Sunday, August 20, 2017

សំណងល្អ​ និង​ សំណាង​អាក្រក់






ប្រែសម្រួលដោយ តេង សំអាន
ដកស្រង់ចេញពីសៀវភៅៈ "Born To Win" និពន្ធដោយ Boris Vene និង Nikola Grubisa



កាលពីបុរាណកាល ដ៏យូរលង់មួយក្នុងប្រទេសចិន មានកសិករចំណាស់ម្នាក់។ គាត់​មាន​ទ្រព្យ និង របស់​របរ​ប្រើ​ប្រាស់ច្រើនគួរសម មានសេះដ៏ស្អាតមួយក្បាល និង​មាន​កូន​ប្រុស​​ប្រកប​​ដោយ​​គន្លង​ធម៌ម្នាក់ ដែលជាទី​ច្រណែន នៃអ្នកភូមិផង។

ថ្ងៃមួយសេះរបស់គាត់បានលោតចេញពីក្រោល ហើយរត់ចូលទៅក្នុងព្រៃបាត់។ ក្រោយពីឮថាគាត់ បាត់​សេះ អ្នក​ជិត​ខាង​គាត់​ក៏​បាន​មក​ផ្ទះរបស់គាត់ដើម្បីលួងលោមគាត់។ ពួកគេនិយាយទៅកាន់ គាត់​​ថា "ហេតុអ្វី​ក៏​​សំណាង​​អាក្រក់​​ម្ល៉េះ?" កសិករ​ចំណាស់កាល​បើ​បានឮ​ហើយ ក៏​​តប​យ៉ាង​​សាមញ្ញ វិញថា "ហេតុអ្វី​ក៏អ្នក​ដឹងថា វា​ជា​​សំណាង​​អាក្រក់​​សម្រាប់ខ្ញុំ?"

រំលងពីរបីសប្តាហ៍ក្រោយមក សេះរបស់គាត់ដែល​ស្រេក​ឃ្លាន ក៏​បាន​ត្រលប់​មកវិញ ដើម្បីស៊ីចំណី ដែល​វា​ធ្លាប់ស៊ីក្នុង​ក្រោល។ អ្វីដែល​នឹកស្មាន​មិនដល់នោះ សេះ​នោះ​ថែម​ទាំងបាន​នាំសេះព្រៃ ជា​ច្រើន​​ក្បាល​មក​ជាមួយ​វា​ផង។ ដំណឹង​នេះ​បាន​ឮ​ដល់​អ្នកភូមិ ពួកគេក៏មកជួបគាត់ដើម្បីអបអរ ដល់​គាត់​​ដែល​​បាន​ទទួល​នូវ​លាភ​ថ្មី​នេះ។ ពួក​គេ​អះ​អាង​ថា ជា​សំណាង​ដ៏​ធំ​សម្រាប់​កសិករ ចំណាស់ ក៏​ប៉ុន្តែ​​នៅ​ពេល​​ឮ​ពាក្យ​ទាំងនេះ គាត់​គ្រាន់​តែ​តប​ថា "ហេតុអ្វី​បាន​ជា​អ្នក​ដឹង​ថា ជា​សំណាង​របស់ខ្ញុំ?"

ច្រើន​ខែ​កន្លងហួសទៅ ថ្ងៃមួយនៅ​ពេល​ដែល​កំពុង​បង្ហាត់សេះថ្មី​ កូន​ប្រុស​របស់​គាត់បាន​ធ្លាក់ពី លើ​​ខ្នង​​សេះ ហើយ​មាន​របួសជាទម្ងន់។ គ្រូពេទ្យ​ប្រាប់​ទៅ​គាត់​ថា កូន​ប្រុស​តែមួយ​របស់គាត់ នឹង​ពិការ​​អស់​មួយជីវិត។ បន្ទាប់ពីឭដំណឹងដ៏អកុសលនេះ អ្នកភូមិបានមកជួយលួងលោម នឹង បង្ហាញ​ក្តីអាណិតអាសូរចំពោះកសិករចំណាស់។ នៅពេលឮអ្នកភូមិនិយាយថា វាជាសំណាង ដ៏ អាក្រក់​ដែលកូនប្រុសតែមួយធ្លាក់ខ្លួនពិការ គាត់មិនអស់សង្ឃឹម ហើយតបវិញយ៉ាងសុទិដ្ឋិនិយម និង​ទឹក​មុខញញឹម ថា "ហេតុអ្វីបានជាអ្នកដឹងថា វាជាសំណាងដ៏អាក្រក់?"

ក្រោយមកមិនយូរប៉ុន្មាន ស្រុកទេសក៏កើតកលយុគ។​ ព្រះរាជាបានបញ្ជាឲ្យគេ ដើរកែនទាហាន ពី​គ្រប់​ទីកន្លែងដើម្បីយកទៅច្បាំង។ ប្រុសៗក្នុងភូមិរបស់គាត់ក៏ជាប់ក្នុងកំណែននោះដែរ។ ដោយ សារ​ពិការភាព កូនប្រុសរបស់គាត់មិនត្រូវបានជ្រើសរើសឡើយ។ សង្រ្គាមបានបញ្ចប់ តែដំណឹង​ដ៏​គួរ​​ឲ្យរន្ធត់មួយបានមកដល់ភូមិរបស់គាត់ ទាហានដែលកែនទៅ ទាំងប៉ុន្មានបានពលីក្នុង​សមរភូមិ​​អស់ទៅហើយ គ្មាននរណាម្នាក់អាចត្រលប់មកវិញឡើយ។

ទោះបីស្ថិតក្នុងជីវភាពលំបាក កសិករចំណាស់ នឹងកូនប្រុស បានបន្តរស់យ៉ាងសុខសាន្តនៅ ក្នុង​ភូមិ​របស់គាត់។
-------------------------------------------------

តើអ្វីជាតម្លៃក្នុងរឿងនេះ?
"អ្វីដែលកើតឡើងចំពោះយើង មិនសុទ្ធតែល្អ ឬ អាក្រក់ឡើយ។ នៅពេលដែលអ្នក​បាន​ទទួល​របស់ម្យ៉ាង អ្នកក៏បានបាត់បង់របស់ ម្យ៉ាង នៅពេលជាមួយគ្នាដែរ។ " គប្បីមាន​សុទិដ្ឋិនិយម និង សង្ឃឹមជានិច្ច!!!!

No comments:

Post a Comment