ភាសាខ្មែរ
ស្វែងយល់អំពីខ្មែរ
Sunday, August 20, 2017
សំណងល្អ និង សំណាងអាក្រក់
ប្រែសម្រួលដោយ តេង សំអាន
ដកស្រង់ចេញពីសៀវភៅៈ "Born To Win" និពន្ធដោយ Boris Vene និង Nikola Grubisa
កាលពីបុរាណកាល ដ៏យូរលង់មួយក្នុងប្រទេសចិន មានកសិករចំណាស់ម្នាក់។ គាត់មានទ្រព្យ និង របស់របរប្រើប្រាស់ច្រើនគួរសម មានសេះដ៏ស្អាតមួយក្បាល និងមានកូនប្រុសប្រកបដោយគន្លងធម៌ម្នាក់ ដែលជាទីច្រណែន នៃអ្នកភូមិផង។
ថ្ងៃមួយសេះរបស់គាត់បានលោតចេញពីក្រោល ហើយរត់ចូលទៅក្នុងព្រៃបាត់។ ក្រោយពីឮថាគាត់ បាត់សេះ អ្នកជិតខាងគាត់ក៏បានមកផ្ទះរបស់គាត់ដើម្បីលួងលោមគាត់។ ពួកគេនិយាយទៅកាន់ គាត់ថា "ហេតុអ្វីក៏សំណាងអាក្រក់ម្ល៉េះ?" កសិករចំណាស់កាលបើបានឮហើយ ក៏តបយ៉ាងសាមញ្ញ វិញថា "ហេតុអ្វីក៏អ្នកដឹងថា វាជាសំណាងអាក្រក់សម្រាប់ខ្ញុំ?"
រំលងពីរបីសប្តាហ៍ក្រោយមក សេះរបស់គាត់ដែលស្រេកឃ្លាន ក៏បានត្រលប់មកវិញ ដើម្បីស៊ីចំណី ដែលវាធ្លាប់ស៊ីក្នុងក្រោល។ អ្វីដែលនឹកស្មានមិនដល់នោះ សេះនោះថែមទាំងបាននាំសេះព្រៃ ជាច្រើនក្បាលមកជាមួយវាផង។ ដំណឹងនេះបានឮដល់អ្នកភូមិ ពួកគេក៏មកជួបគាត់ដើម្បីអបអរ ដល់គាត់ដែលបានទទួលនូវលាភថ្មីនេះ។ ពួកគេអះអាងថា ជាសំណាងដ៏ធំសម្រាប់កសិករ ចំណាស់ ក៏ប៉ុន្តែនៅពេលឮពាក្យទាំងនេះ គាត់គ្រាន់តែតបថា "ហេតុអ្វីបានជាអ្នកដឹងថា ជាសំណាងរបស់ខ្ញុំ?"
ច្រើនខែកន្លងហួសទៅ ថ្ងៃមួយនៅពេលដែលកំពុងបង្ហាត់សេះថ្មី កូនប្រុសរបស់គាត់បានធ្លាក់ពី លើខ្នងសេះ ហើយមានរបួសជាទម្ងន់។ គ្រូពេទ្យប្រាប់ទៅគាត់ថា កូនប្រុសតែមួយរបស់គាត់ នឹងពិការអស់មួយជីវិត។ បន្ទាប់ពីឭដំណឹងដ៏អកុសលនេះ អ្នកភូមិបានមកជួយលួងលោម នឹង បង្ហាញក្តីអាណិតអាសូរចំពោះកសិករចំណាស់។ នៅពេលឮអ្នកភូមិនិយាយថា វាជាសំណាង ដ៏ អាក្រក់ដែលកូនប្រុសតែមួយធ្លាក់ខ្លួនពិការ គាត់មិនអស់សង្ឃឹម ហើយតបវិញយ៉ាងសុទិដ្ឋិនិយម និងទឹកមុខញញឹម ថា "ហេតុអ្វីបានជាអ្នកដឹងថា វាជាសំណាងដ៏អាក្រក់?"
ក្រោយមកមិនយូរប៉ុន្មាន ស្រុកទេសក៏កើតកលយុគ។ ព្រះរាជាបានបញ្ជាឲ្យគេ ដើរកែនទាហាន ពីគ្រប់ទីកន្លែងដើម្បីយកទៅច្បាំង។ ប្រុសៗក្នុងភូមិរបស់គាត់ក៏ជាប់ក្នុងកំណែននោះដែរ។ ដោយ សារពិការភាព កូនប្រុសរបស់គាត់មិនត្រូវបានជ្រើសរើសឡើយ។ សង្រ្គាមបានបញ្ចប់ តែដំណឹងដ៏គួរឲ្យរន្ធត់មួយបានមកដល់ភូមិរបស់គាត់ ទាហានដែលកែនទៅ ទាំងប៉ុន្មានបានពលីក្នុងសមរភូមិអស់ទៅហើយ គ្មាននរណាម្នាក់អាចត្រលប់មកវិញឡើយ។
ទោះបីស្ថិតក្នុងជីវភាពលំបាក កសិករចំណាស់ នឹងកូនប្រុស បានបន្តរស់យ៉ាងសុខសាន្តនៅ ក្នុងភូមិរបស់គាត់។
-------------------------------------------------
តើអ្វីជាតម្លៃក្នុងរឿងនេះ?
"អ្វីដែលកើតឡើងចំពោះយើង មិនសុទ្ធតែល្អ ឬ អាក្រក់ឡើយ។ នៅពេលដែលអ្នកបានទទួលរបស់ម្យ៉ាង អ្នកក៏បានបាត់បង់របស់ ម្យ៉ាង នៅពេលជាមួយគ្នាដែរ។ " គប្បីមានសុទិដ្ឋិនិយម និង សង្ឃឹមជានិច្ច!!!!
ខ្មៅដៃដ៏ល្អ
ប្រែសម្រួលដោយៈ តេង សំអាន
ប្រភពៈ រឿងនិទានអប់រំបរទេស
អ្នកផលិតខ្មៅដៃម្នាក់បានកំពុងរៀប ខ្មៅដៃដាក់ក្នុងប្រអប់។ រៀបនឹង ដាក់ គាត់បាន និយាយ ទៅកាន់ខ្មៅដៃនោះថា “ឯងនឹង ចូលទៅកាន់ ពិភពលោកដ៏ ធំនាពេលដ៏ខ្លី ខាងមុខ។ បើឯងចង់ ក្លាយ ជាខ្មៅដៃដែល ល្អជាងគេបំផុត ឯងត្រូវដឹងគោលការណ៍ ៥ ហើយ ត្រូវចងចាំជានិច្ច!”

- “ទី១- ឯងអាចធ្វើកិច្ចការអស្ចារ្យបានច្រើន ប៉ុន្តែឯងត្រូវឲ្យស្មេរកាន់ខ្លួនរបស់ឯងក្នុងដៃគេ។ ”
- “ទី២- ឯងនឹងទទួលបទពិសោធន៍ឈឺចាប់ម្តងហើយម្តងទៀត ដោយសារការចិត ឬខួង ក៏ប៉ុន្តែ ឯងចាំបាច់ត្រូវតែទទួលដើម្បីក្លាយជាខ្មៅដៃដ៏ល្អ។”
- “ទី៣- ឯងអាចកែតម្រូវកំហុសឆ្គង ដែលឯង ប្រព្រឹត្តិដោយប្រការណាមួយ។”
- “ទី៤- ត្រូវយល់ថា ចំណែកដែលជាវត្ថុមានតម្លៃបំផុត ជាបណ្តូលដែលស្ថិតក្នុងខ្លួនរបស់ឯង។”
- “ទី៥- គ្រប់ទីដែលគេយកឯងទៅប្រើ ត្រូវបន្សល់នូវស្នាមរបស់ឯងជានិច្ច។ ឯងត្រូវបន្តសរសេរ ទោះស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ។”
- ទី១-- អ្នកអាចធ្វើកិច្ចការធំៗបានច្រើន ប៉ុន្តែអ្នកត្រូវអនុញ្ញាត ឲ្យអ្នកដទៃវាយតម្លៃពីសមត្ថភាព និង ទេពកោសល្យដែលអ្នកមាន។
- ទី២-- អ្នកនឹងជួបប្រទះនិងឆ្លងកាត់សេចក្តីលំបាក និងការឈឺចាប់ជាច្រើនក្នុងដំណើរជីវិតរបស់អ្នក ប៉ុន្តែ អ្នកត្រូវការបទពិសោធន៍ទាំងនោះជាចាំបាច់ដើម្បីធ្វើឲ្យ អ្នករឹងមាំជាងមុន។
- ទី៣--អ្នកអាចកែតម្រូវកំហុសឆ្គង ដែលអ្នកបានប្រព្រឹត្តិដោយប្រការណាមួយ ប៉ុន្តែអ្នកត្រូវទទួល ស្គាល់នូវកំហុសទាំងនោះជាមុន។
- ទី៤-- ត្រូវយល់ថា ចំណែកដែលជាវត្ថុមានតម្លៃបំផុត ស្ថិតក្នុងខ្លួនរបស់អ្នក ជាចំណេះដឹង បទពិសោធន៍ អត្តចរិក ផ្នត់គំនិត និងទស្សនៈរបស់អ្នក។
- ទី៥-- គ្រប់ផ្លូវដែលអ្នកដើរ អ្នកត្រូវបន្សល់នូវស្នាមជើងរបស់អ្នក។ អ្នកត្រូវបន្សល់នូវសមិទ្ធិផល ឬភាពជោគជ័យ នៃកិច្ចការដែលអ្នកបានធ្វើ។ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ្នកត្រូវ បំពេញភារកិច្ចឲ្យអស់ពីកម្លាំងកាយចិត្ត។
ឈ្នះគ្រប់គ្រា
ប្រែសំរួលដោយៈ តេង សំអាន
ប្រភពៈ រឿងនិទានបរទេស
គ្រាមួយមានក្សត្រមួយអង្គ បានហៅអស់មន្រ្តីឲ្យចូលគាល់ ដើម្បីពិភាក្សារិះរក យុទ្ធសាស្រ្ត ដែលអាចឲ្យព្រះអង្គយកជ័យជំនះបានគ្រប់ស្ថានការណ៍ និង កាលៈទេសៈ ។ ព្រះអង្គបានសួរទៅមន្ត្រីម្តងម្នាក់ៗ ប៉ុន្តែ ចម្លើយដែលទទួលបានមិនអាចធ្វើឲ្យ ទ្រង់ពេញចិត្តឡើយ។ ការសួរបន្ត ដល់វេនមន្រ្តីចំណាស់ម្នាក់ មន្រ្តីរូបនោះក៏សរសេរ កូនសំបុត្រតូចមួយ រួចហើយយកទៅថ្វាយ។ ពេលនោះព្រះអង្គក៏សួរថា “តើនេះ ជាគំនិត ដែលអាចយកឈ្នះបានគ្រប់ស្ថានការណ៍ និងកាលៈទេសៈរបស់លោកឬ?”
មន្រ្តីចំណាស់ក៏ទូលថ្វាយ “ពិតប្រាកដណាស់ ប៉ុន្តែព្រះអង្គមិនអាចបើកមើល សំបុត្រ នេះ ទេបើមិនទាន់កាលៈទេសៈចុងក្រោយនោះ”។ ថ្វីបើព្រះអង្គមានការងឿងឆ្ងល់ តែមិន ដេញដោលសួរបន្តឡើយ ដោយព្រះអង្គឈ្វេងយល់ថាប្រហែលគ្មានយុទ្ធសាស្រ្ត ឬ គំនិយនោះឡើយ។
ចំណេរកាលមក សង្រ្គាមបានផ្ទុះឡើងក្នុងនគររបស់ព្រះអង្គ។ ព្រះអង្គបានច្បាំង ចាញ់ បាក់ទ័ព ហើយរត់គេចព្រះកាយទៅដល់មាត់ជ្រោះមួយ។ ខណៈដែលសត្រូវកាន់តែខិត មកជិតដល់ និងអស់សង្ឃឹមផងនោះ ព្រះអង្គក៏គិតប៉ងធ្វើអត្តឃាត ជាជាងឲ្យសត្រូវចាប់បាន។ រំពេចនោះ ព្រះអង្គក៏នឹកឃើញដល់សំបុត្រដែលមន្ត្រីចំណាស់ថ្វាយ ព្រះអង្គ ក៏បើកសំបុត្រនោះមើល។ ក្នុងសំបុត្រពុំមានយុទ្ធសាស្រ្តអស្ចារ្យអ្វីឡើយ ក្រៅពីពាក្យ មួយឃ្លាថា “អ្វីៗនាពេលនេះ នឹងកន្លងហួស”។ គ្រាកំពុងភិតភ័យផង ត្រិះរិះផង ស្រាប់ តែកងទ័ពជំនួយរបស់ព្រះអង្គបានមកដល់ ហើយជួយច្បាំងយកជ័យលើទ័ពសត្រូវបាន។ បណ្តាមេទ័ពក៏យាងព្រះអង្គឲ្យចូលមកកាន់ព្រះនគរវិញ។ នៅយប់បន្ទាប់មក ព្រះអង្គបាន រៀបចំពិធីជប់លៀងយ៉ាងអធិកអធម មានម្ហូបរាប់មុខ មានស្រា មានតន្រ្តី និងចម្រៀងកំដរ យ៉ាងទ្រហឹងអឺងកង លាយឡំនិងសំណើចវោហារ ក៏ដូចជាពាក្យជូនពររបស់ក្រុមមន្រ្តី។ ពេលកំពុងសប្បាយនិងជ័យជំនះក្នុងចំណោមមនុស្សយ៉ាងកុះករនោះ ព្រះអង្គបាននឹក ឃើញដល់ខ្លឹមសារក្នុងកូនសំបុត្រម្តងទៀត។ ព្រះអង្គក៏នឹកត្រិះថា “អ្វីៗនាពេលនេះ នឹងកន្លងហួស បើអញ្ចឹង ការសប្បាយពេលនេះ ក៏នឹងកន្លងហួសដែរ......” ។
ទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ងាយស្រួលក៏ដោយ ក្នុងភាពរីករាយក្តី ក្នុងភាពសៅហ្មងក្តី អ្វីៗដែលអ្នកជួបក្នុងគ្រានេះ នឹងកន្លងហួស។ យុទ្ធសាស្រ្តយកឈ្នះគ្រប់ស្ថានការណ៍ ក្នុងរឿងព្រេងនេះ គឺ "អ្នកអ្នកមិនត្រូវបណ្តោយខ្លួនឲ្យធ្លាក់ក្នុងភាពអស់សង្ឃឹមឡើយ អ្នកត្រូវតែមានសង្ឃឹម និងសុទិដ្ឋិនិយមចំពោះការប្រែប្រួលនៅពេលខាងមុខ"៕
មែកមួយត្រួយពីរ
ប្រែសម្រួលដោយៈ តេង សំអាន
ប្រភពៈ អត្ថបទអប់រំបរទេស
កាលគ្រាមួយមានបុរសពីរនាក់ ជាបងប្អូនបង្កើតនឹងគ្នា។ បុរសច្បងជាកម្មករ និង ជាអ្នកប្រមឹកចំណែកប្អូន ជាមេធាវីដ៏ល្បីម្នាក់។ នៅពេលដែលអ្នកឯទៀតសួរបុរសច្បងថា "ហេតុអ្វីបានជាអ្នក ក្លាយជាមនុស្សប្រមឹកយ៉ាងដូច្នេះ?" គាត់ឆ្លើយថា "ឪពុករបស់ខ្ញុំ ជាអ្នកពូកែផឹកស្រាម្នាក់។ ខ្ញុំយក តម្រាប់តាមឱពុករបស់ខ្ញុំ។ " ស្រដៀងគ្នាដែរ នៅពេលដែលអ្នកឯទៀតសួរសំណួរទៅកាន់ បុរស ជាប្អូនថា "ហេតុអ្វីបានជាអ្នកក្លាយជាមេធាវីដ៏ល្បីអញ្ចឹង?" គាត់ឆ្លើយថា "ឪពុកខ្ញុំជាអ្នកប្រមឹក ម្នាក់។ ខ្ញុំមិនចូលចិត្តការណ៍គាត់តែងតែស្រវឹងរាល់ថ្ងៃ។ ខ្ញុំស្អប់សភាពបែបនោះ ទើបខ្ញុំខិតខំរៀន និងធ្វើការ រហូតបានក្លាយជាមេធាវី។"
បុរសបងបានក្លាយជាជនប្រមឹក ដោយសារយកគំរូតាមឪពុក។ បុរសប្អូន ក្លាយជាមេធាវី ក៏ព្រោះ តែមិនចូលចិត្តនឹងគំរូរបស់ឳពុក។ តើឪពុក អាចជម្រុញឲ្យពួកគេដើរទៅកាន់ផ្លូវផ្សេងគ្នា យ៉ាងម៉េច ទៅ? ការពិតនោះវាសនារបស់ពួកគេនៅលើវិថីផ្សេងគ្នា ជាបញ្ច័យ នៃទស្សនៈដែលពួកគេមាន ចំពោះឥរិយាបទ អត្តចរិក និង ការរស់នៅរបស់ឳពុកខ្លួន។
នេះគ្រាន់តែជាឧទាហរណ៍ យ៉ាងសមញ្ញមួយអំពីហេតុនៃការយល់ឃើញ ទង្វើ និងបញ្ច័យ នៃអ្វីដែលយើងនឹងប្រព្រឹត្តិដោយហេតុខាងដើម។ ការ យល់ឃើញ ឬ គិតគូរបានត្រឹមត្រូវ នឹងនាំឲ្យអ្នកដើរទៅរកផ្លូវមួយប្រកបដោយភាពសុខដុម និង រីករាយ។ តើបើអ្នកគិត ហើយយល់មិនបានត្រឹមត្រូវ វានាំអ្នកទៅរកផ្លូវមួយផ្សេងទៀតជាពុំខាន៕
ស្រលាញ់ពេក
ប្រែសម្រួលដោយ តេង សំអាន
ប្រភពៈ រឿងនិទានចិន
សម្រាប់ជាការពិចារណា
កាលមួយនៅក្នុងប្រទេសចិន មានគ្រួសារមួយមានទ្រព្យសម្បត្តិ ច្រើនគួរសម។ គ្រួសារនេះ មានកូនប្រុសម្នាក់។ ឪពុកម្តាយស្រឡាញ់កូនប្រុសម្នាក់នេះណាស់ មិនដែលឲ្យធ្វើការអ្វីធ្ងន់ ហើយតែងផ្គាប់ចិត្តកូនជានិច្ច។
នៅពេលកូនមានជម្លោះជាមួយក្មេងដទៃ ឪពុកម្តាយតែងចេញមុខជួយការពារជានិច្ច។ កូនប្រុសកាលបើ បានឪពុកម្តាយកាន់តែទម្រើស ក៏កាន់តែបានចិត្ត។ កូននោះចេញទៅ លេងល្បែង ជាប់បំណុលគេ... ពួកគេតែងដើរសងជំនួសជានិច្ច។
ទោះបើវ័យកាន់តែចាស់ កូនប្រុសរូបនោះមិនគិតប្រកបកិច្ចការរកស៊ីនឹងគេឡើយ គិតដើរលេង ផឹកស៊ី និងលេងល្បែង។ ក្រោយមក ឪពុកក៏ស្លាប់ចោល។ ទោះបីគាត់កាន់តែមានការលំបាក ក្នុងការគ្រប់គ្រងគ្រួសារ ម្តាយមិនដែលរអ៊ូរ និងនៅតែទម្រើសកូនប្រុសនោះដដែល។
ពេលមួយ កូនប្រុសផឹកស្រវឹង ក៏បានចាប់កូនស្រីម្ចាស់ទៀមស្រារំលោភ... ម្តាយក៏ ចេញមុខការពារ ដោយសូកចៅក្រមផង សុខចិត្តសងជម្ងឺចិត្តផង។ ក្រោយហេតុការណ៍ នេះ កូនប្រុសក៏កាន់តែបានចិត្ត នឹងតែងបង្ករឿង និងជម្លោះជាមួយអ្នកដទៃ ជារឿយៗ។
ថ្ងៃមួយ កូនប្រុសនោះ មានជម្លោះ នឹងបានជ្រុលដៃសម្លាប់ ជាមួយអ្នកជិតខាងម្នាក់។ គាត់ ក៏ត្រូវបានគេចាប់ខ្លួន។ ម្តាយ ក៏ប្រមូលទ្រព្យសម្បត្តិដែលមានទាំងអស់ ដើម្បីយកទៅ សូកប៉ាន់ដើម្បីដោះលែងកូន។
គាត់អាចរត់ការកូនប្រុសដោយជោគជ័យ ប៉ុន្តែជាលក្ខខណ្ឌ កូននោះមិនអាចរស់នៅក្នុងស្រុកនោះទៀតទេ។ ក្រោយពេលរត់ទៅនៅស្រុកផ្សេង ដោយមិនចេះ ធ្វើការរកស៊ីអ្វីនឹង គេ ក៏តាំងចាប់ផ្តើមដើរលួច ឆក់ប្លន់ពីគេ នឹងបានក្លាយជាចោរសាហាវឃោឃៅម្នាក់។
ក្រោយមក រាជការក៏ចាប់បាន នឹងសម្រេចកាត់ទោសប្រហារជីវិត។ ម្តាយ អស់លទ្ធភាព នឹងជួយ ប៉ុន្តែតាំងចិត្តនឹងធ្វើគ្រប់បែបយ៉ាងដើម្បីកូន។ ពេលគេយកកូនប្រុស ទៅដល់ ទីលានប្រហារជីវិត គាត់បានរត់ទៅលត់ជង្គង់អង្វរអ្នកកាត់ក្តី ដើម្បីសុំមើលមុខកូនប្រុស គាត់ជាលើកចុងក្រោយ។
នៅពេលទៅដល់មុខកូនប្រុស កូនប្រុសក៏និយាយថា “ម៉ែ! បើម៉ែស្រលាញ់កូន ម៉ែអាច ឱប ខ្ញុំបានទេ?” ម្តាយក៏ធ្វើតាមទាំងទឹកភ្នែករហាម... ពេលនោះកូនប្រុសគាត់ ក៏យកស្មាឃឹស គាត់ដួល ហើយនិយាយថា “ម៉ែ អើយ! ហេតុតែម៉ែស្រលាញ់ខ្ញុំ ទើបខ្ញុំក្លាយជាបែបនេះ! ពេលខ្ញុំឈ្លោះជាមួយគេ ម៉ែថាត្រូវ! ពេលខ្ញុំវាយគេ ម៉ែក៏ថាត្រូវ! ពេលខ្ញុំលួចប្លន់គេ ម៉ែក៏ថា មិនខុស!... ម៉ែដឹងទេ បើម៉ែកុំស្រលាញ់ខ្ញុំបែបនេះ ខ្ញុំមិនមានថ្ងៃនេះឡើយ...”៕

“សូមកុំឲ្យក្តីស្រលាញ់ដែលគេផ្តល់ឲ្យអ្នក ក្លាយទៅទោសកំហុសឲ្យសោះ!!!”
មើលមិនឃើញល្អ
ប្រែសម្រួលដោយ តេង សំអាន
បុរសម្នាក់ជាព្រានព្រៃ បានរើសបានកូនឆ្កែមួយក្បាល។ វាមានសំបុរសស្អាត និងចេះរកសត្វផង។ លើសពីនេះ គាត់បានព្យាយាមបង្ហាត់វា ឲ្យមានសមត្ថភាពពិសេសមួយ គឺវាអាចរត់លើទឹកបាន ទៀតផង។
ដោយចង់បង្ហាញសមត្ថភាពឆ្កែរបស់គាត់ គាត់បានបបួលមិត្តភក្តិម្នាក់ឲ្យទៅបរបាញ់ប្រវឹកជាមួយ។ នៅពេលបាញ់ត្រូវ គាត់ប្រើឆ្កែនោះឲ្យទៅរើសយកមក។ ថ្ងៃនោះឆ្កែរបស់គាត់បានរត់ទៅ រត់មក ជញ្ជូនប្រវឹកឲ្យម្ចាស់។
រៀបនឹងត្រលប់មកផ្ទះវិញ គាត់ក៏សួរទៅមិត្តភក្តិរបស់គាត់ដោយមិនអស់ចិត្ត ដោយក្តីរំពឹងចង់លឺការសរសើរចេញពីមាត់មិត្តភក្តិ នូវសមត្ថភាពនៃឆ្កែរបស់គាត់ ថា "សម្លាញ់! ឯង មានកត់សម្គាល់អ្វីជាពិសេសពីឆ្កែរបស់គ្នាទេ?"
មិត្តរបស់គាត់ក៏ឆ្លើយតបវិញថា "មានតើ! ខ្ញុំកត់សម្គាល់ថា ឆ្កែរបស់ឯងមិនចេះហែលទឹកសោះ!!!"៕

"មានពេលខ្លះមនុស្សយើងសម្លឹងឃើញតែភាពអវិជ្ជមានប៉ុណ្ណោះ
ហេតុនេះកុំឲ្យ ការមើលឃើញ របៀបនេះក្លាយជាឧបសគ្គ
ចំពោះកិច្ចការដែលអ្នកខិតខំប្រឹងប្រែងធ្វើ!"
សីលធម៌វិជ្ជាជីវៈ
ប្រែសម្រួលដោយៈ តេង សំអាន
ប្រភពៈ រឿងនិទានបរទេស
ប្រភពៈ រឿងនិទានបរទេស
គ្រាមួយ មានស្ត្រីចំណាស់ និងមានទ្រព្យសម្បត្តិម្នាក់។ គាត់មានជម្ងឺភ្នែក ដែលធ្វើឲ្យគាត់ពុំអាចមើលអ្វីឃើញ។ គាត់ប្រកាសរកគ្រូពេទ្យ ដើម្បីព្យាបាល ដោយសន្យានឹង ផ្តល់កម្រៃយ៉ាងច្រើនដល់អ្នកដែលព្យាបាលភ្នែកគាត់ជា។
គ្រានោះ មានគ្រូពេទ្យម្នាក់ធានាព្យាបាលភ្នែករបស់គាត់។ គ្រូពេទ្យនោះ មកព្យាបាល ជារៀងរាល់ថ្ងៃ។ គាត់បានពន្យាពេលធ្វើឲ្យភ្នែកស្រ្តីចំណាស់សះស្បើយ ដោយគាត់ តែងជញ្ជូន គ្រឿងសង្ហារឹមមានតម្លៃរបស់លោកយាយចំណាស់នៅរៀងរាល់ពេលដែលគាត់ មកព្យាបាល។
គាត់ជញ្ជូនរហូតដល់អស់របស់មានតម្លៃ។ ពេលនោះភ្នែករបស់ស្ត្រីចំណាស់ក៏សះស្បើយ។ ពេលនោះគ្រូពេទ្យរូបនោះបានទាមទារថ្លៃព្យាបាលដូចដែលបានសន្យា។ ស្រ្តីចំណាស់ មិនព្រមបង់ថ្លៃព្យាបាលទៅតាមការសន្យាឡើយ។ ពេលនោះគ្រូពេទ្យ រូបនោះក៏ទៅប្តឹង។
ចៅក្រមក៏សួរទៅស្ត្រីចំណាស់ពីមូលហេតុដែលគាត់មិនព្រមបង់ថ្លៃព្យាបាលទៅតាមការសន្យា។ គាត់់ក៏ឆ្លើយទៅចៅក្រមថា “ខ្ញុំមិនបង់ទេ ព្រោះលោកគ្រូពេទ្យព្យាបាលខ្ញុំមិនជាឡើយ”។ ចៅក្រមក៏ដណ្តឹងសួរទៀតថា “តែលោកយាយអាចមើលឃើញវិញហើយតើ!” គ្រូពេទ្យ កាលបើបានឮសំណួរនេះ មានអារម្មណ៍សប្បាយយ៉ាងខ្លាំង។ លោកយាយក៏តបវិញថា “ពិតមែនតែខ្ញុំមើលឃើញ តែមិនមែនជាសះស្បើយទាំងស្រុងឡើយ លោកចៅក្រម។ ខ្ញុំមិនទាន់មើលឃើញ គ្រឿងសង្ហារឹមមានតម្លៃរបស់ខ្ញុំនៅឡើយទេ! ”
ចៅក្រមក៏សម្រេចឲ្យលោកយាយឈ្នះក្តីនោះ៕
Subscribe to:
Posts (Atom)