Sunday, August 20, 2017

សំណងល្អ​ និង​ សំណាង​អាក្រក់






ប្រែសម្រួលដោយ តេង សំអាន
ដកស្រង់ចេញពីសៀវភៅៈ "Born To Win" និពន្ធដោយ Boris Vene និង Nikola Grubisa



កាលពីបុរាណកាល ដ៏យូរលង់មួយក្នុងប្រទេសចិន មានកសិករចំណាស់ម្នាក់។ គាត់​មាន​ទ្រព្យ និង របស់​របរ​ប្រើ​ប្រាស់ច្រើនគួរសម មានសេះដ៏ស្អាតមួយក្បាល និង​មាន​កូន​ប្រុស​​ប្រកប​​ដោយ​​គន្លង​ធម៌ម្នាក់ ដែលជាទី​ច្រណែន នៃអ្នកភូមិផង។

ថ្ងៃមួយសេះរបស់គាត់បានលោតចេញពីក្រោល ហើយរត់ចូលទៅក្នុងព្រៃបាត់។ ក្រោយពីឮថាគាត់ បាត់​សេះ អ្នក​ជិត​ខាង​គាត់​ក៏​បាន​មក​ផ្ទះរបស់គាត់ដើម្បីលួងលោមគាត់។ ពួកគេនិយាយទៅកាន់ គាត់​​ថា "ហេតុអ្វី​ក៏​​សំណាង​​អាក្រក់​​ម្ល៉េះ?" កសិករ​ចំណាស់កាល​បើ​បានឮ​ហើយ ក៏​​តប​យ៉ាង​​សាមញ្ញ វិញថា "ហេតុអ្វី​ក៏អ្នក​ដឹងថា វា​ជា​​សំណាង​​អាក្រក់​​សម្រាប់ខ្ញុំ?"

រំលងពីរបីសប្តាហ៍ក្រោយមក សេះរបស់គាត់ដែល​ស្រេក​ឃ្លាន ក៏​បាន​ត្រលប់​មកវិញ ដើម្បីស៊ីចំណី ដែល​វា​ធ្លាប់ស៊ីក្នុង​ក្រោល។ អ្វីដែល​នឹកស្មាន​មិនដល់នោះ សេះ​នោះ​ថែម​ទាំងបាន​នាំសេះព្រៃ ជា​ច្រើន​​ក្បាល​មក​ជាមួយ​វា​ផង។ ដំណឹង​នេះ​បាន​ឮ​ដល់​អ្នកភូមិ ពួកគេក៏មកជួបគាត់ដើម្បីអបអរ ដល់​គាត់​​ដែល​​បាន​ទទួល​នូវ​លាភ​ថ្មី​នេះ។ ពួក​គេ​អះ​អាង​ថា ជា​សំណាង​ដ៏​ធំ​សម្រាប់​កសិករ ចំណាស់ ក៏​ប៉ុន្តែ​​នៅ​ពេល​​ឮ​ពាក្យ​ទាំងនេះ គាត់​គ្រាន់​តែ​តប​ថា "ហេតុអ្វី​បាន​ជា​អ្នក​ដឹង​ថា ជា​សំណាង​របស់ខ្ញុំ?"

ច្រើន​ខែ​កន្លងហួសទៅ ថ្ងៃមួយនៅ​ពេល​ដែល​កំពុង​បង្ហាត់សេះថ្មី​ កូន​ប្រុស​របស់​គាត់បាន​ធ្លាក់ពី លើ​​ខ្នង​​សេះ ហើយ​មាន​របួសជាទម្ងន់។ គ្រូពេទ្យ​ប្រាប់​ទៅ​គាត់​ថា កូន​ប្រុស​តែមួយ​របស់គាត់ នឹង​ពិការ​​អស់​មួយជីវិត។ បន្ទាប់ពីឭដំណឹងដ៏អកុសលនេះ អ្នកភូមិបានមកជួយលួងលោម នឹង បង្ហាញ​ក្តីអាណិតអាសូរចំពោះកសិករចំណាស់។ នៅពេលឮអ្នកភូមិនិយាយថា វាជាសំណាង ដ៏ អាក្រក់​ដែលកូនប្រុសតែមួយធ្លាក់ខ្លួនពិការ គាត់មិនអស់សង្ឃឹម ហើយតបវិញយ៉ាងសុទិដ្ឋិនិយម និង​ទឹក​មុខញញឹម ថា "ហេតុអ្វីបានជាអ្នកដឹងថា វាជាសំណាងដ៏អាក្រក់?"

