| ៤១- | រាជ្យបារាំងសេស | កូនកុំប្រហែស | កុំថ្នមរូបកាយ |
| ដើរគិតដេកគិត | ជួញជិតជួញឆ្ងាយ | បើចង់សប្បាយ | |
| ស្រេចនៅមានទ្រព្យ។ | |||
| រាជ្យហ្លូងពីមុន | រកស៊ីរែកពុន | មានក្រតាមភ័ព្វ | |
| រាជ្យលោកឥឡូវ | ត្រូវខំឲ្យញាប់ | តែខ្ជិលច្រើនជាប់ | |
| ខ្នោះជើងខ្នោះដៃ។ | |||
| តាំងពីឆ្នាំច | ចាំជាដំណ | ទំនិញឡើងថ្លៃ | |
| ចងក្បិតឲ្យតឹង | ប្រឹងកុំសំចៃ | សញ្ជឹងយប់ថ្ងៃ | |
| កុំឲ្យក្រខ្សត់។ | |||
| បើចង់ស្រាលខ្លួន | រៀនសូត្រឲ្យមួន | ឲ្យមាំឲ្យស្ទាត់ | |
| កុំចេះស្ទាក់ស្ទើ | ល្ងីល្ងើឥតបទ | បើចេះប្រាកដ | |
| ប្រាក់រត់តាមហៅ។ | |||
| ៤៥- | កុំថ្នមកំលាំង | កាប់ជីកចូកចាំង | កុំថារងាក្ដៅ |
| រៀនអ្វីឲ្យឆ្អិន | កុំឲ្យខ្លោចឆៅ | កុំដេកតែខ្លៅ | |
| ក្រក្រៅសន្ដាប់។ | |||
| បើល្ងង់ឲ្យចេះ | រករៀនតំរិះ | រិះរកតំរាប់ | |
| អិន្រ្ទីឆ្វេងស្ដាំ | កុំចាំគេប្រាប់ | រៀនស្ដីរៀនស្ដាប់ | |
| រៀនមើលឲ្យស្ដែង។ | |||
| កើតមកជាមនុស្ស | ទាំងស្រីទាំងប្រុស | មិនដែលចេះឯង | |
| បើក្រឲ្យមាន | វិញ្ញាណចេះក្រែង | គិតគ្រប់កន្លែង | |
| កុំដេកតែក្រ។ | |||
| កុំប្លន់កុំលួច | កុំខ្ជិលកុំខូច | កុហកឆូវឆ | |
| បោកប្រាសយកប្រាក់ | ច្រវាក់ជាប់ក | កាន់មារយាទល្អ | |
| សុច្ចរិតត្រឹមត្រូវ។ | |||
| កូនអើយរកស៊ី | កកាយធរណី | ធ្វើស្រែយកស្រូវ | |
| កុំតាមអ្នកណា | បាតាមតែឪ | លើកភ្លឺជិតផ្លូវ | |
| កុំស្រាស់បន្លា។ | |||
| ៥០- | គេដើរយប់ថ្ងៃ | មុតជើងមុតដៃ | ដឹងចៀសទៅណា |
| ចៀសចុះជាន់ស្រូវ | ហើយជេរផ្ដាសា | កូនម្ដាយអាណា | |
| ស្រាស់ដើរមិនរួច។ | |||
| កុំយកគល់ឈើ | ទៅដាក់ពីលើ | ទោះធំទោះតូច | |
| ជំពប់ជើងគេ | គេថាឯងខូច | ជេរដៀលដល់ពូជ | |
| ប្រដូចមេបា។ | |||
| លើកភ្លឺឲ្យធំ | បង្ហាប់ឲ្យមាំ | គាប់ភ្នែកទេវតា | |
| ស្មើបានសង់ស្ពាន | នឹងមិនផលា | កើតសាធុការ | |
| អាយុយឺនវែង។ | |||
| កូនអើយធរណី | បើតាមគម្ពីរ | ដែលលោកសំដែង | |
| កុំចង់បានធំ | ក្រមុំឆ្វេលឆ្វែង | កុំលើកដីឯង | |
| លបដាក់ស្រែគេ។ | |||
| អំពើអាក្រក់ | មួយចំរៀកសក់ | ធ្លាក់ទៅនិរយេ | |
| បច្ចុប្បន្នលោកិយ៍ | កើតក្ដីវាយជេរ | មិនដែលសុខទេ | |
