Wednesday, August 17, 2016

គុណនាម





តើគុណនាមជាអ្វី? 

គុណនាម ឬ គុណសព្ទគឺជាសំដីដែលប្រាប់ដំណើរនាមសព្ទឲ្យឃើញលក្ខណៈផ្សេងៗ ដូចពាក្យថា ខ្មៅ, ស, តូច, ធំ, វែង, ខ្លី, ខ្ពស់, ទាប, វៀច, ត្រង់ ជាដើម ។

ប្រភេទនៃគុណនាម

គុណនាម​ចែកចេញជា​ ៦ ប្រភេទ។

គុណនាមគុណសព្ទ

ជាពាក្យដែលបន្ថែមទៅលើនាមសព្ទដើម្បីនឹងសម្គាល់នូវគុណសម្បត្តិនៃនាមសព្ទនោះ។ គុណនាម​គុណសព្ទប្រាប់អំពី
 គុណភាព​ឬស្ថានភាព ឧ. មាន ក្រ សុខ ភ្លឺ ទំនើប ជឿនលឿន ។ល។
រូបរាង ឧ. ស្អាត សង្ហា ទាប ខ្ពស់ សម ។ល។
បុគ្គលិកលក្ខណៈ ឧ. ស្មោះត្រង់ រួសរាយ ឧស្សាហ៍ កំណាញ់ ។ល។
អារម្មណ៍ ឧ. សប្បាយ តប់ប្រមល់ ឈឺ រំភើប។ល។
ទ្រង់ទ្រាយ ឧ. មូល ទ្រវែង ចតុកោណ ពងក្រពើ វែង ខ្លី ។ល។
ទំហំ ឧ. តូច ធំ ទូលាយ ចង្អៀត ។ល។
ផ្ទៃ ឧ. រលោង គ្រើម រលាក់ មុត ស្រួច រិល ។ល។
ពណ៌ ឧ. ក្រហម លឿង បៃតង ស្វាយ ស ខ្មៅ ខៀវ ។ល។

សាមិសម្ព័ន្ធគុណសព្ទ

ជាសព្ទនាមដែលបញ្ជាក់អំពីម្ចាស់របស់ ដូចជា ខ្ញុំ ឯង វា គាត់ យើង អ្នក អ្នកទាំងអស់គ្នា។ល។ សូម​មើលឧទាហរណ៍ខាងក្រោម។
នោះជាផ្ទះខ្ញុំ។ = នោះជាផ្ទះរបស់ខ្ញុំ។
គោគាត់មានពណ៌ចំប៉ា។ = គោរបស់គាត់មានពណ៌ចំប៉ា។

បុច្ឆាគុណសព្ទ

គឺជាគុណនាមសម្រាប់សួរ ដូចជា
តើ អ្នកមកតើមានការអ្វី?
ធម៌អរិយសច្ច តើគឺជាអ្វី?
តើអ្នកអាយុប៉ុន្មាន?

និទស្សនៈគុណសព្ទ

ជាគុណសព្ទដែលសម្រាប់បង្ហាញបុគ្គល សត្វ ឬវត្ថុដែលគេពោល និយាយ ឬពណ៌នា។ ទិទស្សនៈ​គុណសព្ទគឺ នេះ នោះ។ សូមមើលឧទាហរណ៍ខាងក្រោម។
តុនេះថ្លៃណាស់។
ផ្ទះនោះធំណស់។

អនិយមគុណសព្ទ

ជាគុណសព្ទដែលបង្ហាញឬបញ្ជាក់នាមដោយមិនច្បាស់លាស់ មិនបញ្ចេញឲ្យប្រាកដូចជាពាក្យ៖ ទាំងអស់ ទាំងនេះ ទាំងនោះ និមួយ ច្រើន ខ្លះ។ល។
សិស្សទាំងអស់រៀននៅក្នុងថ្នាក់។
មនុស្សខ្លះល្ងង់តែធ្វើជាចេះ។

