Sunday, March 26, 2017

ឃ្លាគុណនាម





ឃ្លាគុណនាម គឺជា​ឃ្លារណប​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​គុណនាម​ ដើម្បី​បញ្ជាក់​ន័យ​ឲ្យ​នាម ឬសព្វនាម។
ឃ្លាគុណនាម​ ផ្តើម​ដោយ​សព្វនាម​ឈ្នាប់ "​ដែល"។

សៀវភៅ​ ដែលអ្នកត្រូវការ​ នៅទីនេះ។
គាត់​ជាមនុស្ស​ម្នាក់​ដែល​ខ្ញុំចង់ជួប

Wednesday, March 15, 2017

ឃ្លា





តើ ឃ្លា ជាអ្វី?

ឃ្លា ជាក្រុម​នៃ​ពាក្យ​ដែល​មាន​ប្រធានមួយ​ និង​កិរិយា​មួយ​យាងតិច។ វាអាចក្លាយ​ជាល្បះ កាលណា​យើង​ដាក់​សញ្ញា​បញ្ជាក់​ល្បះ​នៅ​ខាងចុង​បាន​ត្រឹមត្រូវ។ សូមមើល​ឧទាហរណ៍៖
  • គាត់​ជាមនុស្ស​ម្នាក់​ ដែល​ខ្ញុំចូលចិត្ត។
ល្បះ​នេះ​មាន​ឃ្លាពីរ គឺ "គាត់​ជាមនុស្ស​ម្នាក់" និង "ដែលខ្ញុំចូលចិត្ត"។

ប្រភេទនៃឃ្លា

គេ​ចែក​ឃ្លា​ជា​ ២ ប្រភេទគឺ៖ ឃ្លាច្បង និង​ឃ្លារណប។

ឃ្លាច្បង

ឃ្លាច្បង ជាឃ្លាដែល​អាច​ឈរ​តែ​ឯង​ជា​ល្បះ​បាន ពោល​គឺ​វាមានន័យ​ពេញលេញ​អាចស្តាប់​បាន ឧទាហរណ៍ដូចជា៖
  • គាត់ជាមនុស្ស​ម្នាក់។
  • សំ​ជិះក្របី។

ឃ្លារណប

ឃ្លារណប ជា​ឃ្លា​ដែល​មិន​អាច​ឈរ​តែឯងជាល្បះ​ និង​ពុំ​មានន័យ​ពេញលេញ​ដោយ​ខ្លួន​ឯងទេ។ វា​ចាំបាច់ត្រូវ​ភ្ជាប់​ទៅ​នឹង​ឃ្លាច្បង​ណាមួយ​ដើម្បី​ឲ្យ​វា​មានន័យ​ពេញលេញ។ ឃ្លារណប​តែង​ផ្តើម​ដោយ ឈ្នាប់​ណាមួយ។ សូម​មើល​ឧទាហរណ៍៖
  • គាត់ជាមនុស្សម្នាក់ ​ដែល​ខ្ញុំចូលចិត្ត
  • សំជិះក្របី នៅពេលគាត់ទៅស្រែ
គេចែកឃ្លារណប ជាបីប្រភេទ អាស្រ័យ​ទៅតាមការប្រើប្រាស់របស់វាគឺ៖

ឃ្លានាម

  • ការដែល​គាត់កុហក់​មិន​អាចលាក់បាំង​ខ្ញុំបានទេ។

ឃ្លាគុណនាម

  • គាត់ជាមនុស្សម្នាក់ ​ដែល​ខ្ញុំចូលចិត្ត

ឃ្លាគុណកិរិយា

  • សំជិះក្របី នៅពេលគាត់ទៅស្រែ

ល្បះឧទាន





ល្បះឧទាន ជាល្បះ​មួយ​ប្រភេទ​ប្រើសម្រាប់​បង្ហាញ​អារម្មណ៍​ភ្លាមៗ ដូចជាអារម្មណ៍ភ័យខ្លាច ភ្ញាក់ផ្អើល ខឹងសម្បារ ។ល។ សូមមើលឧទាហរណ៍ខាងក្រោម៖
  • ក្តៅម្ល៉េះ!
  • គួរ​ឲ្យ​អាសូរ​ណាស់លោកអើយ!
  • អយុត្តិធម៌ណាស់!