ក្រោយមកមិនយូរប៉ុន្មាន ស្រុកទេសក៏កើតកលយុគ។​ ព្រះរាជាបានបញ្ជាឲ្យគេ ដើរកែនទាហាន ពី​គ្រប់​ទីកន្លែងដើម្បីយកទៅច្បាំង។ ប្រុសៗក្នុងភូមិរបស់គាត់ក៏ជាប់ក្នុងកំណែននោះដែរ។ ដោយ សារ​ពិការភាព កូនប្រុសរបស់គាត់មិនត្រូវបានជ្រើសរើសឡើយ។ សង្រ្គាមបានបញ្ចប់ តែដំណឹង​ដ៏​គួរ​​ឲ្យរន្ធត់មួយបានមកដល់ភូមិរបស់គាត់ ទាហានដែលកែនទៅ ទាំងប៉ុន្មានបានពលីក្នុង​សមរភូមិ​​អស់ទៅហើយ គ្មាននរណាម្នាក់អាចត្រលប់មកវិញឡើយ។

ទោះបីស្ថិតក្នុងជីវភាពលំបាក កសិករចំណាស់ នឹងកូនប្រុស បានបន្តរស់យ៉ាងសុខសាន្តនៅ ក្នុង​ភូមិ​របស់គាត់។
-------------------------------------------------

តើអ្វីជាតម្លៃក្នុងរឿងនេះ?
"អ្វីដែលកើតឡើងចំពោះយើង មិនសុទ្ធតែល្អ ឬ អាក្រក់ឡើយ។ នៅពេលដែលអ្នក​បាន​ទទួល​របស់ម្យ៉ាង អ្នកក៏បានបាត់បង់របស់ ម្យ៉ាង នៅពេលជាមួយគ្នាដែរ។ " គប្បីមាន​សុទិដ្ឋិនិយម និង សង្ឃឹមជានិច្ច!!!!

ខ្មៅ​ដៃ​ដ៏ល្អ





ប្រែសម្រួលដោយៈ តេង សំអាន
ប្រភពៈ រឿងនិទានអប់រំបរទេស



អ្នកផលិតខ្មៅដៃម្នាក់បានកំពុងរៀប ខ្មៅដៃដាក់ក្នុងប្រអប់។ រៀបនឹង ដាក់ គាត់បាន ​និយាយ ទៅ​កាន់ខ្មៅដៃនោះថា “ឯងនឹង ចូលទៅកាន់ ពិភពលោកដ៏ ធំនាពេលដ៏ខ្លី ខាងមុខ។ បើ​ឯង​ចង់ ក្លាយ ជាខ្មៅដៃ​ដែល​ ល្អជាងគេបំផុត ឯង​ត្រូវដឹង​គោលការណ៍ ៥  ហើយ ត្រូវ​ចងចាំជានិច្ច!”​

  • “ទី១- ឯងអាចធ្វើកិច្ចការអស្ចារ្យបានច្រើន ប៉ុន្តែឯងត្រូវឲ្យស្មេរកាន់ខ្លួនរបស់​ឯងក្នុង​ដៃគេ។ ”
  • “ទី២- ​ឯងនឹងទទួលបទពិសោធន៍ឈឺចាប់ម្តងហើយម្តងទៀត ដោយសារ​ការចិត ឬខួង ក៏ប៉ុន្តែ ឯងចាំបាច់ត្រូវតែទទួលដើម្បីក្លាយជាខ្មៅដៃដ៏ល្អ។”
  • “ទី៣- ឯងអាច​កែតម្រូវកំហុសឆ្គង ដែលឯង ប្រព្រឹត្តិដោយ​ប្រការណាមួយ។”
  • “ទី៤- ត្រូវយល់ថា ចំណែកដែលជាវត្ថុមានតម្លៃបំផុត ជាបណ្តូលដែល​ស្ថិតក្នុងខ្លួន​របស់​ឯង។”
  • “ទី៥- គ្រប់ទីដែលគេយកឯងទៅប្រើ ត្រូវបន្សល់នូវស្នាមរបស់ឯងជានិច្ច។ ឯងត្រូវ​បន្ត​សរសេរ ទោះ​ស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ។”
ខ្មៅដៃស្តាប់ យល់ ហើយសន្យា​នឹងប្រតិបត្តិតាម វាចូល​ទៅក្នុងប្រអប់ដោយចារិកនូវ គោលការណ៍ ចម្បងទាំងប្រាំក្នុងបេះដូង។ ឥឡូវ សាកល្បងជំនួសខ្មៅដៃដោយខ្លួនរបស់អ្នកលមើល! ត្រូវចង​ចាំកុំភ្លេចនូវគោលការណ៍ទាំងនេះ នោះអ្នកនឹងក្លាយជាបុគ្គលដ៏អស្ចារ្យមួយរូប។
  • ទី១-- អ្នកអាចធ្វើកិច្ចការធំៗបានច្រើន ប៉ុន្តែអ្នកត្រូវអនុញ្ញាត ឲ្យអ្នក​ដទៃវាយតម្លៃពី​សមត្ថភាព និង ទេពកោសល្យ​ដែលអ្នកមាន។
  • ទី២-- អ្នកនឹងជួបប្រទះនិងឆ្លងកាត់សេចក្តីលំបាក និង​ការឈឺចាប់ជាច្រើន​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក ប៉ុន្តែ អ្នកត្រូវការបទ​ពិសោធន៍ទាំងនោះ​ជាចាំបាច់​ដើម្បី​ធ្វើឲ្យ អ្នករឹងមាំ​ជាងមុន។
  • ទី៣--អ្នកអាចកែតម្រូវកំហុសឆ្គង ដែលអ្នកបាន​ប្រព្រឹត្តិដោយប្រការ​ណាមួយ ប៉ុន្តែអ្នកត្រូវ​​ទទួល ស្គាល់នូវកំហុស​ទាំងនោះជាមុន។
  • ទី៤-- ត្រូវយល់ថា ចំណែកដែល​​ជាវត្ថុមានតម្លៃបំផុត ស្ថិតក្នុងខ្លួន​របស់អ្នក ជា​ចំណេះដឹង បទពិសោធន៍ អត្តចរិក ផ្នត់គំនិត និងទស្សនៈ​របស់អ្នក។
  • ទី៥-- គ្រប់ផ្លូវដែលអ្នកដើរ អ្នកត្រូវបន្សល់នូវស្នាមជើងរបស់អ្នក។​ អ្នកត្រូវបន្សល់​នូវ​សមិទ្ធិផល ឬ​ភាពជោគជ័យ នៃកិច្ចការដែលអ្នកបានធ្វើ។ ទោះជាស្ថិតក្នុង​កាលៈទេសៈ​ណា​ក៏ដោយ អ្នកត្រូវ បំពេញភារកិច្ច​ឲ្យអស់ពីកម្លាំងកាយចិត្ត។
ចូរឲ្យរឿន​និទានពីខ្មៅដៃនេះ លើកទឹកចិត្តអ្នកឲ្យជំនះការលំបាក និងសេចក្តីឈឺចាប់​ទាំងឡាយ​ដែល អ្នក នឹងឆ្លងកាត់ក្នុង​មួយដំណើរ​ជីវិតនេះ។ មានកិច្ចការ​ជាច្រើនរងចាំអ្នក កុំទុកបណ្តោយឲ្យ ជីវិតរបស់​អ្នកឲ្យដើរតាម យថាកម្ម៕

ឈ្នះ​គ្រប់គ្រា





ប្រែសំរួលដោយៈ តេង សំអាន
ប្រភពៈ រឿងនិទានបរទេស

គ្រាមួយ​មានក្សត្រមួយអង្គ បានហៅអស់មន្រ្តីឲ្យ​ចូលគាល់ ដើម្បីពិភាក្សារិះរក យុទ្ធសាស្រ្ត ដែល​អាចឲ្យ​ព្រះអង្គ​យកជ័យជំនះបានគ្រប់ស្ថានការណ៍ និង កាលៈទេសៈ ។ ព្រះអង្គបាន​សួរទៅមន្ត្រី​ម្តង​ម្នាក់ៗ ប៉ុន្តែ ចម្លើយដែលទទួលបានមិនអាចធ្វើឲ្យ ទ្រង់ពេញចិត្តឡើយ។ ការសួរបន្ត ដល់​វេន​មន្រ្តីចំណាស់ម្នាក់ មន្រ្តីរូបនោះក៏សរសេរ កូនសំបុត្រ​តូចមួយ រួចហើយ​យកទៅថ្វាយ។ ពេលនោះ​ព្រះអង្គក៏សួរថា “តើនេះ ជាគំនិត ដែល​អាច​យក​ឈ្នះបាន​គ្រប់ស្ថានការណ៍ និងកាលៈទេសៈ​របស់​លោកឬ?”

មន្រ្តីចំណាស់ក៏ទូលថ្វាយ “ពិតប្រាកដ​ណាស់ ប៉ុន្តែព្រះអង្គមិនអាច​បើកមើល សំបុត្រ នេះ ទេ​​បើមិន​ទាន់កាលៈទេសៈចុងក្រោយនោះ”។ ថ្វីបើ​ព្រះអង្គមាន​ការងឿង​ឆ្ងល់ តែមិន ដេញដោលសួរ​បន្ត​ឡើយ ដោយ​ព្រះអង្គឈ្វេង​យល់ថា​ប្រហែលគ្មាន​យុទ្ធសាស្រ្ត ឬ គំនិយនោះឡើយ។

ចំណេរកាលមក សង្រ្គាមបានផ្ទុះ​ឡើងក្នុងនគររបស់ព្រះអង្គ។ ព្រះអង្គបាន​ច្បាំង ចាញ់ បាក់ទ័ព ហើយរត់គេច​ព្រះកាយ​ទៅដល់មាត់ជ្រោះមួយ។ ខណៈដែល​សត្រូវកាន់តែខិត មកជិតដល់ និង​អស់​សង្ឃឹមផងនោះ ព្រះអង្គក៏គិតប៉ង​ធ្វើអត្តឃាត ជាជាងឲ្យ​សត្រូវ​ចាប់​បាន។ រំពេចនោះ ព្រះអង្គ​ក៏នឹកឃើញដល់សំបុត្រដែល​មន្ត្រីចំណាស់ថ្វាយ ព្រះអង្គ ក៏បើកសំបុត្រនោះមើល។ ក្នុងសំបុត្រ​ពុំមានយុទ្ធសាស្រ្ត​អស្ចារ្យអ្វីឡើយ ក្រៅពីពាក្យ មួយឃ្លាថា “អ្វីៗនាពេលនេះ នឹងកន្លងហួស”។ គ្រាកំពុង​ភិតភ័យផង ត្រិះរិះផង ស្រាប់ តែកងទ័ពជំនួយរបស់ព្រះអង្គ​បានមកដល់ ហើយជួយ​ច្បាំង​យកជ័យ​លើទ័ពសត្រូវបាន។ បណ្តាមេទ័ពក៏យាងព្រះអង្គ​ឲ្យចូលមកកាន់ព្រះនគរវិញ។ នៅយប់​បន្ទាប់មក ព្រះអង្គបាន រៀបចំពិធីជប់លៀងយ៉ាងអធិកអធម មានម្ហូបរាប់មុខ មានស្រា មានតន្រ្តី និងចម្រៀងកំដរ យ៉ាងទ្រហឹងអឺងកង លាយឡំនិងសំណើចវោហារ ក៏ដូចជាពាក្យ​ជូនពរ​របស់​ក្រុម​មន្រ្តី។ ពេលកំពុងសប្បាយនិងជ័យជំនះក្នុងចំណោមមនុស្សយ៉ាងកុះករនោះ ព្រះអង្គ​បាននឹក ឃើញដល់ខ្លឹមសារក្នុងកូនសំបុត្រម្តងទៀត។ ព្រះអង្គក៏នឹកត្រិះថា “អ្វីៗនាពេលនេះ នឹង​កន្លង​ហួស បើអញ្ចឹង ការសប្បាយពេលនេះ ក៏នឹងកន្លងហួសដែរ......”

ទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ងាយស្រួលក៏ដោយ ក្នុងភាពរីករាយក្តី ក្នុងភាព​សៅហ្មងក្តី អ្វីៗដែលអ្នកជួបក្នុងគ្រានេះ នឹងកន្លងហួស។ យុទ្ធសាស្រ្តយកឈ្នះ​គ្រប់ស្ថានការណ៍ ក្នុងរឿង​ព្រេង​នេះ គឺ "អ្នកអ្នកមិនត្រូវបណ្តោយខ្លួនឲ្យធ្លាក់ក្នុងភាពអស់សង្ឃឹមឡើយ អ្នកត្រូវតែ​​មាន​សង្ឃឹម និង​សុទិដ្ឋិនិយម​​ចំពោះការប្រែប្រួល​នៅពេល​ខាងមុខ"៕

មែក​មួយ​ត្រួយ​ពីរ





ប្រែសម្រួលដោយៈ តេង សំអាន
ប្រភពៈ អត្ថបទអប់រំបរទេស

កាលគ្រាមួយមានបុរសពីរនាក់ ជាបងប្អូនបង្កើតនឹងគ្នា។ បុរសច្បងជាកម្មករ និង ជាអ្នក​ប្រមឹក​ចំណែក​ប្អូន ជាមេធាវីដ៏ល្បីម្នាក់។ នៅពេលដែលអ្នកឯទៀតសួរបុរសច្បងថា "ហេតុអ្វីបាន​ជាអ្នក ក្លាយជាមនុស្សប្រមឹកយ៉ាងដូច្នេះ?" គាត់ឆ្លើយថា "ឪពុករបស់ខ្ញុំ ជាអ្នកពូកែផឹកស្រាម្នាក់។ ខ្ញុំយក តម្រាប់តាមឱពុករបស់ខ្ញុំ។ "  ស្រដៀងគ្នាដែរ នៅពេលដែលអ្នកឯទៀតសួរសំណួរទៅកាន់ បុរស ជាប្អូនថា "ហេតុអ្វីបានជាអ្នកក្លាយជាមេធាវីដ៏ល្បីអញ្ចឹង?" គាត់ឆ្លើយថា "ឪពុកខ្ញុំជាអ្នកប្រមឹក ម្នាក់។ ខ្ញុំមិនចូលចិត្តការណ៍គាត់តែងតែស្រវឹងរាល់ថ្ងៃ។ ខ្ញុំស្អប់សភាពបែបនោះ ទើបខ្ញុំខិតខំរៀន និង​ធ្វើការ រហូតបានក្លាយជាមេធាវី។"

បុរសបងបានក្លាយជាជនប្រមឹក ដោយសារយកគំរូតាមឪពុក។ បុរសប្អូន ក្លាយជាមេធាវី ក៏ព្រោះ តែមិនចូលចិត្តនឹងគំរូរបស់ឳពុក។ តើឪពុក អាចជម្រុញឲ្យពួកគេដើរទៅកាន់ផ្លូវផ្សេងគ្នា យ៉ាង​ម៉េច ទៅ?  ការពិតនោះវាសនារបស់ពួកគេនៅលើវិថីផ្សេងគ្នា ជាបញ្ច័យ នៃទស្សនៈដែលពួកគេមាន ចំពោះ​ឥរិយាបទ អត្តចរិក និង ការរស់នៅរបស់ឳពុកខ្លួន។

នេះគ្រាន់តែជាឧទាហរណ៍​ យ៉ាងសមញ្ញមួយអំពីហេតុនៃការយល់ឃើញ ទង្វើ និងបញ្ច័យ នៃអ្វី​ដែល​​យើងនឹងប្រព្រឹត្តិដោយហេតុខាងដើម។ ការ យល់ឃើញ ឬ គិតគូរបានត្រឹមត្រូវ នឹងនាំឲ្យ​អ្នកដើរទៅរកផ្លូវមួយប្រកបដោយភាពសុខដុម និង រីករាយ។ តើបើអ្នកគិត ហើយយល់មិនបាន​ត្រឹម​ត្រូវ វានាំអ្នកទៅរកផ្លូវមួយផ្សេងទៀតជាពុំខាន៕

ស្រលាញ់​ពេក





ប្រែសម្រួលដោយ តេង សំអាន
ប្រភពៈ រឿងនិទានចិន
សម្រាប់ជាការពិចារណា


កាលមួយនៅក្នុងប្រទេសចិន មានគ្រួសារមួយមានទ្រព្យសម្បត្តិ ច្រើនគួរសម។ គ្រួសារនេះ មាន​កូនប្រុសម្នាក់។ ឪពុកម្តាយស្រឡាញ់កូនប្រុសម្នាក់នេះណាស់ មិនដែលឲ្យធ្វើការអ្វី​ធ្ងន់ ហើយ​តែង​ផ្គាប់ចិត្តកូន​ជានិច្ច។

នៅពេលកូនមានជម្លោះជាមួយក្មេងដទៃ ឪពុកម្តាយតែងចេញមុខជួយការពារជានិច្ច។ កូន​ប្រុស​កាលបើ បានឪពុកម្តាយកាន់តែទម្រើស ក៏កាន់តែបានចិត្ត។ កូននោះចេញទៅ លេង​ល្បែង ជាប់​បំណុលគេ... ពួកគេតែងដើរសងជំនួសជានិច្ច។

ទោះបើវ័យកាន់តែចាស់ កូនប្រុសរូបនោះមិនគិតប្រកបកិច្ចការរកស៊ីនឹងគេឡើយ គិត​ដើរ​លេង ផឹក​ស៊ី និងលេងល្បែង។ ក្រោយមក ឪពុកក៏ស្លាប់ចោល។ ទោះបីគាត់កាន់តែ​មានការ​លំបាក ក្នុង​ការ​គ្រប់គ្រងគ្រួសារ ម្តាយមិនដែលរអ៊ូរ និងនៅតែទម្រើសកូន​ប្រុស​នោះ​ដដែល។

ពេលមួយ កូនប្រុសផឹកស្រវឹង ក៏បានចាប់កូនស្រីម្ចាស់ទៀមស្រារំលោភ... ម្តាយក៏ ចេញ​មុខការពារ ដោយសូកចៅក្រមផង សុខចិត្តសងជម្ងឺចិត្តផង។ ក្រោយហេតុការណ៍ នេះ កូន​ប្រុស​ក៏កាន់​តែបាន​ចិត្ត នឹងតែងបង្ករឿង និងជម្លោះជាមួយអ្នកដទៃ ជារឿយៗ។

ថ្ងៃមួយ កូនប្រុសនោះ មានជម្លោះ នឹងបានជ្រុលដៃសម្លាប់ ជាមួយអ្នកជិតខាងម្នាក់។ គាត់ ក៏ត្រូវ​បាន​គេចាប់ខ្លួន។ ម្តាយ ក៏ប្រមូលទ្រព្យសម្បត្តិដែលមានទាំងអស់ ដើម្បីយកទៅ សូក​ប៉ាន់​ដើម្បី​ដោះលែងកូន។

គាត់អាចរត់ការកូនប្រុសដោយជោគជ័យ ប៉ុន្តែជាលក្ខខណ្ឌ កូននោះមិនអាចរស់នៅក្នុង​ស្រុក​នោះ​ទៀតទេ។ ក្រោយពេលរត់ទៅនៅស្រុកផ្សេង ដោយមិនចេះ ធ្វើការរកស៊ីអ្វីនឹង គេ ក៏តាំងចាប់ផ្តើម​ដើរលួច ឆក់ប្លន់ពីគេ នឹងបានក្លាយជាចោរសាហាវឃោឃៅម្នាក់។

ក្រោយមក រាជការក៏ចាប់បាន នឹងសម្រេចកាត់ទោសប្រហារជីវិត។ ម្តាយ អស់លទ្ធភាព នឹងជួយ ប៉ុន្តែតាំងចិត្តនឹងធ្វើគ្រប់បែបយ៉ាងដើម្បីកូន។ ពេលគេយកកូនប្រុស ទៅដល់ ទីលានប្រហារជីវិត គាត់បានរត់ទៅលត់ជង្គង់អង្វរអ្នកកាត់ក្តី ដើម្បីសុំមើលមុខកូនប្រុស គាត់ជាលើកចុងក្រោយ។

នៅពេលទៅដល់មុខកូនប្រុស កូនប្រុសក៏និយាយថា “ម៉ែ! បើម៉ែស្រលាញ់កូន ម៉ែអាច ឱប ខ្ញុំបាន​ទេ?” ម្តាយក៏ធ្វើតាមទាំងទឹកភ្នែករហាម... ពេលនោះកូនប្រុសគាត់ ក៏យកស្មាឃឹស គាត់ដួល ហើយ​និយាយថា “ម៉ែ អើយ! ហេតុតែម៉ែស្រលាញ់ខ្ញុំ ទើបខ្ញុំក្លាយជាបែបនេះ! ពេលខ្ញុំឈ្លោះជាមួយគេ ម៉ែ​ថាត្រូវ! ពេលខ្ញុំវាយគេ ម៉ែក៏ថាត្រូវ! ពេលខ្ញុំលួចប្លន់គេ ម៉ែក៏ថា មិនខុស!... ម៉ែដឹងទេ បើម៉ែកុំ​ស្រលាញ់​​ខ្ញុំបែបនេះ ខ្ញុំមិន​មានថ្ងៃនេះឡើយ...”៕


“សូមកុំឲ្យក្តីស្រលាញ់ដែលគេផ្តល់ឲ្យអ្នក ក្លាយទៅទោសកំហុសឲ្យសោះ!!!”

មើល​មិន​ឃើញ​ល្អ





ប្រែសម្រួលដោយ តេង សំអាន


បុរសម្នាក់ជា​ព្រានព្រៃ បានរើស​បាន​កូន​ឆ្កែមួយ​ក្បាល។ វា​មាន​​សំបុរ​ស​ស្អាត និង​ចេះ​​រក​សត្វ​ផង។ លើស​​ពីនេះ គាត់​បាន​ព្យាយាម​បង្ហាត់​វា ឲ្យ​មាន​​សមត្ថភាព​​ពិសេស​មួយ គឺ​វា​អាច​រត់​លើ​ទឹក​បាន ទៀតផង។

ដោយ​ចង់​បង្ហាញ​សមត្ថភាព​ឆ្កែ​របស់​គាត់ គាត់​បាន​បបួល​មិត្តភក្តិ​ម្នាក់​​ឲ្យទៅ​បរ​បាញ់​ប្រវឹក​ជាមួយ។ នៅ​ពេល​បាញ់ត្រូវ គាត់​ប្រើឆ្កែនោះ​ឲ្យទៅ​រើសយក​មក។ ថ្ងៃនោះ​ឆ្កែរបស់​គាត់​បាន​រត់​ទៅ រត់​មក ជញ្ជូន​​ប្រវឹក​ឲ្យម្ចាស់។

រៀប​នឹង​ត្រលប់​មក​ផ្ទះវិញ គាត់​ក៏​សួរ​ទៅ​មិត្តភក្តិ​របស់​គាត់​ដោយ​មិន​អស់​ចិត្ត ដោយ​ក្តីរំពឹង​ចង់​​លឺ​ការ​​សរសើរ​ចេញ​ពី​មាត់​មិត្ត​ភក្តិ នូវ​សមត្ថភាព​នៃឆ្កែ​របស់​គាត់ ថា "សម្លាញ់! ឯង មាន​កត់​​សម្គាល់​​អ្វីជា​ពិសេស​ពីឆ្កែ​របស់​គ្នា​ទេ?"
មិត្ត​របស់​គាត់​ក៏ឆ្លើយ​តបវិញ​ថា "មាន​តើ! ខ្ញុំ​កត់​សម្គាល់​ថា ឆ្កែ​របស់​ឯង​មិន​ចេះ​ហែល​​ទឹកសោះ!!!"


"មាន​ពេល​ខ្លះមនុស្ស​យើង​សម្លឹង​ឃើញ​តែភាព​អវិជ្ជមាន​ប៉ុណ្ណោះ ហេតុ​នេះកុំឲ្យ ការ​មើលឃើញ របៀបនេះ​ក្លាយ​ជា​ឧបសគ្គ ចំពោះ​កិច្ចការ​ដែល​អ្នក​ខិតខំ​ប្រឹងប្រែង​ធ្វើ!"

សីលធម៌​វិជ្ជាជីវៈ





ប្រែសម្រួលដោយៈ តេង សំអាន
ប្រភពៈ រឿងនិទានបរទេស

គ្រាមួយ មានស្ត្រីចំណាស់​ និងមានទ្រព្យសម្បត្តិម្នាក់។ គាត់មានជម្ងឺភ្នែក ដែលធ្វើឲ្យ​គាត់ពុំ​អាច​មើល​​អ្វី​ឃើញ។ គាត់ប្រកាស​រកគ្រូពេទ្យ ដើម្បីព្យាបាល​ ដោយ​សន្យា​នឹង ផ្តល់កម្រៃ​យ៉ាងច្រើនដល់​អ្នកដែល​ព្យាបាលភ្នែក​គាត់ជា។

គ្រានោះ​ មានគ្រូពេទ្យម្នាក់​ធានាព្យាបាលភ្នែក​របស់គាត់។ គ្រូពេទ្យនោះ មកព្យាបាល ជា​រៀង​រាល់​ថ្ងៃ។ គាត់បានពន្យាពេល​ធ្វើឲ្យភ្នែកស្រ្តីចំណាស់សះស្បើយ ដោយគាត់ តែងជញ្ជូន ​គ្រឿង​សង្ហារឹម​មានតម្លៃ​របស់លោកយាយចំណាស់នៅរៀងរាល់​ពេល​ដែល​គាត់ មកព្យាបាល។

គាត់ជញ្ជូន​រហូតដល់​អស់​របស់​មានតម្លៃ។ ពេលនោះ​ភ្នែករបស់ស្ត្រីចំណាស់ក៏សះ​ស្បើយ។ ពេល​នោះ​​​គ្រូពេទ្យរូបនោះ​បានទាមទារ​ថ្លៃព្យាបាល​ដូច​ដែលបានសន្យា។ ស្រ្តីចំណាស់ មិនព្រម​បង់​ថ្លៃ​ព្យាបាល​ទៅតាមការសន្យាឡើយ។ ពេលនោះគ្រូពេទ្យ រូបនោះក៏ទៅប្តឹង។

ចៅក្រម​​ក៏សួរទៅស្ត្រីចំណាស់ពីមូលហេតុ​ដែលគាត់មិនព្រម​បង់ថ្លៃព្យាបាល​ទៅតាមការ​សន្យា។ គាត់់​ក៏ឆ្លើយទៅចៅក្រម​ថា “ខ្ញុំមិនបង់ទេ ព្រោះលោកគ្រូពេទ្យ​ព្យាបាលខ្ញុំមិនជា​ឡើយ”។ ចៅក្រម​ក៏​ដណ្តឹង​​សួរទៀតថា “តែ​លោកយាយ​អាចមើលឃើញវិញហើយតើ!” គ្រូពេទ្យ កាល​បើ​បាន​ឮ​សំណួរ​​​នេះ មានអារម្មណ៍សប្បាយយ៉ាងខ្លាំង។ លោកយាយ​ក៏តបវិញថា “ពិតមែនតែខ្ញុំមើលឃើញ តែ​​មិន​មែនជាសះស្បើយទាំងស្រុងឡើយ លោកចៅក្រម។ ខ្ញុំមិនទាន់មើល​ឃើញ គ្រឿងសង្ហារឹម​មាន​តម្លៃ​របស់​ខ្ញុំនៅឡើយទេ! ”

ចៅក្រមក៏សម្រេចឲ្យលោកយាយឈ្នះក្តីនោះ៕

មន្ទិល និង អំពើ​ល្អ





ថ្ងៃមួយយុវជនម្នាក់ បានធ្វើដំណើរតាមរទេះសេះ។ គាត់អង្គុយជិតជីដូនម្នាក់។ ពេល​ធ្វើ​ដំណើរ​បាន​មួយ​សន្ទុះ គាត់​ក៏ផ្តើមសួរទៅកាន់ជីដូន “លោក​យាយ អញ្ជើញ​ទៅណាដែរ?” លោក​យាយ​ក៏​តប​ថា “យាយ​នាំកូនចៅទៅធ្វើបុណ្យនៅឯវត្ត។” យុវជនក៏និយាយបន្ត “លោកយាយ! ខ្ញុំ​ល្បី​ថា​ការ​ចាត់​ចែង​​ចំណាយ​នៅវត្តនោះ ធ្វើមិនបានត្រឹមត្រូវទេ។ មានអ្នកលួចកឹបកេងយកបច្ច័យ។ លោក​យាយ​ទៅ​​ធ្វើបុណ្យនៅទីនោះធ្វើអ្វីទៅ? អ្វីដែលលោកយាយធ្វើមិនបាន​កើតជា​ផលអ្វីទេ? សម័យ​នេះ​មាន​អ្នកយកបុណ្យធ្វើជំនួញ។

ចៅប្រុស! យាយក៏ដឹងខ្លះដែរ។ តែបើយាយនៅតែ​មានមន្ទិល និង​ក្តី​ទោមនស្ស​នឹង​ទាន​ដែល​យាយ​ធ្វើថាគេនឹងយកទៅប្រើប្រាស់បែបណា យាយ​ប្រាកដ​ជា​ខក​ខាន​មិន​បានធ្វើបុណ្យឡើយ។ បើ​យើងចង់ធ្វើទាន យើងត្រូវជម្រះមន្ទិលទាំងអស់ជាមុន។

អរគុណលោកយាយ! ចៅយល់ហើយ។

Tuesday, August 15, 2017

ឃ្លាគុណកិរិយា





ឃ្លាគុណកិរិយា ជាឃ្លារណបដែលយើងប្រើជា គុណកិរិយា ពោលគឺវាបង្ហាញទំនាក់ទំនងដូចជា៖
១. កាល
២. ទី
៣. បំនែប
៤. លក្ខខណ្ឌ
៥. ហេតុ
៦. ផល
៧. កម្មវត្ថុ
៨. ការសន្មត
៩. ភាពផ្ទុយ
១០. ធៀប

Monday, August 14, 2017

Gerund, infinitive និង participle ក្នុងភាសាខ្មែរ





... (Verbal) ជាពាក្យដែលមានកំណើតចេញពីកិរិយាសព្ទ ប៉ុន្តែគេប្រើវាជា នាម គុណនាម ឬ​គុណកិរិយា។ វាមានដូចជា ... (gerund) ... (infinitive) និង ... (participle)។

... (gerund)

វាកើតមកពីបុព្វបទ ការ + កិរិយាសព្ទ ។ ជាទូទៅ យើងប្រើវាជា នាម។
ឧទាហរណ៍៖
ខ្ញុំចូលចិត្តការអាន
ការហែលទឹកជាចំណង់ចំណូលចិត្តខ្ញុំ។

... (infinitive)

វាជាទម្រង់កិរិយាសព្ទតែម្តង ប៉ុន្តែយើងប្រើវាជា នាម គុណនាម ឬគុណកិរិយា។
ឧទាហរណ៍៖
ខ្ញុំចូលចិត្តអាន។ (នាម)
ហែលទឹកជាចំណង់ចំណូលចិត្តខ្ញុំ។ (នាម)
ខ្ញុំទិញសៀវភៅសរសេរមួយ។ (គុណនាម)
លំហាត់នេះពិបាកធ្វើណាស់។ (គុណកិរិយា)

... (participle)

វាជាទម្រង់កិរិយាសព្ទតែម្តង ប៉ុន្តែយើងប្រើវាជា គុណនាម។
ឧទាហរណ៍៖
ខ្ញុំរកឃើញសោរបាត់ពីម្សិលមិញ
កុំព្យូទ័រជាម៉ាស៊ីនប្រើជួយការងារយើង

កំណត់សម្គាល់៖ នៅក្នុង​ភាសាខ្មែរ បើ​យោង​តាម​ខ្ញុំបាទបានធ្វើការ​ស្រាវជ្រាវ គឺ​គ្មាន​ការ​និយាយ​វែកញែក​លើ​ចំណុច​ទាំង​អស់​នេះ​ទេ... ម្ល៉ោះហើយ​ខ្ញុំ​បាទសូម​ទុក​ឈ្មោះ​របស់​វា​ឲ្យ​នៅ​ទំនេរ​សិន​ចុះ។ 
បើ​លោក​អ្នក​មាន​យោបល់​យ៉ាងណា សូម​លើក​មក​ពិភាក្សាតាមការគួរ។

Tuesday, August 1, 2017

តើព្រះមហាក្សត្រសម័យអង្គរយាងចេញពីព្រះរាជវាំងយ៉ាងដូចម្តេច?





ព្រះមហាក្សត្រធៀបបាននឹងអាទិទេព ជាស្តេចនៃអាណាចក្រ។ បើតាមលោក ជីវ តាក្វាន់ (គ.ស. ១៣១២) សរសេរនៅក្នុងកំណត់ត្រារបស់លោក “ទំនៀមទំលាប់នៃអ្នកចេនឡា [Zhenla Fengtu Ji]” ថា៖
    នៅពេលដែលព្រះមហាក្សត្រយាងចេញពីព្រះបរមរាជវាំង ក្បួន​ដំណើរ​ត្រូវ​ដឹកនាំ​ដោយ​ទាហាន​មួយ​ក្រុម បន្ទាប់មកគឺទង់ជ្វាលា បដា និងតន្ត្រី។ ភិលាងដែលស្លៀកពាក់ព៌ណភ្លឺ សៀត​ផ្កា​លំអរ​សក់និងមានទានក្នុងដៃ បួនឬប្រាំរយនាក់ ផ្តុំគ្នាជាជួរដាច់ពីគ្នា។ គេ​ដុត​ទាន​ទាំង​នោះទោះនៅពេលថ្ងៃក្តី។ បន្ទាប់​មក​មាន​ស្ត្រីមួយ​ក្រុម​ផ្សេង​ទៀត​ដែល​កាន់​ថូរមាស​និង​ប្រាក់​ពីវាំង​និងគ្រឿងលំអរ​ជាច្រើន​ដែលមានក្បាច់រចនាពិសេស ដែល​ការប្រើប្រាស់​វា​ចំឡែក​សម្រាប់ខ្ញុំ។ បន្ទាប់មកមានស្ត្រីមួយក្រុមផ្សេងទៀត ដែលជាអង្គរក្សរាជវាំង កាន់​ខែល​និង លំពែង។ ក្រុមទាំងនេះក៏ចែកជាជួរដាច់គ្នាដែរ។ បន្ទាប់មកទៀត មាន​រទេះ​អូសដោយ​ពពែ​ឬសេះដែលសុទ្ធតែលំអរដោយមាស។ មន្ត្រីធំនិងរាជបុត្រគង់ឬជិះដំរី ដែល​នាំមុខ​ដោយ​អ្នកកាន់ក្លស់ក្រហម។ នៅបន្ទាប់មកទៀត យាងមកដល់នូវក្រុមមេហសីនិងស្រីស្នំ ខ្លះ​ជិះ​គ្រែ​ស្នែង និងខ្លះជិះរទេះ ឬក៏ជិះសេះឬដំរីដែលអមដោយក្លស់ពណ៌មាសរាប់រយ។ ក្បួនបន្ទាប់គឺ ព្រះ​មហាក្សត្រ ទ្រង់គង់ឈរត្រង់លើដំរី និងមានកាន់ព្រះខ័នសាកសិទ្ធិក្នុងព្រះហស្ថ។ ដំរី​ដែល​មានភ្លុកស្រោបមាសនេះ អមដោយអ្នកកាន់ក្លស់ពណ៌សដងពណ៌មាសចំនួន២០។ ព័ទ្ធ​ជុំវិញ​ដំរីព្រះទីនាំងទ្រង់ គឺអមដោយអង្គរក្សដំរីដែលឈរប្រកៀកគ្នា និង​ក្រុម​ទាហាន​សម្រាប់​ការពារ​ជាច្រើនទៀត ធ្វើដំណើរជាផែនៗ (ជីវ តាក្វាន់, ១៣១២, ៧២)។