សំខ្យាគុណសព្ទ

ជាគុណសព្ទសម្រាប់ដាក់បន្ទាប់ពីនាមដោយបញ្ជាក់នូវបរិមាណ។ គេចែកវាជាពីរគឺ បកតិសំខ្យា​គុណនាម និងបូរណសំខ្យាគុណនាម។ បកតិសំខ្យាគុណនាម ប្រាប់ឲ្យដឹងចំនួនរបស់នាម ដូចជា មួយ ពីរ បី ជាដើម។ បូរណសំខ្យាគុណនាម រាប់នាមបង្រ្គាប់ជាជាន់ ឬលំដាប់ ដូចជា ទីមួយ ទីពីរ ទីបី។ល។

មុខងារ​នៃគុណនាម

គុណនាម​បញ្ជាក់​ន័យ​ឲ្យ​នាម ដូច​នេះ​គេអា​ប្រើ​ជា​ផ្នែក​មួយ​នៃ​កន្សោម​នាម​ឬ​ជា​កម្ម​បំពេញ​បទ។

ប្រើក្នុង​កន្សោម​នាម

ឧ. គាត់​មាន​ផ្ទះ​ធំ។ 

ប្រើ​ជា​កម្ម​បំពេញ​បទ


ឧ. ព័ត៌មាន​ធ្វើ​ឲ្យ​គាត់​ខឹង​សម្បារ

Sunday, June 5, 2016

សព្ទនាម





សព្ទនាមជាអ្វី? 

សព្ទនាម ជាពាក្យប្រើជំនួស ឬជាពាក្យតំណាងនាម ដូចជា ខ្ញុំ អ្នក ឯង គាត់ នាង ព្រះអង្គ ជាដើម។

លក្ខណៈពិសេសនៃសព្ទនាម 

សព្ទនាមមានលក្ខណៈសម្គាល់បីយ៉ាងគឺ បុរិសៈ វចនៈ និងភេទ។

បុរិសៈ 

លក្ខណៈនេះចង្អុលបង្ហាញថាតើសព្ទនាមជាអ្នកធ្វើអ្វី។ បើសព្ទនាមមួយសំដៅទៅអ្នកដែលកំពុងនិយាយ យើងហៅវាថា បឋមបុរិសៈ ចំណែកសព្ទនាមដែលគេនិយាយទៅរក យើងហៅថាមជ្ឈឹមបុរិសៈ និងសព្ទនាមដែលគេលើកមកនិយាយអំពី យើងហៅថាឧត្តមបុរិសៈ។

វចនៈ 

សព្ទនាមអាចតំណាងនាមមួយឬលើសពីមួយ។ កាលបើវាតំណាងឲ្យនាមមួយ វាជាឯកវចនៈ។ កាលបើវាតំណាងឲ្យនាមមានចំនួនលើសពីមួយ វាជាពហុវចនៈ។ ឯកវចនៈ ពហុវចនៈ បឋមបុរិសៈ ខ្ញុំ អត្មាភាព... ពួកខ្ញុំ យើង ពួកយើង... មជ្ឈឹមបុរិសៈ ឯង អ្នក លោក ពួកអ្នក ពួកលោក ទាំងអស់គ្នា ឧត្តមបរិសៈ គាត់ នាង វា ព្រះអង្គ ពួកគេ ពួកវា ពួកនាង

ភេទ 

សព្ទនាម អាចបែងចែកជាភេទ ប្រុស ស្រី និងអព្យាក្រឹត្យផងដែរ។

ប្រភេទនៃសព្ទនាម 

បុរិសសព្ទនាម 

បុរិសសព្ទនាមចែកជា បឋមបុរិសៈ មជ្ឈឹមបុរិសៈ និងឧត្តមបុរិសៈ។
  • បឋមបុរិសៈ -- ខ្ញុំ ខ្ញុំបាទ យើង យើងខ្ញុំ អត្មាភាព អញ...។ 
  • មជ្ឈឹមបុរិសៈ -- ឯង លោក អ្នក នាង អា ហង...។ 
  • និងឧត្តមបុរិសៈ -- វា គាត់ គេ នាង ព្រះអង្គ លោក...។ 