ល្បះសំណួរ





ល្បះ​សំណួរ​ ជា​ប្រភេទ​ល្បះ​ប្រើ​ដើម្បីសួរ​​យក​ព័ត៌មាន​ពី​អ្នក​ដទៃ។ សូមមើល​ឧទាហរណ៍​ខាងក្រោម៖
  • តើលោក​មាន​ឈ្មោះអ្វី?
  • តើឯងដឹង​រឿង​គាត់ទេ?
  • តើលោកស្នាក់នៅឯណា?
សូម​បញ្ជាក់ថា​ ល្បះសំណួរ​បញ្ចប់ដោយ​ដោយ​សញ្ញាសួរ "?"។

ល្បះបញ្ជា





ល្បះបញ្ជា ជាល្បះមួយ​ប្រភេទ​ប្រើ​សម្រាប់​បង្គាប់​ បញ្ជា ឬ​ប្រាប់នរណា​ម្នាក់​ឲ្យ​ធ្វើអ្វី​មួយ។ សូម​មើល​ឧទាហរណ៍ខាងក្រោម៖
  • បើកទ្វារ។
  • កុំនិយាយ​លឺពេក។
សូម​បញ្ជាក់​ថា ល្បះ​បញ្ជា មាន​បុរសទីពីរគឺ "អ្នក ឯង ឬលោក" ជា​ប្រធាន ប៉ុន្តែ​ជានិច្ចកាល យើង​ពុំ​សរសេរ​វា​ទេ (ដូចក្នុងឧទាហរណ៍ខាងលើ)។

Tuesday, March 14, 2017

ធាតុផ្សំនៃល្បះ





ល្បះ​ផ្សំ​ឡើង​ពី​ធាតុផ្សំ​ចំនួន​ប្រាំ​សំខាន់គឺ៖

១. ប្រធាន 

ប្រធាន គឺ​ពាក្យ​ឬក្រុម​នៃពាក្យ​ដែល​បញ្ចេញ​នូវ​អំពើ ឬ​ប្រាប់​ថា​ល្បះ​មួយ​និយាយអំពី​អ្វី។
  • តារា​ជាសិស្ស។
  • ក្មេងៗមួយក្រុម​កំពុង​លេង​បាល់។
  • អ្វី​ដែល​គាត់​ធ្វើ​បាន​ជួយ​ប្រទេស​របស់​គាត់។

២. កិរិយា 

កិរិយា គឺ​ពាក្យ​ឬក្រុម​នៃពាក្យ​ដែល​បញ្ចេញ​នូវ​អំពើ ឬបង្ហាញ​ឲ្យស្គាល់​នូវភាព សភាព ឬលក្ខណៈ។
  • គាត់សើច
  • កុមារីម្នាក់​កំពុង​ច្រៀង
  • ពួកគាត់​ជា​គណនេយ្យករ។

៣. កម្មបទ 

កម្មបទ គឺ​ពាក្យ​ឬក្រុម​នៃពាក្យ​ដែល​រង​អំពើ​ពីសកម្មភាព​របស់​កិរិយាសព្ទ។
  • គាត់​បាន​សរសេរ​សៀវភៅមួយក្បាល
  • អ្នក​គ្រូ​បាន​ជួយ​ខ្ញុំ
  • គាត់​កំពុង​ជួសជុល​ទូរសព្ទ។

៤. កម្មបំពេញបទ​ 

កម្មបំពេញបទ គឺ​ពាក្យ​ឬក្រុម​នៃពាក្យ​ដែលបំពេញន័យ​ឬបញ្ជាក់​លក្ខណៈឲ្យ​ប្រធាន​ឬកម្មបទ។​
  • ពួក​គេ​បាន​ក្លាយ​ជាកីឡាករ​អាជីព
  • គាត់​បាន​លាប​ជញ្ជាំង​ពណ៌ក្រហម

៥. កម្មទេសកាល 

កម្មទេសកាល គឺ​ពាក្យ​ឬក្រុម​នៃពាក្យ​ដែលដើរ​តួនាទី​ជា​កិរិយាសព្ទវិសេសន៍ ពោលគឺ​វាបញ្ជាក់​លក្ខណៈ​ឲ្យ​កិរិយានិង​ប្រាប់​ពី ពេលវេលា ទីកន្លែង មធ្យោបាយ។ល។
  • ពួក​គេ​សរសេរ​បាន​យ៉ាង​ល្អ។ 
  • ខ្ញុំ​ស្នាក់​នៅ​ឯ​ខ្ទម​មួយ​កន្លែង

ល្បះបញ្ជាក់





ល្បះបញ្ជាក់​ ជាប្រភេទ​ល្បះ​ដែល​ប្រើ​សម្រាប់​ផ្តល់​ព័ត៌មាន​ ទាំង​ក្នុងន័យ​វិជ្ជមាន​និង​អវិជ្ជមាន ឲ្យ​អ្នក​ស្តាប់​ឬ​អាន។ ពោល​គឺ​គេ​ចែក​វា​ជា​ពីរ​ប្រភេទ​ល្បះទៀត​គឺ៖

ល្បះ​ស្រប


ឧ. សំ​ជាសិស្ស។
     គាត់​ទៅ​សាលា​ជា​រៀងរាល់ព្រឹក។

ល្បះ​បដិសេធន៍

 ឧ. ពួក​គេ​មិន​នៅ​ផ្ទះ​ទេ។
      ខ្ញុំ​មិន​បាន​ទិញ​ទឹក​មក​ទេ។​

Monday, March 13, 2017

ល្បះ





តើល្បះជាអ្វី?

ដោយ​ខ្ញុំរកពុំទាន់ឃើញ​និយម​ន័យ​ពេញលេញ​នៃ​ល្បះ​បាន ខ្ញុំ​ខ្ចីនិយមន័យ​នៃ​ល្បះ​នៅក្នុង​ភាសា​អង់គ្លេស​ប្រើជាបណ្តោះអាសន្នសិន។
ល្បះ​ គឺ​ជាក្រុម​នៃ​ពាក្យ​ដែល​យ៉ាងតិច​មាន​​ប្រធាន​មួយ និង​កិរិយាសព្ទ​មួយ វា​បញ្ចប់​ដោយ​សញ្ញា​ល្បះ​ណាមួយ (?, !, ។) និង​មាន​ន័យ​ពេញ​លេញ​យ៉ាងយល់​ឬស្តាប់​បាន។

ប្រភេទ​នៃល្បះ

ល្បះ​អាច​បែងចែក​តាម​មុខងារ​ប្រើប្រាស់ ឬ​ក៏ទម្រង់​របស់​វា។​

បំណែង​ចែក​តាម​មុខងារ


បើ​តាម​មុខងារ​ប្រើប្រាស់ គេ​បែង​ចែក​វា​ជា​ ៤ ប្រភេទគឺ៖
  • ល្បះបញ្ជាក់
  • ល្បះសំណួរ​
  • ល្បះបញ្ជា
  • ល្បះឧទាន

បំណែង​ចែក​តាម​ទម្រង់


ផ្ទុយមកវិញ បើ​យោង​លើ​ទម្រង់​របស់​វា គេ​បែង​ចែក​វា​ជា ៤​ប្រភេទ​ដូចគ្នាគឺ៖
  • ល្បះទោល
  • ល្បះក្រង
  • ល្បះផ្សំ
  • ល្បះក្រងផ្សំ

ឯកសារពិគ្រោះ http://www.slideshare.net/RayChoiy/clauses-52128238