| ព្រោះដីមួយហត្ថ។ | |||
| ៥៥- | កុំជួញចង់ទាស់ | ខូចខាតរបស់ | អស់ទ្រព្យសម្បត្ដិ |
| ចង់គង់ប្រយោជន៍ | ឲ្យចេះប្រយ័ត្ន | ពាក្យឪមួយមាត់ | |
| ឲ្យគិតមួយម៉ោង។ | |||
| សំអាតផ្ចិតផ្ចង់ | លើកភ្លឺឲ្យត្រង់ | កុំលើកឲ្យកោង | |
| អ្នកកុំប្រហែស | ក្រែងមានប្រហោង | លើកមើលទំនង | |
| ទំនាបទឹកហូរ។ | |||
| ចំនួនទឹកស្ទឹង | ទឹកព្រែកទឹកបឹង | ទឹកវាលទឹកអូរ | |
| អ្នកលើលិចស្រូវ | ត្រូវបើកបង្ហូរ | អ្នកក្រោមកុំថ្ងូរ | |
| បន្ធូរហួសទៅ។ | |||
| រាំងរឹងថ្ងៃយប់ | កុំឲ្យបាក់ជ្រៅ | ឆាប់លើកឆាប់ទប់ | |
| កត្ដឹកចេញខ្យល់ | តំកល់ទឹកនៅ | បើចង់បានស្រូវ | |
| ស្រេចនៅត្រឹមថែ។ | |||
| កុំយកគ្រាប់ត្នោត | ទៅដាំទៅដោត | ពីលើភ្លឺស្រែ | |
| ចិត្ដគិតប្រមាណ | ចង់បានផ្កាផ្លែ | ដាំដុះដង្ហែ | |
| បង្ហិនខ្លួនឯង។ | |||
| ៦០- | ដល់ត្នោតឡើងគល់ | ឡើងកើតនាំខ្វល់ | ធាងលូតឡើងវែង |
| ភ្ជួររាស់ជាប់នឹម | ក្របីជាប់ស្នែង | ទទើសទទែង | |
| ភ្ជួរឆ្វេងមិនត្រូវ។ | |||
| ដល់ត្នោតវាធំ | មានស្លឹកវាទុំ | វាជ្រុះក្នុងស្រូវ | |
| ស្រែឆ្ងាយពីផ្ទះ | ឃ្លាតណាស់ពីផ្លូវ | ទំរាំតែទៅ | |
| រលួយស្រូវអស់។ | |||
| កូនអើយកុំឆោត | បើចង់បានត្នោត | ដាំដោយកៀនកោះ | |
| ដីទួលចំការ | ឯណាចន្លោះ | ដាំជារបស់ | |
| ជាយជួររបង។ | |||
| របៀបចំការ | ថែទាំរក្សា | យូរៗស្រាស់ម្ដង | |
| ស្រាស់ឲ្យត្រូវជួរ | មើលគួរសមផង | កុំបើកមុជឆ្លង | |
| ទៅស្រាស់ខាងក្រៅ។ | |||
| មិនគាប់ប្រសើរ | របងវាដើរ | អ្នកម្ខាងវាក្ដៅ | |
| កើតក្ដីកើតក្ដាំ | អស់ខោអស់អាវ | ខឹងអស់ញាតិផៅ | |
| ពីព្រោះចំការ។ | |||
| ៦៥- | មួយទៀតរបង | ជិតផ្លូវអ្នកផង | គេទៅណាៗ |
| ធ្វើឲ្យទូលាយ | កុំរាយបន្លា | កាប់ឆ្កេះទាត់ឆ្ការ | |
| ឲ្យឆ្ងាយពីផ្លូវ។ | |||
| កុំធ្វើចង្អៀត | ក្រែងយប់អាធ្រាត្រ | ខ្លះមកខ្លះទៅ | |
| ចៀសគ្នាមិនរួច | បើកបរកាត់ស្រូវ | ជេរម្ដាយតាមផ្លូវ | |
| រហូតដល់ផ្ទះ។ | |||
| កូនអើយអ្នកចាំ | អ្នកកុំចងកម្ម | មានពៀរច្រើនណាស់ | |
| ជាតិក្រោយខ្វក់ខ្វិន | កខ្វេះកខ្វាស | សូវចោលដីខ្លះ | |
| មិនខាតប៉ុន្មាន។ | |||