និទស្សនៈ/វិសេសនៈសព្ទនាម 

ជាសព្ទនាមដាក់ជំនួសនាមដោយចង្អុលបង្ហាញនូវបុគ្គល សត្វ វត្ថុ ដែលគេពណ៌នា។ ឧទាហរណ៍ នោះ នុះ នេះ ឯនេះ ឯណោះ...។

បញ្ច័យសព្ទនាម (ចាស់)/ សព្ទនាមឈ្នាប់

សព្ទនាមដែលគេយកទៅដាក់ពីមុខល្បះជាជំនួសនាមឬសព្ទនាមនៃប្រយោគមុន ហើយ​មានបញ្ច័យទាក់ទងទៅនឹងប្រយោគដែលនាមឬសព្ទនាមស្ថិតនៅ។ ឧទាហរណ៍ ដែល។ ស្រ្តីដែលខ្ញុំឃើញមានប្រាជ្ញាវាងវៃ។

បុច្ឆាសពន្ទនាម / សព្ទនាមសំណួរ

 សព្ទនាមសម្រាប់សួរគ្នាទៅវិញទៅមក។ ឧទាហរណ៍ តើអ្នកយល់យ៉ាងណា? តើអ្នកចង់បានអ្វី? អ្នកណានុះ? ហេតុអ្វីក៏អ្នកមករកខ្ញុំ? ហេតុដូចម្តេចបានជាអ្នកមិនសួរខ្ញុំ?

អនិយមសព្ទនាម / សព្ទនាមមិនច្បាស់

សព្ទនាមដែលហៅបុគ្គល សត្វ ឬវត្ថុ មានលំនាំមិនសូវច្បាស់លាស់ មានសភាពទូទៅ អនិយម។ ឧទាហរណ៍ គេ ម្នាក់ៗ បុគ្គល អ្នកឯទៀត អ្នកណា គ្មាន អ្នកនោះ មនុស្សខ្លះ ឯណា ដទៃ ណាមួយ ផ្សេង ទៀត ដូចម្តេច ពួកខ្លះ អ្នកខ្លះ ខ្លះ ទាំងពួង ទាំងអស់ ទាំងមូល ទាំងស្រុង អ្នកណា អ្វី ឯទៀត។

មុខងាររបស់សព្ទនាម 

ប្រធាន 

  • គាត់កំពុងជូតផ្ទះ។ 
  • ពួកគេកំពុងលេងបាល់។ 

កម្មបទ 

  • ខ្ញុំសួរគាត់។ 
  • ពួកគេបានមកជួបខ្ញុំ។ 

កម្មបទនៃនិបាត 

  • នាងចង្អុលទៅកាន់ពួកគេ។ 
  • វាសំខាន់ណាស់សម្រាប់គាត់។ 

កម្មបំពេញបទ 

  • ផ្ទះនេះជារបស់គាត់។ 
  • អ្នកធ្វើគឺនាង។ 

ឯកសារពិគ្រោះ 

  • រ៉ាយប៊ុក (១៩៥៥). ខេមរវេយ្យាករណ៍

នាម





១. នាមជាអ្វី?

នាម ឬនាមសព្ទ ជាពាក្យសម្គាល់ឈ្មោះមនុស្ស សត្វ រុក្ខជាតិ ឬវត្ថុ។ ជាឧទាហរណ៍ សំ​ ជានាម​សម្គាល់​មនុស្ស, អាលុក​ ជានាម​សម្គាល់សត្វ, ស្វាយ ជានាម​សម្គាល់​រុក្ខជាតិ, និង​ ទូរស័ព្ទ ជានាម​សម្គាល់​វត្ថុ។

២. ប្រភេទនៃនាម

 នាមមានពីរប្រភេទធំៗគឺ នាមសាធារណ៍ ឬសមញ្ញនាម (common nouns) និងនាមអសាធារណ៍ ឬវិសមញ្ញនាម (proper noun)។

ក. នាមសាធារណ៍ 

នាមសាធារណ៍ ជាឈ្មោះសម្គាល់ជាទូទៅ មិនចំពោះនរណាម្នាក់ឬវត្ថុណាមួយជាក់លាក់ទេ ឧ. បុរស នារី រថយន្ត ទន្លេ សមុទ្រ។ល។ អ្នកប្រាជ្ញខាងវេយ្យាករណ៍ លោកបានចែកនាម​សាធារណ៍​ជាក្រុមតូចៗទៀតដូចជា៖
  • ពហុនាម – ពហុនាមជាឈ្មោះសម្គាល់ក្រុម ឬហ្វូង។ 
  • រូបីនាម– នាមដែលអាចមើលឃើញឬចាប់បាន ដូចជា តុ កៅអី មនុស្ស... 
  • អរូបីនាម  – នាមដែលមិនអាចមើលឃើញឬចាប់បាន ដូចជា តុ កៅអី មនុស្ស... 
  • សមាសនាម – នាមដែលកើតចេញពីការផ្សំនៃពាក្យពីរឬលើសពីនេះ។ 
  • នាមនាម –  កើតពីពាក្យជាកិរិយាសព្ទឬគុណសព្ទ ថែម សេចក្តីពីមុខដូចជា សេចក្តីក្រើន សេចក្តីល្អ។ 

ខ. នាមអសាធារណ៍

 នាមអសាធារណ៍ ជាឈ្មោះសម្គាល់មនុស្ស សត្វ ទីកន្លែង ឬវត្ថុណាមួយ។វាជា​ឈ្មោះ​សម្គាល់​នៃ​នាមសាធារណ៍ ឧ. សំ ធីតា តូយ៉ូតា មេគង្គ ប៉ាស៊ីភិច។ល។

៣. លក្ខណៈពិសេសរបស់នាម

 នាមមានលក្ខណៈសម្គាល់ធំៗបីគឺ បុរស វចនៈ និងលិង្គ ។

ក. បុរស 

លក្ខណៈ​សម្គាល់​មួយ​នេះ​ចង្អុល​បង្ហាញ​ថា​អ្នកណា​កំពុងធ្វើអ្វី។ អ្នក​ដែល​កំពុង​និយាយ​ជា​បុរស​ទី​មួយ អ្នក​ដែល​កំពុង​ស្តាប់ជា​បុរស​ទីពីរ រីឯ​អ្នក​ដែល​បុរសទីមួយ​និង​ទី​ពីរ​កំពុង​លើក​មក​ជជែក​ជា​បុរស​ទី​បី។

ខ. វចនៈ 

លក្ខណៈ​សម្គាល់​មួយ​នេះ​ចង្អុល​បង្ហាញ​ពី​ចំនួន​ឬបរិមាណ​របស់នាម។ នាម​ដែល​មាន​ចំនួន​តែ​មួយ​ឬតិច​ជាង​មួយជា នាមឯកវចនៈ រីឯនាម​ដែល​មាន​ចំនួន​លើស​ពី​មួយ​ជា​នាម​ពហុ​វចនៈ។

គ. លិង្គ 

លក្ខណៈ​សម្គាល់​មួយ​នេះ​ចង្អុល​បង្ហាញ​ពីភេទ​របស់​នាម។ ប៉ុំលិង្គ ជា​នាម​ដែល​សម្គាល់​ភេទ​ប្រុស ឳពុក មា កុមារា លោកគ្រូ...។ ឥថីលិង្គ ជា​នាម​ដែល​សម្គាល់​ភេទ​ស្រី ម្តាយ មីង បងស្រី កុមារី...។ នបំសលិង្គ ជា​នាម​ដែល​សម្គាល់​ភាវៈឬវត្ថុគ្មាន​ភេទ ឬ​អព្យាក្រឹត្យ ដូចជា កុមារ ​តុ  កៅអី ... ។

៤.មុខងារ​របស់នាម

នាមមានមុខងារមួយចំនួននៅក្នុងល្បះដូចជា •

ក. ប្រធាន 

  • សុកទៅសាលា។ 
  • និស្សិតកំពុងរៀន។

ខ. កម្មបទ

  • ខ្ញុំអានសៀវភៅ។ 
  • ម្តាយខ្ញុំកំពុងសំអាតផ្ទះ

គ. កម្មបទនៃនិបាត 

  • សំអង្គុយលើរទេះ។ 
  • តោរស់ក្នុងព្រៃ

ឃ. កម្មបំពេញបទ 

  • o សំជាសិស្ស។ 
  • o ចំណេះជាស្ពាន

ង. គុណនាម 

  • ពួកគេជាសិស្សសាលា។ 
  • និស្សិតពេទ្យកំពុងការពារនិក្ខេបបទ។

ច. គុណកិរិយា 

  • ខ្ញុំទៅផ្ទះ។ 
  • បងស្រីបានទៅផ្សារ។ 
-ចប់-

Saturday, June 4, 2016

ថ្នាក់ពាក្យ





ពាក្យដែលយើងប្រើប្រាស់រាល់ថ្ងៃត្រូវបានបែងចែកជា ៨ ក្រុមគឺ៖
  • នាមសព្ទ – ជា​ឈ្មោះសម្គាល់​មនុស្ស​ សត្វ​ ឬ​របស់​អ្វីមួយ។
  • សព្ទនាម – ជា​ពាក្យ​ប្រើជំនួស​ ឬប្រើតំណាង​នាម។
  • គុណនាម – ជាពាក្យ​ដែល​បង្ហាញ​ឬបញ្ជាក់លក្ខណៈ​របស់​នាម ឬសព្ទនាម។
  • កិរិយាសព្ទ – ជា​ពាក្យ​ដែល​សម្តែង​នូវ​អំពើ ឬ​បង្ហាញ​ពីភាពឬសភាព​អ្វីមួយ។
  • គុណកិរិយា – ជាពាក្យ​ដែល​បង្ហាញ​ឬបញ្ជាក់​លក្ខណៈ​កិរិយាសព្ទ គុណនាម ឬគុណកិរិយា​ឯទៀត។
  • និបាត (ធ្នាក់) – ជាពាក្យ​ដែល​បង្ហាញ​ទំនាក់ទំនង​រវាង​នាម​ពីរ។
  • សន្ធាន (ឈ្នាប់) – ជាពាក្យ​ប្រើសម្រាប់​ភ្ជាប់ពី ពាក្យមួយទៅពាក្យមួយ ឃ្លាមួយទៅឃ្លាមួយ ឬល្បះ​មួយទៅល្បះមួយទៀត។
  • ឧទានសព្ទ – ជាពាក្យ​ដែល​បង្ហាញ​នូវ​អារម្មណ៍​ភ្ញាក់ផ្អើល រំភើប ភ័យ ខ្លាច ខឹង ។ល។

វេយ្យាករណ៍





តើវេយ្យាករណ៍ជាអ្វី?



លោក រ៉ាយ ប៊ុក (១៩៥៥) បាន​ឲ្យ​និយមន័យថា វេយ្យាករណ៍ជាវិជ្ជាមួយ​ដែល​បង្ហាត់​បង្រៀន​យើង​ឲ្យ​ពោល​ឬសសេរពាក្យកុំឲ្យ​ខុស។ វេយ្យាករណ៍ជាគម្ពីរ​ប្រាប់​គោល​នៃភាសា ឬមូលរបស់ភាសា។