចាស់នៅ | ស្គាល់ត្រូវស្គាល់ខុស | ចាស់ស្លាប់រលស់ | |
| គ្មានមនុស្សចេះដឹង។ | |||
| រកស៊ីឲ្យញឹក | ដេកយប់រលឹក | រឹតក្បិនឲ្យតឹង | |
| បើភ្ញាក់កាលណា | កាន់ការកាលនឹង | កូនអើយខំប្រឹង | |
| ទាំងប្រុសទាំងស្រី។ | |||
| រមៀតស្លឹកគ្រៃ | ជីរម្ទេសខ្ទឹមខ្ញី | មានដីដាំចុះ | |
| ដាំដើមអ្វីៗ | ចំណីគ្រប់ឈ្មោះ | គ្រឿងស៊ីឆ្អែតពោះ | |
| ជុះចោលទទេ។ | |||
| ១៩៥- | ជុះទិសខាងជើង | ជុះដាក់ដីយើង | កុំជុះដីគេ |
| កុំជុះដាក់ផ្លូវ | ត្រូវមាត់ក្មេងជេរ | ដីសល់ទំនេរ | |
| ល្មមមាត់ជុះទៅ។ | |||
| សក់មួយជាដប់ | ជ្រៀតសិតឲ្យសព្វ | កុំឲ្យសល់នៅ | |
| បើប្រាជ្ញារាក់ | ចាក់ចិត្ដឲ្យជ្រៅ | ដាំចេកអំពៅ | |
| ដូរស្រូវអង្ករ។ | |||
| កើតមកជាមនុស្ស | មួយព្រួយចង់រស់ | មួយព្រួយចង់ល្អ | |
| ពីនេះជាធំ | វានាំឲ្យក្រ | ចាំជាតំណ | |
| តជាទំនុក។ | |||
| មនុស្សមារយាទមិនប៉ិន | កូននៅខ្ញុំចិន | ព្រោះម្ដាយឪពុក | |
| ធ្វើស្រែមិនត្រូវ | គ្មានស្រូវជង្រុក | កូនអើយចាំទុក | |
| នេះមុខមេក្រ។ | |||
| មេ១ជាធំ | កំលោះក្រមុំ | ស្លៀកពាក់ចង់ល្អ | |
| បើបានបែបខ្មៅ | ថានៅបែបស | ទើបគ្រាន់អន់ក្រ | |
| ត្រដរចង់ថ្កើង។ | |||
| ២០០- | ក្រលាប់នគរ | រឹងរឹតកើតចោរ | ច្រើនឡើងច្រើនឡើង |
| ពាលរឹងក្រអើត | ចើតម៉ើតចើតម៉ើង | ក្រដាស់យ៉ាងស្ដើង | |
| ចាយរហែកនៅដៃ។ |
Sunday, December 1, 2013
ច្បាប់ល្បើកថ្មី (៥)
Labels:
កំណាព្យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment