សព្ទនាមជាអ្វី?
សព្ទនាម ជាពាក្យប្រើជំនួស ឬជាពាក្យតំណាងនាម ដូចជា ខ្ញុំ អ្នក ឯង គាត់ នាង ព្រះអង្គ ជាដើម។
លក្ខណៈពិសេសនៃសព្ទនាម
សព្ទនាមមានលក្ខណៈសម្គាល់បីយ៉ាងគឺ បុរិសៈ វចនៈ និងភេទ។
បុរិសៈ
លក្ខណៈនេះចង្អុលបង្ហាញថាតើសព្ទនាមជាអ្នកធ្វើអ្វី។ បើសព្ទនាមមួយសំដៅទៅអ្នកដែលកំពុងនិយាយ យើងហៅវាថា បឋមបុរិសៈ ចំណែកសព្ទនាមដែលគេនិយាយទៅរក យើងហៅថាមជ្ឈឹមបុរិសៈ និងសព្ទនាមដែលគេលើកមកនិយាយអំពី យើងហៅថាឧត្តមបុរិសៈ។
វចនៈ
សព្ទនាមអាចតំណាងនាមមួយឬលើសពីមួយ។ កាលបើវាតំណាងឲ្យនាមមួយ វាជាឯកវចនៈ។ កាលបើវាតំណាងឲ្យនាមមានចំនួនលើសពីមួយ វាជាពហុវចនៈ។
ឯកវចនៈ ពហុវចនៈ
បឋមបុរិសៈ ខ្ញុំ អត្មាភាព... ពួកខ្ញុំ យើង ពួកយើង...
មជ្ឈឹមបុរិសៈ ឯង អ្នក លោក ពួកអ្នក ពួកលោក ទាំងអស់គ្នា
ឧត្តមបរិសៈ គាត់ នាង វា ព្រះអង្គ ពួកគេ ពួកវា ពួកនាង
ភេទ
សព្ទនាម អាចបែងចែកជាភេទ ប្រុស ស្រី និងអព្យាក្រឹត្យផងដែរ។
ប្រភេទនៃសព្ទនាម
បុរិសសព្ទនាម
បុរិសសព្ទនាមចែកជា បឋមបុរិសៈ មជ្ឈឹមបុរិសៈ និងឧត្តមបុរិសៈ។
- បឋមបុរិសៈ -- ខ្ញុំ ខ្ញុំបាទ យើង យើងខ្ញុំ អត្មាភាព អញ...។
- មជ្ឈឹមបុរិសៈ -- ឯង លោក អ្នក នាង អា ហង...។
- និងឧត្តមបុរិសៈ -- វា គាត់ គេ នាង ព្រះអង្គ លោក...។
និទស្សនៈ/វិសេសនៈសព្ទនាម
ជាសព្ទនាមដាក់ជំនួសនាមដោយចង្អុលបង្ហាញនូវបុគ្គល សត្វ វត្ថុ ដែលគេពណ៌នា។
ឧទាហរណ៍ នោះ នុះ នេះ ឯនេះ ឯណោះ...។
បញ្ច័យសព្ទនាម (ចាស់)/ សព្ទនាមឈ្នាប់
សព្ទនាមដែលគេយកទៅដាក់ពីមុខល្បះជាជំនួសនាមឬសព្ទនាមនៃប្រយោគមុន ហើយមានបញ្ច័យទាក់ទងទៅនឹងប្រយោគដែលនាមឬសព្ទនាមស្ថិតនៅ។ ឧទាហរណ៍ ដែល។
ស្រ្តីដែលខ្ញុំឃើញមានប្រាជ្ញាវាងវៃ។
បុច្ឆាសពន្ទនាម / សព្ទនាមសំណួរ
សព្ទនាមសម្រាប់សួរគ្នាទៅវិញទៅមក។ ឧទាហរណ៍
តើអ្នកយល់យ៉ាងណា?
តើអ្នកចង់បានអ្វី?
អ្នកណានុះ?
ហេតុអ្វីក៏អ្នកមករកខ្ញុំ?
ហេតុដូចម្តេចបានជាអ្នកមិនសួរខ្ញុំ?
អនិយមសព្ទនាម / សព្ទនាមមិនច្បាស់
សព្ទនាមដែលហៅបុគ្គល សត្វ ឬវត្ថុ មានលំនាំមិនសូវច្បាស់លាស់ មានសភាពទូទៅ អនិយម។
ឧទាហរណ៍ គេ ម្នាក់ៗ បុគ្គល អ្នកឯទៀត អ្នកណា គ្មាន អ្នកនោះ មនុស្សខ្លះ ឯណា ដទៃ ណាមួយ ផ្សេង ទៀត ដូចម្តេច ពួកខ្លះ អ្នកខ្លះ ខ្លះ ទាំងពួង ទាំងអស់ ទាំងមូល ទាំងស្រុង អ្នកណា អ្វី ឯទៀត។
មុខងាររបស់សព្ទនាម
ប្រធាន
- គាត់កំពុងជូតផ្ទះ។
- ពួកគេកំពុងលេងបាល់។
កម្មបទ
- ខ្ញុំសួរគាត់។
- ពួកគេបានមកជួបខ្ញុំ។
កម្មបទនៃនិបាត
- នាងចង្អុលទៅកាន់ពួកគេ។
- វាសំខាន់ណាស់សម្រាប់គាត់។
កម្មបំពេញបទ
- ផ្ទះនេះជារបស់គាត់។
- អ្នកធ្វើគឺនាង។
ឯកសារពិគ្រោះ
- រ៉ាយប៊ុក (១៩៥៥). ខេមរវេយ្យាករណ៍
No comments:
Post a Comment