| កុំខ្លាចតែក្រ | ធ្វើរិកមិនល្អ | ច្រើនកើតរឱស្ថាន | |
| រអែករអោក | បាត់ញាតិសន្ដាន | ឥតគេរាប់អាន | |
| មានតែគេស្អប់។ | |||
| កាន់រិកឲ្យខ្ពស់ | ឲ្យខ្ពើមពាក្យឈ្លោះ | ទើបបានជាគាប់ | |
| យកឆោតដាក់ខ្លួន | ច្រើនមានគេរាប់ | បើខ្លួនឥតទ្រព្យ | |
| កុំធ្លាប់ហ៊ានខ្ចី។ | |||
| ៧០- | គ្រប់ការសារពើ | ចង្អេរកញ្ជើ | កន្ដាំងតៅល្អី |
| រនាស់រទេះ | គោសេះក្របី | បើបានជាខ្ចី | |
| ខ្ចីប្រាក់គេទិញ។ | |||
| យកមករកស៊ី | ខែមួយខែពីរ | សងប្រាក់គេវិញ | |
| របស់បានយើង | ជាជើងជួញចេញ | ឯទ្រព្យនោះមិញ | |
| ពេញជាទ្រព្យឯង។ | |||
| កុំខ្ចីគេប្រើ | តែមួយដំណើរ | មិនយូរអង្វែង | |
| ជួនជាបាក់បែក | ជជែកទាស់ទែង | សងគេមិនលែង | |
| ចាស់ផ្លាស់ជាថ្មី។ | |||
| កើតមកជាប្រុស | គិតឲ្យសព្វសុស | កុំឲ្យសល់អ្វី | |
| បួសរៀនធម៌អាថិ | សាស្រ្ដាបាលី | បរលោកលោកិយ | |
| កុំបីចន្លោះ។ | |||
| សឹកមករកស៊ី | កកាយធរណី | ធ្វើជាគ្រហស្ថ | |
| កុហកជឿបុល | បំណុលរុំកោះ | ច្រើនគេដាក់ខ្នោះ | |
| អស់ស្រែចំការ។ | |||
| ៧៥- | ធ្វើរាស្រ្ដរកស៊ី | ចិញ្ចឹមគោញី | ថែទាំព្យាបាល |
| ក្រហេតុពីខ្ជិល | មានត្បិតអុស្សាហ៍ | អ្នកមានប្រាជ្ញា | |
| មិនស្មើគំនិត។ | |||
| កំណើតសំណាង | សំណូមសូមសាង | កកើតពីគិត | |
| ពីកាលជាតិមុន | បុណ្យព្រេងអតិត | កើតរូបគំនិត | |
| ទើបកើតសំណាង។ | |||
| ឯមនុស្សសំណល់ | ល្ងង់ល្ងើងឿងឆ្ងល់ | ទាស់ទែងក្អេងក្អាង | |
| ដប់ឆ្នាំនេះហើយ | ប្រកាន់ម្យ៉ាងៗ | ខ្លះអួតសំណាង | |
| ខ្លះអាងគំនិត។ | |||
| កូនចៅប្រុសស្រី | រកប្រពន្ធប្ដី | ឲ្យរកស្រុកជិត | |
| បើរកស្រុកឆ្ងាយ | ឲ្យម្ដាយពិនិត្យ | ឲ្យត្រឹមត្រូវពិត | |
| ពូជពង្សាវតារ។ | |||
| កូនអើយអ្នកចាំ | កុំជឿខែឆ្នាំ | កុំជឿតំរា | |
| ពាក្យក្បួនទាំងឡាយ | កើតពីមនុស្សចារ | ពីដូនពីតា | |
| ចារតាមសំគាល់។ | |||
| ៨០- | អ្នកជឿតែពូជ | អំបូរធ្លាប់ខូច | វាខូចរាងរាល់ |
| ពូជមានវាមាន | ពូជទាល់វាទល់ | កុសលអកុសល | |
| យើងមើលមិនជាក់។ |
Saturday, August 31, 2013
ច្បាប់ល្បើកថ្មី (២)
Labels:
កំណាព្យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment