| ប្រពន្ធនិងប្ដី | អាយុវែងខ្លី | យើងមើលមិនច្បាស់ | |
| កុំយកពូជល្បែង | ពូជភ្លេងអារក្ខ | បើម្ង៉ៃបង់ប្រាក់ | |
| រកអាយុវែង។ | |||
| អំបូរពង្សពូជ | ត្រកូលធ្លាប់ខូច | វាខូចមិនលែង | |
| ពូជចោរស្រីៗ | យកប្ដីចិត្ដឯង | មិនគិតកោតក្រែង | |
| ខ្លាចចិត្ដមេបា។ | |||
| កូនចៅស្រីៗ | បើនឹងយកប្ដី | ឲ្យមើលកិរិយា | |
| មួយភ្លេងអារក្ខ | មួយអ្នកបាណា | មួយអ្នកផឹកស្រា | |
| មួយអ្នកចង់ស្រី។ | |||
| មួយអ្នកក្រមាច់ | លេងផោមលេងអាច់ | ច្រើនអាយុខ្លី | |
| ប្រកាច់ដាច់លក្ខណ៍ | ជាន់អារក្ខព្រៃ | មួយគឺមន្រ្ដី | |
| ធ្វើក្រមជំទប់។ | |||
| ៨៥- | ជំទយតែដើរ | មេស្រុកគេប្រើ | ទាំងថ្ងៃទាំងយប់ |
| មានមួកខ្វះឆ័ត្រ | កំរមានគ្រប់ | មួយទៀតកុំភប់ | |
| ជួញប្រាំប្រការ។ | |||
| ប្រាកដជាខុស | លក់សត្វទាំងរស់ | មិនចេះអនិច្ចា | |
| សព្វសត្វអ្វីៗ | បក្សីបក្សា | ព្រាត់មេព្រាត់បា | |
| ទេវតាលោកលក់។ | |||
| លោកិយនេះខ្សត់ | យម្ភបាលគេកត់ | នៅស្ថានរក | |
| មួយហួយអាប៉ោង | ប៉ោបៀគ្រប់មុខ | កូនអើយចាំទុក | |
| ក្រគ្រប់ប្រាំបី។ | |||
| ឯអ្នកទាំងអស់ | រកស៊ីម៉េះម៉ស់ | ច្រើនជាងស្រីៗ | |
| ប្រាជ្ញានោះវែង | គំនិតនោះខ្លី | ប្រពន្ធជេរស្ដី | |
| អាងឈ្លោះបំពាន។ | |||
| នេះពូជអ្នកក្រ | រស់ទាំងត្រដរ | ទាំងអត់ទាំងឃ្លាន | |
| ធ្វើគុណនឹងគេ | រកគេសងគ្មាន | ហេតុនេះកុំរៀន | |
| ទាំងប្រាំបីផ្លូវ។ | |||
| ៩០- | យ៉ាងអ្នកនេសាទ | មិនដែលសង្វាត | ធ្វើស្រែបានស្រូវ |
| ប្រព្រឹត្ដសាងកម្ម | ប្រចាំរដូវ | វង្វេងខុសត្រូវ | |
| ព្យាយាមសំលាប់។ | |||
| អន្ទាក់ជង់កុក | អង្រុតឈ្នាងឈ្នក់ | គ្រប់គ្រឿងប្រដាប់ | |
| ថ្លុកបៀត្រពាំង | ទប់បាំងបាចចាប់ | ចោលស្រូវកណ្ដាប់ | |
| កណ្ដុរកាត់អស់។ | |||
| កំពប់ខ្ចាត់ខ្ចាយ | ខូចខាតអន្ដរាយ | មិនស្ដាយស្រណោះ | |
| យប់រវល់ប្របក់ | ចង់បានត្រីរ៉ស់ | ខែភ្លឺរវល់ឆ្លុះ | |
| ដើរដេញសំពោច។ | |||
| វក់តែសប្បាយ | ដើរដេញទន្សាយ | ដើរចងសន្ទូច | |
| អំពើអស់នោះ | ច្រើនខ្វះស្រូវពូជ | ធ្វើបានតិចតួច | |
| អាងជឿគេស៊ី។ | |||
| កូនអើយបំណុល | ចងការជឿបុល | មួយឡើងជាពីរ | |
| អ្នកភ្លេងអារក្ខ | ច្រើនទឹមគោញី | ធ្វើស្រែមួយពីរ | |
| ធ្វើសោះតែខាន។ | |||
| ៩៥- | ថ្ងៃដេកក្រភ្ញាក់ | យប់លៀងអារក្ខ | ឈឺឆ្អាលសន្ដាន |
| គេស្ដីគេពឹង | នឹងឈប់មិនបាន | គេរករាប់អាន | |
| កាលមានធុរៈ។ | |||
| ផ្លុំប៉ីកូតទ្រ | ស្រែកច្រៀងវាយស្គរ | មិនបានលុយកាក់ | |
| ឯងពឹងគេវិញ | គេគ្មានជំពាក់ | ពឹងបានម្នាក់ៗ | |
| ដោយសារឲ្យថ្លៃ។ | |||
| ឡើងត្នោតភ្ជួរស្រែ | កំរទាន់គេ | ដ្បិតដេកដល់ថ្ងៃ | |
| ច្រូតកាត់ចង់ឆាប់ | ជួលគេពេញថ្លៃ | ចំណេះចង្រៃ | |
| នាំខាតធ្វើការ។ | |||
| ឯខ្មោចអារក្ខ | ស្លាប់ដប់រស់ម្នាក់ | ថ្វាយចេកថ្វាយស្រា | |
| សំពះនឹកគុណ | ខ្មោចប្រេតដូនតា | មិនដែលអ្នកណា | |
| នឹកគុណអ្នកភ្លេង។ | |||
| ឯអ្នកប្រមឹក | ប្រមូលកនផឹក | ធ្វើភឿននឹងក្មេង | |
| សំដីច្រើនតឹង | ស្រវឹងវង្វេង | ចំហរអួតក្អេង | |
| មិនចេះក្រខ្សត់។ | |||
| ១០០- | អួតទាំងបំពាន | ផឹកម្ង៉ៃលុយមាន | ផឹកម្ង៉ៃលុយអត់ |
| ឯងចេះតែកិន | ចិនគិតតែកត់ | ផឹកដល់កំណត់ | |
| យកស្រែបញ្ចាំ។ | |||
| សល់ថ្នាលមួយពីរ | វាយគោស្ងោរស៊ី | មិនគិតខ្លាចកម្ម | |
| ផឹកជ្រុលហួសល្បត់ | អត់បាយរាប់ឆ្នាំ | អស់ស្រែបញ្ចាំ | |
| បញ្ចាំកូនទៀត។ | |||
| កំណើតផឹកស្រា | ផឹកផុតមេត្ដា | ផឹកជ្រុលហួសមាឌ | |
| អ្នកមួយផឹកស្ទើរ | ល្ងីល្ងើចេះឆ្លៀត | ម្យ៉ាងផឹកផុតមារយាទ | |
| ច្រើននៅខ្ញុំចិន។ | |||
| រែកទឹកពុះអុស | វាទុញវាតុះ | ចាក់កែវផឹកសិន | |
| ស៊ូរែកខំអត់ | សំពត់ខើចក្បិន | ទំរាំបាយឆ្អិន | |
| ចិនដួសហៅស៊ី។ | |||
| ឆ្ងាញ់តែម្នាក់ឯង | ឆ្អែតហើយខំស្វែង | ខំលើកខំលី | |
| ដងទឹកស្រោចគ្រប់ | ស្រោចខ្ទឹមម្ទេសជី | ខ្ញុំចិនម្ង៉ៃពីរ | |
| វិលទៅរវាំងផ្ទះ។ | |||
| ១០៥- | ឯអ្នកចង់ស្រី | ប្រពន្ធពីរបី | ថាឯងអ្នកណាស់ |
| គន់ឯសំពត់ | តែមួយបន្លាស់ | ពាក់អាវបំណាស់ | |
| កំរមានថ្មី។ | |||
| ផ្ទះលេចវាលល្វឹង | ជញ្ជាំងចងហ៊ឹង | ស្លាធ័របាយសី | |
| ខួចប្រេងក្រមួន | ម្លូស្លាបារី | កំលោះពីរបី | |
| ចោមរោមរៀនស្នែហ៍។ | |||
| រៀនស្នាលរៀនស្និទ្ធ | កើតក្ដីពីក្ដិត | ព្រួយចិត្ដម៉ែឪ | |
| កូនអើយប្រពន្ធ | អាងមន្ដពូកែ | ត្រូវគុករាប់ខែ | |
| អស់ស្រែត្រពាំង។ | |||
| ធម្មតាប្រពន្ធ | បានដោយសីលមន្ដ | ដោយស្ងាត់កំបាំង | |
| រកស៊ីលៀនភ្នែក | បានវែកខ្វះឆ្នាំង | បានល្អីកន្ដាំង | |
| នៅខ្លះចង្អេរ។ | |||
| បាននេះខ្វះនោះ | ក្រហេតុពីព្រោះ | អាពុកម្ដាយជេរ | |
| បើចូលជំនុំ | មិនរម្យដូចគេ | អង្គុយវេះវេរ | |
| មិនហ៊ានហាលមុខ។ | |||
| ១១០- | នេះពុតអ្នកក្រ | ចាំជាតំណ | តជាទំនុក |
| ប្រយ័ត្នដំនៀល | គេដៀលអាពុក | កូនអើយចាំទុក | |
| ចាំតកូនចៅ។ | |||
| រក្សាពូជពង្ស | បើខ្លួនល្ងឹតល្ងង់ | ស្ដាប់ចាស់ប្រដៅ | |
| កុំស្អប់អ្នកប្រាជ្ញ | កុំខ្លាចអ្នកខ្លៅ | បើមនុស្សឆោតឆៅ | |
| កូនឯងកុំភប់។ | |||
| កុំភ័យខ្លាចអត់ | មើលឲ្យប្រាកដ | គួរយកគួរឈប់ | |
| គួរឈានគួរឈោង | តោងមើលឲ្យគ្រប់ | កុំចេះតែងប់ | |
| មិនស្ដាប់ឪម៉ែ។ | |||
| រកប្ដីប្រពន្ធ | ឲ្យគិតឲ្យគន់ | ឲ្យមើលថួនថែ | |
| ត្រកូលក្រខ្សត់ | ប្រាកដតាមខ្សែ | បីដូចឈើផ្លែ | |
| មិនដែលចេះក្លាយ។ | |||
| ជូរផ្អែមធំតូច | ដើមក្រូចផ្លែក្រូច | ដើមស្វាយផ្លែស្វាយ | |
| ពូជស្រីចោរក្បត់ | មិនអត់សាហាយ | ពូជស្រីមេម៉ាយ | |
| ពីម្ដាយដល់កូន។ | |||
| ១១៥- | រើសពូជមិនខុស | ពូជសាំងនិងប្រុស | ទាំងអស់បងប្អួន |
| ពូជសែនមេបា | ពីតាដល់ដូន | ពូជល្អសុទ្ធសូន្យ | |
| ពីដូនដល់ចៅ។ | |||
| រករូបមិនក្រ | អាក្រក់ហើយស | មារយាទល្អហើយខ្មៅ | |
| ស្រីក្មេងមានខ្មាស | ប្រដូចតាមផៅ | ចាស់ចង់ប្រដៅ | |
| មិនសូវខុសខាន។ | |||
| ពាក្យចាស់លោកថា | ធ្វើស្រែចំការ | ស្ដាប់មហាសង្រ្កាន្ដ | |
| ធ្វើម្ដងខុសខាត | ធ្វើម្ដងទៀតបាន | ធ្វើតាមប្រមាណ | |
| ប្រមើលទឹកភ្លៀង។ | |||
| រកប្ដីប្រពន្ធ | ឲ្យគយឲ្យគន់ | រើសរករូបរាង | |
| ពូជថ្លៃល្មមយក | ពូជថោកល្មមវាង | រូបល្អរិកល្អៀង | |
| នាងកុំប្រសព្វ។ | |||
| ជាតិស្រីនិងប្រុស | បើបានជាខុស | ខុសទាល់ថ្ងៃងាប់ | |
| បើបានរូបល្អ | កំរមានភ័ព្វ | មានខុសមានគាប់ | |
| ដូចស្រែចំការ។ | |||
| ១២០- | មួយទៀតអ្នកចាំ | អាពុកចំណាំ | ទុកជាតំរា |
| កុំយកតំរាប់ | កុំស្ដាប់អាចារ្យ | បើនឹងរៀបការ | |
| កុំការប្រធួន។ |
Sunday, December 1, 2013
ច្បាប់ល្បើកថ្មី (៣)
Labels:
កំណាព្យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment